ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលនាពេលនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្ត អនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។

ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការ គ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង សម្ដេចតេជោនាយករដ្ឋមន្តី បានសម្រេចផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបានអនុញ្ញាតមានការសាងសង់នូវអគារសាលាយុត្តិធម្មថ្មីដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែងបំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។
អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល២ឆ្នាំ និង៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ