Connect with us

ព័ត៌មានជាតិ

ចំណូលពលរដ្ឋកើនឡើងពីតិចទៅមធ្យម ​នឹងជួយជំរុញទីផ្សារ​អចលនទ្រព្យនៅកម្ពុជា

បានផុស

នៅ

បើទោះជាបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យ មិនទាន់មានសន្ទុះយ៉ាងណាក្តី តែវិស័យនេះមានឱកាសងើប​ឡើងដោយ​សន្សឹមៗ តាមរយៈពលរដ្ឋដែលមានជីវភាពស្ថិតក្នុងវណ្ណៈកណ្តាលនៅកម្ពុជា។

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងនៅក្នុងកិច្ចពិភាក្សា​តុមូលអំពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលថ្មីៗនេះថា ​ ពលរដ្ឋមានជីវភាពវណ្ណៈកណ្តាល សំដៅទៅ​លើអ្នក​ដែលមានលុយតិច ទៅចំណូលមធ្យមមានការកើនឡើងច្រើន ដែលនេះជាឱកាសក្នុងអភិវឌ្ឍទីផ្សារអចលនទ្រព្យ តាមរយៈតម្រូវការផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមើលឃើញថា កម្ពុជា នៅសល់ទំហំនៃការរីកចម្រើនវែងឆ្ងាយតទៅទៀត ដែលអ្នកវិនិយោគិនបរទេសមាន​ឱកាសច្រើន ក្នុងការចូលមកអភវិឌ្ឍ ខណៈដែលប្រទេសជិតខាងកម្ពុជា គេបានរីកចម្រើនច្រើនមកហើយ។ លោកបញ្ជាក់ថា អ្នកវិនិយោគដែលចូលមកកម្ពុជា នឹងមានឱកាសសម្រាប់អ្នកដែលមានគម្រោងជាក់លាក់ មានភាពច្នៃប្រឌិត​ប្រកបដោយគុណភាព។ ​លោកថា «នៅក្នុងអំឡុងពេលពិបាកនេះ ខ្ញុំសង្កេតឃើញថា គម្រោងមួយ​ចំនួនគាត់លក់ដាច់ រហូតគាត់ប្រកាសលក់គម្រោងថ្មីបន្តទៀត»។

លោក ស៊ន សៀប សង្កត់ធ្ងន់ថា រាល់គម្រោងអភិវឌ្ឍលំនៅឋានមិនចាំបាច់ធំពេកទេ ប៉ុន្តែត្រូវតែមានលក្ខណៈពិសេស សម្រាប់អតិថិជន។ ការសិក្សាលម្អិតអំពីគម្រោង មុននឹងធ្វើការអភិវឌ្ឍគឺជារឿងសំខាន់ ពិសេសទៅលើគុណភាព បរិយាកាស ចាប់តាំងពីចំណុចតូចៗរហូតដល់ចំណុចធំ។ អ្នកជំនាញអចលនទ្រព្យរូបនេះ លើកឡើងទៀតថា គំនិត​ច្នៃប្រឌិត​ទាំងអស់នេះហើយ ដែលមានភាព​ប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពទៅថ្ងៃខាងមុខ។​

លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី និងជាទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើក​ឡើងថា តម្រូវការទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមាន ប៉ុន្តែស្តង់ដារនៃការផលិតលើស និងផលិតមិនត្រូវតម្រូវការ ជាពិសេសនោះគឺធ្វើការបត់បែនបានទាន់សភាពការ។ ជាក់ស្តែងអគារខ្ពស់ៗមួយចំនួនសាងសង់ខុសតម្រូវការទីផ្សារ ទៅលើបញ្ហាតម្លៃ និងចំណត ជាដើម។​​ លើសពីនេះទៀត លោថា ប្រសិនបើការពង្រីកអភិវឌ្ឍដីធ្លីកុំលឿនពេក ក៏មិនមានបញ្ហាធ្លាក់ចុះទីផ្សារអចលនទ្រព្យខ្លាំងនោះដែរ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានណែនាំឱ្យពលរដ្ឋវិនិយោគទិញ​ផ្ទះឬដីនាពេលនេះ ព្រោះជាឱកាសអាចទុកចំណេញនាពេលខាងមុខ។

លោកបានលើកឡើងថា ប្រសិនបើមានលុយ​ទិញនាពេលនេះ គឺល្អបំផុត ព្រោះពេលនេះ ជាពេលដែលតម្លៃដីធ្លី ផ្ទះសម្បែងធូរថ្លៃ ជ្រើសរើសបានរបស់ល្អៗជាច្រើន។ លោកឧកញ៉ា បានបន្តដូច្នេះថា«យោបល់ខ្ញុំ មានលុយគួរទិញ​ពេលណឹង អត់មានចាំពេលណាទៀតទេ ព្រោះជាទូ​ទៅតម្លៃឡើងចុះជារឿងធម្មតា ប៉ុន្តែឥឡូវនេះវាចុះយើងរើស​បានច្រើន ដល់ពេលឡើងយើងលក់បានថ្លៃ»។

បើទោះជាអ្នកជំនាញមើលឃើញថា ទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះយ៉ាងណាក្តី តែកំណើននៃការសាងសង់​នៅតែមានការកើនឡើង។ ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិត​អនុញ្ញាត​សាងសង់សំណង់បានចំនួន ១៤៦៣គម្រោង មានផ្ទៃក្រឡាជាង ៥លានម៉ែត្រការ៉េ លើទុនវិនិយោគជាង ២២៧០​លានដុល្លារអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣ ពោលគឺបានកើនឡើង ១៣៨ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់​របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម