Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ គឺនៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន​ លើកឡើងថា រហូតមកទល់ពេលនេះ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយ ដែលមានលក្ខណៈស្មុគស្មាញ និងបានបង្កផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមនៃបណ្ដាប្រទេសស្ទើរតែទាំងអស់ នៅលើសកលលោក។

យោងតាមរបាយការណ៍គ្រឿងញៀន ពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ នៅតែមានរូបភាពវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដោយក្រុមឧក្រិដ្ឋជននៅតែបន្ដធ្វើសកម្មភាពខ្លាំងក្លា ប្រើប្រាស់គ្រប់មធ្យោបាយនិងល្បិចកល លួចលាក់ផលិត ចរាចរ និងជួញដូរគ្រឿងញៀន ពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ និងពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ហើយបង្កនូវសោកនាដកម្មដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់នៅលើសកលលោក។ ស្ថានភាពបែបនេះ នៅតែបន្តការគំរាមកំហែងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ជាក់ស្ដែងក្រុមឧក្រិដ្ឋជន នៅតែបន្តលួចលាក់ចរាចរគ្រឿងញៀនយ៉ាងសកម្មឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាសរហូតឈានដល់ការធ្វើសកម្មភាពរក្សាទុក និងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅផ្ទៃក្នុងប្រទេសមុននឹងចរាចរបន្តទៅប្រទេសទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ធ្វើឲ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស។ ក្នុងនោះក៏មានមួយចំនួន បានក្លាយទៅជាអ្នកញៀនគ្រឿងញៀន បង្កការលំបាកធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្មប៉ះពាល់ដល់សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធាន មនុស្សជាដើម។

បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំតស៊ូយ៉ាងប្ដូរផ្តាច់និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការយុទ្ធសាស្រ្ត ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេ ខ០០១ ស្តីពី ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំ ស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ជាមួយនោះ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំបញ្ជាផ្ទាល់ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២កន្លងទៅ បទល្មើសគ្រឿងញៀនបង្ក្រាបបានមានចំនួន ៦,៣៩០ករណី គឺមានការកើនឡើង ប្រមាណ ១,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន កើនប្រមាណជាង ៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨ភាគរយ ត្រូវបានរឹបអូសបាន និងធ្វើការដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន។ បន្ថែមពីលើនេះ ជនសង្ស័យចំនួន ១៥,០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួនត្រូវបានបញ្ជូនទៅតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម