Connect with us

ព័ត៌មានជាតិ

សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាង ៣ ម៉ឺននាក់ ចូលរួមថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត នៅទូទាំងខេត្ត

បានផុស

នៅ

នា​ថ្ងៃ​បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​ធ្វើការ​ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ ដែល​មាន​សមាជិក សមាជិកា ចូលរួម ៣២ ២០០ នាក់ នៅ​ទូទាំង​ខេត្ត​កំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​លោក សុក ហៃ សមាជិក​អចិន្ត្រៃយ៍​ជា​ប្រធាន​គណៈ​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ការ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​នៅ​គ្រប់​ឃុំ​-​សង្កាត់ ទាំង ៨១ ទូទាំង​ខេត្ត។ តែ​ទីតាំង​ធំ​ជាងគេ គឺ​នៅ​ទី​រួម​ខេត្ត ដែល​បាន​រៀបចំ​ក្រោម​អធិបតីភាព​លោក ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ និង​លោក ងួន រតនៈ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​តាម​បណ្ដា​ឃុំ-សង្កាត់ ទាំង ៨១ ត្រូវ​បាន​រៀបចំ​ដង្ហែ​ក្បួន​រៀងៗ​ខ្លួន លើកលែង​តែ​ក្រុង​ស្ទឹងសែន ត្រូវ​បាន​ដង្ហែ​ក្បួន​ក្នុង​ខេត្ត​រួច ទើប​បាន​វិល​ទៅ​ឃោសនា​តាម​សង្កាត់​វិញ ដោយ​ចេញពី​ទីតាំង​ធំ នៅ​គល់​ស្ពាន​ឆ្លងកាត់​ស្ទឹងសែន​សួនច្បារ​សម្ដេច ហ៊ុន សែន។

លោក​បាន​បន្ថែម​ថា ក្នុង​ពិធី​ដង្ហែ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃនេះ បាន​ប្រើប្រាស់​រថយន្ត​ធំ -តូច ១ ៤០០ គ្រឿង ,គោយន្ត ៤៦ គ្រឿង ,កង់​បី ៨ គ្រឿង ,រ៉ឺម៉ក​ម៉ូតូ ១០ គ្រឿង ,ម៉ូតូ ៩ ៧០២ គ្រឿង កាណូត ៧០ គ្រឿង និង​ឧបករណ៍​បំពង​សំឡេង ១១៥ គ្រឿង។

តាម​ការ​បញ្ជាក់​របស់​លោក ប្រែង សាវុធ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ស្នើ​សុំ​ដាក់ពាក្យ​របស់​គណបក្ស​នយោបាយ​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត​មាន​ចំនួន ៥ គណបក្ស ក្នុង​ចំណោម ១៥ គណបក្ស ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ នេះ។

លោក​បាន​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ឃោសនា​នេះ បាន​ធ្វើ​សកម្មភាព​ឃោសនា​ជា​ការ​ជួបជុំ ការ​ហែ​ក្បួន​ឃោសនា ការ​ប្រគំ​តន្ត្រី ការ​ចាក់​មេក្រូ​នៅ​តាម​ទីស្នាក់ការ​គណបក្ស និង​ចល័ត​តាម​ភូមិ ក្នុង​ឃុំ សង្កាត់ ការ​ឃោសនា​តាម​ផ្ទះ ការ​ចែក​ខិត្តប័ណ្ណ និង​បិទ​បដា​ជាដើម។

លោក​បាន​បញ្ជាក់​ទៀត​ថា គណបក្ស​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឃោសនា​រក​សំឡេងឆ្នោត​រួមមាន ៖

១.គណបក្ស​ប្រជាជន​កម្ពុជា​

២.គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

៣.គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

៤.គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​

៥.គណបក្ស​សញ្ជាតិ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម