ព័ត៌មានជាតិ
៧២ឆ្នាំមកនេះ អង្គការយូណេស្កូ ដាក់វប្បធម៌រូបី និងអរូបីកម្ពុជាចំនួន៨ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
រាប់ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ១៩៥១ រហូតមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៣នេះ គឺមានរយៈពេល ៧២ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការយូណេស្កូ។ យូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។

មែនទែនទៅ រយៈពេល៧២ ឆ្នាំមកនេះ អង្គការយូណេស្កូ បានដាក់បញ្ចូលទាំងវប្បធម៌រូបី និងវប្បធម៌អរូបីរបស់កម្ពុជាយ៉ាងច្រើនទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ការដាក់បញ្ចូលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះហើយ ជាការបញ្ជាក់យ៉ាងច្បាស់ថា នរណាជាម្ចាស់ដើមនៃសម្បត្តិវប្បធម៌ទាំងនោះយ៉ាងពិតប្រាកដ និងជាការបញ្ចប់ជម្លោះឈ្លោះទាស់ទែងដណ្ដើមការកាន់កាប់ ហើយក៏ជាការបញ្ចប់សង្គ្រាមដណ្ដើមភាពជាម្ចាស់វប្បធម៌ទាំងនោះដែរ។
នៅថ្ងៃខួប ៧២ឆ្នាំនៃការចូលជាសមាជិកអង្គការយូណេស្កូនេះ សារព័ត៌មាន កម្ពុជាថ្មី សូមលើកឡើងនូវសម្បតិ្តវប្បធម៌ទាំងរូបី និងអរូបីរបស់កម្ពុជា ដែលអង្គការយូរណេស្កូដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដូចខាងក្រោម៖
១/ តំបន់អង្គវត្ត៖ តំបន់អង្គវត្ត ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលជាសម្បត្តិវប្បធម៌រូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ។

២/ របាំព្រះរាជទ្រព្យ៖ អង្គការយូណេស្កូបានដាក់របាំព្រះរាជទ្រព្យជាសម្បត្តិវប្បធម៌អរូបីទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដែលគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលជិត២០ឆ្នាំមកហើយ។

៣/ ល្ខោនស្រមោលស្បែកធំឬ ល្ខោនស្បែកធំ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ អង្គការយូណេស្កូដែលជាមែកធាងរបស់អង្គការសហប្រជាជាតិ បានដាក់បញ្ចូលល្ខោនស្រមោលស្បែកធំឬ ល្ខោនស្បែកធំ ជាសម្បត្តិវប្បធម៌អរូបីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

៤/ ប្រាសាទព្រះវិហារ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលគិតមកទល់ពេលនេះ គឺជិត១៥ឆ្នាំហើយ ដែលអង្គការយូណេស្កូ ដាក់បញ្ជូលប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌រូបីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ជុំវិញការដាក់ប្រាសាទមួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ពលរដ្ឋកម្ពុជាមានភាពសប្បាយរីករាយជាអនេក។ ផ្ទុយនឹងភាពរីករាយរបស់កម្ពុជា គឺភាគីថៃបែរជាដាក់ទ័ពនៅទីតាំងប្រាសាទព្រះវិហារបង្កឱ្យមានសង្គ្រាមកើតឡើង។ តែយ៉ាងណាជម្លោះដណ្ដើមប្រាសាទមួយនេះ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយតុលាការយុត្តិធម៌ទីក្រុងឡាអេ កាត់ក្ដីឱ្យកម្ពុជាឈ្នះជាលើកទីពីរ ដែលកាលពីឆ្នាំ ១៩៦២តុលាការយុត្តិធម៌មួយនេះ បានសម្រេចឱ្យកម្ពុជាឈ្នះថៃម្ដងរួចមកហើយ។

៥/ល្បែងទាញព្រ័ត្រ៖ អង្គការយូណេស្កូ បានដាក់ល្បែងនេះ ជាសម្បតិ្តវ្បធម៌អរូបីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះ រួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីន។

៦/ ចាប៉ីដងវែង៖ ចាប៉ីដងវែង បានក្លាយជាសម្បតិ្តវប្បធម៌អរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការ សង្គ្រោះបន្ទាន់។

៧/ ប្រាសាទសំបូរព្រៃគុក៖ អង្គការយូណេស្កូ បានបញ្ជូលប្រាសាទដែលស្ថិតនៅក្នុងមូលដ្ឋានខេត្តកំពង់ធំមួយនេះ ជាសម្បត្តិវប្បធម៌រូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

៨/ គុនល្បុក្កតោ៖ ពីទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានខិតខំប្រឹងប្រែងព្យាយាមស្នើសុំចុះបញ្ជីជាច្រើនលើក គឺក្នុងកិច្ចប្រជុំលើកទី១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី អង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជីគុនល្បុក្កតោ ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។

សូមជម្រាបថា អង្គការយូណេស្កូ UNESCO ជាពាក្យកាត់មកពីពាក្យថា United Nations Educational Scientific and Cultural Organization បកប្រែជាភាសាខ្មែរថា អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ។ អង្គការនេះ បង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ សព្វថ្ងៃមានការិយាល័យកណ្ដាលនៅក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកចំនួន១៩៣ និងសមាជិករងចំនួន១២ ប្រទេស។ អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
ក្រោយចប់សង្គ្រាមរ៉ាំរ៉ៃ ការិយាល័យអង្គការយូណេស្កូនារាជធានីភ្នំពេញ បានបើកការិយាល័យឡើងវិញនៅឆ្នាំ១៩៩១ ។ អង្គការយូណេស្កូនៅប្រទេសកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕
អត្ថបទដោយៈ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?