ព័ត៌មានជាតិ
អាជ្ញាធរមីន ប្រកាសក្រុង-ស្រុក ៤ នៃខេត្តពោធិ៍សាត់ អស់មីន
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ អាជ្ញាធរមីន បានរៀបចំពិធីអបអរសាទរការប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ជាក្រុង-ស្រុកអស់មីន ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រកាសនេះ មានកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងមានការចូលរួមពីតំណាងរាស្ត្រ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ហើយ សន្តិភាពកើតមានក៏ពិតមែន ប៉ុន្តែវត្តមាន នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយធ្លាប់រងគ្រោះដោយសារសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមខែឧសភា ឆ្នាំ ២០២៣ ខេត្តពោធិ៍សាត់ មានជនរងគ្រោះចំនួន ៣៩៣៥ នាក់ ស្មើនឹង ៦,០៥% និងជាប់ចំណាត់ថ្នាក់ទី ៥ នៃគ្រោះថ្នាក់ទូទាំងប្រទេស បន្ទាប់ពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៦៥០២៥ នាក់។
លោករដ្ឋមន្ត្រី បានបន្តទៀតថា តាំងពីចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗ ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ នៅតាមបណ្ដាប្រទេសកំពុងជួបប្រទះនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងឱកាសនោះ លោក ស៊ុយ សែម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន ដែលបានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមត្ថភាពលើការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានោះ លោក ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សប្បុរសជននានា និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលតែងតែជួយដល់រាជរដ្ឋាភិបាល ផ្ដល់នូវការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំនេះ។
ក្នុងរបាយការណ៍របស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានឲ្យដឹងថា ខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ ១៩៩៣ គ្រាប់មីនប្រឆាំងមនុស្សចំនួន ៨៨.៧២៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤១៤ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៧៩.៣៨៦ គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជា ៥៤.៩១៤.១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ ចម្ការមីន/គ្រាប់ ដោយប្រតិបត្តិករចំនួន ៥ រួមមាន ៖ ស៊ីម៉ាក់ កងកម្លាំងរក្សាសន្តិភាព Halo Trust, MAG និងអង្គការដោះមីនកម្ពុជា (CSHD)។ ក្នុងនោះ ផ្ទៃដីមានមីន/គ្រាប់នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែលត្រូវប្រកាសអស់មីន ចំនួន ៨.៦៨៩.១៦៥ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣.៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៥៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៣.៣៦៦ គ្រាប់។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងក្នុងក្រុងស្រុកចំនួន ៤ នឹងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុកចំនួន ០៣ ទៀត កំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមាន ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០.០៤៩.៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីន និងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃដោយអាជ្ញាធរមីន។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមីនា ឆ្នាំ ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម។ ប៉ុន្តែ ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ កម្ពុជា បន្តនៅសល់ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជា ១៨៨៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ១២.៦០៧ ចម្ការមីន/គ្រាប់ និងមានប្រជាពលរដ្ឋជាង ១,១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនេះ។ ក្នុងនោះ ផ្ទៃដីមានមីន ៥៦៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៩២០ ចម្ការមីន ដែលកម្ពុជា មានមហិច្ឆតាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ។ ដោយឡែក ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមចំនួន ៧២៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៥១៤ ចម្ការគ្រាប់ និងផ្ទៃដីសង្ស័យមានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៩៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣១៧៣ ចម្ការគ្រាប់ យើងនឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ ២០២៥ បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីន។
សម្រាប់ឆ្នាំ ២០២៣ នេះ ដោយមានការតាំងចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ផ្ទៃដីមានមីនប្រមាណជា ៣៥៦ គីឡូម៉ែត្រក្រឡា ត្រូវបានរៀបចំផែនការបោសសម្អាត។ កម្ពុជា នឹងមានរាជធានី-ខេត្តចំនួន ១៨ ត្រូវប្រកាសអស់មីន ហើយក្រោយឆ្នាំ ២០២៣ កម្ពុជា អាចនឹងនៅសល់ផ្ទៃដីមានមីន ដែលបានដឹងខេត្តចំនួន ០៧ រួមមាន ៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានបញ្ហាមីនស្មុគស្មាញ និងហានិភ័យខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា