ព័ត៌មានជាតិ
កំពង់ផែថ្មីលើទឹកដីកោះកុង បើកប្រើប្រាស់ជាផ្លូវការ
នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូប។

កំពង់ផែដងទង់ ប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្ដោយផ្លូវក្រុងលេខ ៩០០ ភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបថបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០ រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។

គម្រោងសាងសង់ ត្រូវបានចែកចេញជា ២ ជំហាន សរុបកំពង់ផែមានបណ្ដោយប្រវែង ១១៥ ម៉ែត្រ ទទឹងប្រវែង ១៦,៥០ ម៉ែត្រ និងជម្រៅទឹកពី ៤ ម៉ែត្រ ទៅ ៨ ម៉ែត្រ ដែលមានលទ្ធភាពឲ្យនាវាផ្ទុកទំនិញទម្ងន់ ២០០០ តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។

កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែប នៃ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

បន្ថែមពីលើកំពង់ផែ ដែលបើកឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺ ផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ១០ ប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ និងបន្តដល់ខេត្តបាត់ដំបង។

ក្នុងសុន្ទរកថាសំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានជម្រាបដល់គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធី និងប្រជាពលរដ្ឋដែលបានចូលរួមអំពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេចជាពិសេសអំពីគម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត៕
អត្ថបទ ៖ សេរី វឌ្ឍនៈ















-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?