ព័ត៌មានជាតិ
គណបក្សកម្លាំងប្រជាធិបតេយ្យចេញឃោសនារកសំឡេងឆ្នោតនៅភ្នំពេញ
នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុន វិសុទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានដឹកនាំសមាជិកអ្នកគាំទ្រប្រមាណជាង៥០០នាក់អមដោយក្បួនឡាន ម៉ូតូ និងរ៉ឺម៉កកង់បី បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅតាមមូលដ្ឋានសំខាន់ៗ នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្បួនឃោសនារបស់គណបក្សកម្លាំងប្រជាធិបតេយ្យ បានជួបជុំសមាជិក-សមាជិកា នៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានហែឆ្ពោះទៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដូចជា ផ្លូវលេខ ១០០៧ ផ្លូវឧកញ៉ាម៉ុងឬទ្ធី មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ តំបន់ទំនប់កប់ស្រូវ មហាវិថីឈ្នះឈ្នះ ផ្លូវជាតិលេខ៥ ផ្លូវជាសុផារ៉ា ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ ផ្លូវលេខ២០០៤ ផ្លូវណតប្រ៊ីដ ផ្លូវលេខ១៩៨៦ ផ្លូវលេខ១០០៧ និងត្រឡប់មកទីស្នាក់ការកណ្តាលគណបក្សវិញ។
គណបក្សកម្លាំងប្រជាធិបតេយ្យ មានលំដាប់លេខរៀងទី៥ នៅលើសន្លឹកឆ្នោត ដែលបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងតែ១២មណ្ឌលប៉ុណ្ណោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ក្នុងនាមជាប្រធានបក្ស លោក អ៊ុន វិសុទ្ធគុន ត្រូវបានសមាជិកជ្រើសរើសឱ្យឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងគណបក្សកម្លាំងប្រជាធិបតេយ្យ និងជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តកណ្ដាល។

បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប គណបក្សដែលបានឈរឈ្មោះបោះឆ្នោតបានចាប់ផ្ដើមធ្វើឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា រួមមាន៖ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តបណ្ណ ជាដើម។
តាមរបាយការណ៍របស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បានកត់សម្គាល់ឃើញថា នៅថ្ងៃទី២ ខែកក្កដា មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនាច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ក្នុងនោះ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅរាជធានីភ្នំពេញ។

រីឯគណបក្សប្រជាជនកម្ពុជាបានហែក្បួនឃោសនានៅខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅខេត្តបាត់ដំបង៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?