ព័ត៌មានជាតិ
ការប្រមូលដឹកជញ្ជូនសំរាមនៅភ្នំពេញកើនឡើងជិត ៤ ពាន់តោនក្នុងមួយថ្ងៃ
នៅរាជធានីភ្នំពេញមានក្រុមហ៊ុន ៣ កំពុងប្រតិបត្តិការការងាររបស់ខ្លួនលើការប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានស្អាត ដោយក្នុងមួយថ្ងៃក្រុមហ៊ុនទាំង៣នេះ បានប្រមូល និងដឹកជញ្ជូនសំរាមបានប្រមាណ ៣ ៧០០ តោនក្នុងមួយថ្ងៃ ខណៈពីមុនការប្រមូល និងដឹកជញ្ជូនសំរាមបានត្រឹមតែ ២ ៧០០ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មក។
ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super ផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ មាន៖ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់សេវាក្នុង តំបន់ទី២ មាន៖ ៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI ផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ ក្រុមហ៊ុនទាំង៣នេះបានធ្វើអោយរាជធានីភ្នំពេញលែងមាន ការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានជាទីក្រុងស្អាត។
បន្ថែមពីលើនេះលោកក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះបងប្អូនកម្មករកម្មការិនីក្រុមហ៊ុនប្រមូលសំរាមទាំង៣ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងាររបស់ខ្លួនធ្វើឲ្យរាជធានីភ្នំពេញ ទទួលបានការកោតសរសើរពីថ្នាក់ជាតិនិងអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣កន្លងមកនេះ។ នេះពិតជាបានមកពីបាត់ដៃរបស់បងប្អូនកម្មករកម្មការិនីក្រុមហ៊ុនប្រមូលសំរាមទាំង៣ សហការគ្នាយ៉ាងល្អជាមួយអាជ្ញាធររបស់យើង។
លោកម៉ប់ សារិន បន្តទៀតថា ការប្រគល់អំណោយ ជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាពេលនេះ គឺមានបំណងចែករំលែកនូវភាពជោគជ័យរបស់បងប្អូន ដែលបានបំពេញការងារយ៉ាងល្អកន្លងមក ហើយក៏ជាការគិតគូររបស់សម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាក់ស្តែងនៅពេលនេះ សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានផ្តល់អំណោយជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន២៥៦៣នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន ២ ម៉ឺនរៀល៕
អត្ថបទ៖ ស្រីរ័ត្ន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់