Connect with us

ព័ត៌មានជាតិ

វិសោធនកម្ម ៖ អ្នកមិនទៅបោះឆ្នោតឆ្នាំ ២០២៣នេះ នឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតចំនួន ៤

បានផុស

នៅ

យោងតាមខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានរដ្ឋសភាអនុម័តទាំង​ស្រុងនៅថ្ងៃនេះ បានកំណត់ថា ករណីដែលមិនបានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នៅឆ្នាំ ២០២៣នេះ គឺពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត នឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតចំនួន ៤ បន្តបន្ទាប់គ្នា។ នេះបើតាមតំណាងរាជរដ្ឋាភិបាល ដែលបានថ្លែងឲ្យដឹងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាជរដ្ឋាភិបាល បានបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្ម ច្បាប់ ស្ដីពី ការបោះឆ្នោតនេះ មានខ្លឹមសារពាក់ព័ន្ធតែលក្ខ​ខណ្ឌសម្រាប់ការឈរឈ្មោះឲ្យគេបោះឆ្នោតប៉ុណ្ណោះ ពោលគឺមិនបានធ្វើឲ្យប៉ះពាល់ឡើយដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​ និងច្បាប់ជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ច ដែលមានចរិតជាការចាប់បង្ខំពលរដ្ឋ ឲ្យទៅបោះឆ្នោតនោះទេ។

សម្ដេច ស ខេង មានប្រសាសន៍បន្តថា យោងតាមខ្លឹមសារនៃវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងករណីដែលមិនបានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នៅឆ្នាំ ២០២៣នេះ ដោយគ្មានមូលហេតុសមស្រប គឺពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត នឹងត្រូវបាត់បង់នូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតចំនួន ៤ បន្តបន្ទាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលខាងមុខ។ ការបោះឆ្នោតទាំង ៤នោះរួមមាន៖

១. ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅឆ្នាំ ២០២៤, ២. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤, ៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៦ ឆ្នាំ ២០២៧, ៤. ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៨ នៅឆ្នាំ ២០២៨។

សម្ដេច ស ខេង បានបញ្ជាក់ដែរថា «វិសោធនកម្មនេះ ក៏ពាក់ព័ន្ធទៅនឹងទោសបញ្ញត្តិផងដែរ ពោលគឺអ្នកញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើសដែលត្រូវទោសផាកពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល និងដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច ៥ឆ្នាំ»។

ត្រង់ចំណុចនេះ ចំពោះគណបក្សនយោបាយ ក៏ត្រូវរងការផាកពិន័យជាប្រាក់ពី ១០លាន ទៅ ៣០លានរៀល និងអាចត្រូវដកហូតសិទ្ធិជាបណ្ដោះអាសន្ននូវសិទ្ធិចូលរួមការបោះឆ្នោត សម្រាប់រយៈពេល ៥ឆ្នាំ បន្ថែមលើទណ្ឌកម្មផ្សេងៗទៀត ដែលមានកំណត់ក្នុងច្បាប់ជាធរមាន។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីការពារដំណើរការ នៃការបោះឆ្នោតពីផែនការ ឬឧបាយកល និងនយោបាយនានា ក្នុងការប៉ុនប៉ងបំផ្លាញការបោះឆ្នោត ហើយការធ្វើវិសោធនកម្មនេះ ក៏នឹងរួមចំណែកលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចរិកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងការគោរពករណីយកិច្ចរបស់ខ្លួន ជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ។

សេចក្តីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត មានប្រាំបីមាត្រា ហើយសមាជិក-សមាជិការដ្ឋសភាចំនួន ១១១រូប​ ដែលបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តមាត្រាម្ដងៗមួយ និងបានអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងមូល ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម