ព័ត៌មានជាតិ
អគ្គនាយកដ្ឋាន ក ប ប ស្រាយបំភ្លឺក្រោយមានការរិះគន់ពីសកម្មភាពមន្រ្តីសាខាខេត្តតាកែវចុះអនុវត្តនៅដេប៉ូប្រេងឥន្ធនៈក្នុងស្រុកគិរីវង់
បន្ទាប់ពីមានការចែករំលែកនូវវីដេអូមួយនៅលើបណ្ដាញសង្គមពាក់ព័ន្ធសកម្មភាពមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» សាខាខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងដេប៉ូប្រេងឥន្ធនៈមួយកន្លែងនៅក្នុងស្រុកគីរីវង់ ធ្វើឲ្យមានមហាជនជាច្រើនមានការរិះគន់រួចមក នៅថ្ងៃទី៣០ ខែមិថុនានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» បានចេញសេក្ដីស្រាយបំភ្លឺមួយចៀសវៀងមានការភាន់ច្រឡំ។
ពាក់ព័ន្ធករណីនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានលើកយក៥ចំណុចដើម្បីស្រាយបំភ្លឺដូចខាងក្រោម៖
១. កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ ប្រេងឥន្ធនៈមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ចវិស័យប្រេង ឥន្ធនៈ។
២. ក្នុងកំឡុងពេលចុះអនុវត្តភារកិច្ច មន្ត្រីសាខា ក.ប.ប. មានស្លៀកពាក់ឯកសណ្ឋានការងារ មានស្លាក ឈ្មោះ និងអត្តលេខនៅជាប់អាវ និងបានជម្រាបជូនតំណាងម្ចាស់ដេប៉ូអំពីគោលបំណងនៃការ ចុះត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ចដោយអនុលោមតាមមាត្រា៤ នៃអនុក្រឹត្យលេខ១០៤ អនក្រ.បក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី១ នៃសេចក្ដីបំភ្លឺព័ត៌មាននេះ)។
៣. យោងតាមប្រការ៧ កថាខណ្ឌទី១ នៃប្រកាសលេខ១៨៣ ព.ណ អ.កបប.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេត ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានកំណត់ថា៖ “មន្ត្រីស៊ើបអង្កេតអាចចូលទៅកាន់ទីតាំងណាមួយ ក្នុងម៉ោងធ្វើធុរកិច្ចធម្មតាដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់» (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី២ នៃសេចក្ដីបំភ្លឺព័ត៌មាននេះ)។ ដោយអនុវត្តតាម ខ្លឹមសារនៃប្រកាសនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិពេញលេញ ក្នុង ការចូលទៅកាន់ទីតាំងណាមួយដែលកំពុងបើកធ្វើអាជីវកម្ម ដើម្បីធ្វើការត្រួតពិនិត្យបឋម។
៤. ដោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការ ត្រួតពិនិត្យ និងបានរកឃើញថា ដេប៉ូលក់ប្រេងដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀង (មិនគ្រប់លីត្រ) ក្នុងបរិមាណ ៧,៤៥ លីត្រ ក្នុង ១០០លីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៦,៥៥លីត្រ ក្នុង១០០លីត្រ សម្រាប់ប្រេងសាំង។ អំពើកេងបន្លំបរិមាណនេះ ត្រូវបានចាត់ទុកថាជាអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ច ដែលបំពានទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងត្រូវទទួលរងការពិន័យ អន្តរការណ៍ពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌។ ដោយ មិនទទួលបានកិច្ចសហការពីម្ចាស់ដេប៉ូ មន្ត្រីមានសមត្ថកិច្ចបានស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដើម្បីបិទសៀលជាបណ្តោះអាសន្ន និងតម្រូវឱ្យម្ចាស់ដេប៉ូចូលខ្លួនមក ដោះស្រាយតាមនីតិវិធី។
៥. ក្រោយការបិទសៀល ម្ចាស់ដេប៉ូមិនត្រឹមតែមិនបានផ្ដល់កិច្ចសហការជាមួយមន្ត្រីមានសមត្ថកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែនៅបានកាត់ផ្តាច់សៀលដោយឯកឯង ដែលនេះជាអំពើបំផ្លិចបំផ្លាញ ឬគែបំបាត់ វត្ថុដែលមានបិទស្លាកបោះត្រាដោយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវបានបញ្ញត្តិនៅក្នុងមាត្រា៥៣៥ (បទបំផ្លាញស្លាកដែលបោះត្រា) និងមាត្រា៥៣៦ (បទបំផ្លិចបំផ្លាញ ឬគែបំបាត់វត្ថុដែលមាន បិទស្លាកបោះត្រា) ព្រមទាំងបានធ្វើការប្រមាថចំពោះអ្នករាជការសាធារណៈដែលបញ្ញត្តិនៅក្នុង មាត្រា៥០២ (បទប្រមាថ) នៃក្រមព្រហ្មទណ្ឌ (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី៣ នៃសេចក្ដីបំភ្លឺ ព័ត៌មាននេះ)។ ចំពោះករណីនេះ មន្ត្រីមានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានបុគ្គល និងសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដោយចោទប្រកាន់ថា “មានមន្ត្រីស្លៀកពាក់ឯកសណ្ឋានបន្លំមួយក្រុម ចុះអនុវត្តភារកិច្ចដោយគ្មានលិខិតបញ្ជាបេសកកម្ម និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបិទសៀលឬស្កុតប្លាស្ទិកយ៉ាងគឃ្លីន មិនសួរនាំដល់ម្ចាស់ដេប៉ូ និងប្រើប្រាស់ ឈ្មោះអភិបាលខេត្ត និងព្រះរាជអាជ្ញាសំឡុតគំរាមទារប្រាក់ខុសច្បាប់ដោយគ្មានមូលហេតុ»៕
អត្ថបទ៖ សុខុម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍