ព័ត៌មានជាតិ
ពលរដ្ឋឃុំសោប ត្អូញត្អែរតម្លៃគោរស់កាប់សាច់ធ្លាក់ថ្លៃពី ៤ លានរៀល សល់តែជាង ៣ លានរៀល
ក្រៅពីការធ្វើរបរកសិកម្ម ប្រជាពលរដ្ឋនៅតំបន់ជនបទមួយចំនួនក៏មានការចិញ្ចឹមសត្វយកសាច់។ កសិករនៅឃុំសោប ស្រុកព្រែកប្រសប់ ក្រៅពីដាំដំណាំកសិកម្មដូចជាធ្វើស្រែ ជាពិសេសការដាំដំណាំស្វាយចន្ទី មួយចំនួនក៏មានប្រកបមុខរបរចិញ្ចឹមគោយកសាច់ហើយភាគច្រើនជាកូនកាត់ពូជពីប្រទេសជិតខាង។

កសិករឈ្មោះថុង រស់នៅភូមិព្រែកប្រសប់ ដែលមានមុខរបរចិញ្ចឹមគោយកសាច់បានប្រាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោជាង ១០ ឆ្នាំមកហើយ។ គោរបស់គាត់ភាគច្រើនជាគោកាត់ ដោយបានប្រវាស់យកមកចិញ្ចឹមប្រហែល ២០ ក្បាល។

ការចិញ្ចឹមរបស់កសិកររូបនេះ តាមបែបបុរាណដោយលែងឲ្យដើរស៊ីតាមវាលស្រែ។ យ៉ាងណាមិញ គោចិញ្ចឹមរបស់គាត់ជួបប្រទះការឈឺ កើតជំងឺដុំពកជាជំងឺសម័យឆ្លងពីប្រទេសជិតខាង ដែលជំងឺនេះធ្វើឲ្យគាត់បាត់បង់កូនគោមួយចំនួន។
ក្រៅពីការចិញ្ចឹមជួបការលំបាក កសិកររូបនេះក៏មានការព្រួយបារម្ភ ចំពោះតម្លៃគោចិញ្ចឹមមានការធ្លាក់ថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព។
«ពីមុនគោរស់មួយក្បាលអាចលក់បាន ៤ លានរៀល ឥលូវនៅសល់តែជាង ៣ លានរៀល»។ កសិកររូបនេះបន្តថា មិនដឹងមូលហេតុតម្លៃគោរស់ធ្លាក់តម្លៃ ខណៈសាច់គោលើទីផ្សារតម្លៃមិនមានការប្រែប្រួលអីនោះទេ?។
ទោះបីតម្លៃគោធ្លាក់ថ្លៃ ប៉ុន្តែកសិកររូបនេះអះអាងថានៅតែបន្តចិញ្ចឹមដោយសារការស្រលាញ់ចូលចិត្ត និងណាមួយក៏ជាមុខរបរបន្ថែមក្រៅពីការធ្វើស្រែចម្ការ។

កសិករមួយរូបទៀតដែលមានមុខរបរចិញ្ចឹមគោរស់នៅភូមិឃុំខាងលើមានឈ្មោះ ខ្នារ អាយុ ៦៥ ឆ្នាំ ក៏ព្រួយបារម្ភពីតម្លៃគោធ្លាក់ថ្លៃជាងពេលមុន។ លោកក៏សំណូមពរដល់ក្រសួងពាក់ព័ន្ធជួយពិនិត្យលើទីផ្សារគោឲ្យមានតម្លៃសមរម្យឡើងវិញ។
បើតាមឈ្មួញទិញគោមួយរូបបានឲ្យដឹងថា តម្លៃគោធ្លាក់ថ្លៃជាងមុន ព្រោះមានការនាំចូលច្រើន។
«គោមួយក្បាលពីមុនទិញចូល ៤ លានរៀល ឥឡូវតម្លៃចន្លោះ ២ លាន ៨ សែន ទៅ ៣ លានរៀល»។
ឈ្មួញរូបនេះបន្តថា បច្ចុប្បន្នការទិញក៏មានភាពងាយស្រួលជាងមុនដោយសារគោសំបូរ ហើយការទិញពីប្រជាពលរដ្ឋក៏បានថោកជាងមុន។ តម្លៃកាប់សាច់គាត់អាចលក់បានមួយគីឡូ ៣៥ ០០០ រៀល។
ទាក់ទងតម្លៃគោរស់ធ្លាក់ថ្លៃនេះ កម្ពុជាថ្មីបានទាក់ទងទៅលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះតាំងពីម្សិលមិញរហូតដល់ព្រឹកថ្ងៃ ៣០ មិថុនា មិនអាចទំនាក់ទំនងបានដើម្បីស្នើសុំការពន្យល់បន្ថែមជុំវិញតម្លៃគោធ្លាក់ថ្លៃនេះ៕
អត្ថបទ៖ លី រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ