Connect with us

ព័ត៌មានជាតិ

ឧកញ៉ា សៀង ណាំ ចំណាយពេលជិត១០ម៉ោងស្ដាប់លោក បឺត សំរេច រៀបរាប់ប្រវត្តិគ្រួសារ

បានផុស

នៅ

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ឧកញ៉ា សៀង ណាំ បានចំណាយពេលប្រមាណជិត១០ម៉ោង ដើម្បីស្ដាប់លោក បឺត សំរេច រៀបរាប់អំពីប្រវត្តិគ្រួសារ និងខ្សែជីវិតដ៏លំបាករបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅពេលថ្មីៗនេះ ឧកញ៉ា សៀង ណាំ បានសរសេរថា៖ «នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្មួយ បឺត សំរេច បានមកជួបខ្ញុំ និងភរិយា នៅផ្ទះទឹក សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ខ្ញុំបានជជែកសំណេះសំណាលជាមួយក្មួយ បឺត សំរេច តាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង២:៣០នាទីទាបភ្លឺ ដោយបានដឹងរឿងរ៉ាវប្រវត្តិក្មួយ បឺត សំរេច ដែលដឹងតាមរយៈម្តាយចិញ្ចឹមប្រាប់កាលពីនៅក្មេង»។

ក្រោយស្ដាប់ការរៀបរាប់របស់លោក បឺត សំរេច និងមើលឃើញថា សព្វថ្ងៃ មានការខ្វះខាតក្នុងជីវភាពរស់នៅ ហើយមានម្តាយចិញ្ចឹមក៏ឈឺទៀតនោះ ឧកញ៉ា សៀង ណាំ ក៏ផ្ដល់ថវិកាចំនួន២ពាន់ដុល្លារដល់លោក បឺត សំរេច ថែមទៀតផង។ ជាមួយគ្នានេះដែរ លោក សៀង ណាំ ក៏បានភ្ជាប់មកនូវអត្ថបទដែលជាប្រវត្តិរបស់លោក បឺត សំរេច ផងដែរ។ ខាងក្រោមនេះ ជារឿងរ៉ាវនៃប្រវត្តិរបស់លោក បឺត សំរេច ដែលបានរៀបរាប់ប្រាប់ឧកញ៉ា សៀង ណាំ៖

ជីដូនបង្កើតក្មួយ បឺត សំរេច ឈ្មោះ គូ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានជួបជីតាបង្កើតក្មួយ បឺត សំរេច ឈ្មោះ ហង់ ជាជនជាតិឡាវ។ លោកតា ហង់ និងលោកយាយ គូ មានកូនស្រីពីរនាក់ម្នាក់ឈ្មោះ ធីម រី និងម្នាក់ទៀតឈ្មោះ ធីម វិជ្ជរ៉ា ជាម្តាយបង្កើតរបស់ក្មួយ បឺត សំរេច។

ក្នុងវ័យក្មេង ធីម វិជ្ជរ៉ា បានទទួលការរៀនសូត្ររហូតបានក្លាយជាគ្រូពេទ្យនាខេត្តកំពង់ឆ្នាំង។ ដល់ដើមឆ្នាំ១៩៦០ ម្តាយក្មួយបឺត សំរេច បានប្រឡងជាប់បវរកញ្ញា ហើយបានស្វាមីជាអ្នកបើកយន្តហោះ និងបានកូនស្រី១ជាមួយគ្នា។ ពេលកូនស្រីមានអាយុ៤ឆ្នាំ ស្វាមីរបស់ម្តាយក្មួយបឺតសម្រេចក៏ទទួលមរណភាព ដោយរោគាពាធ។ ពេលនោះ ម្ដាយក្មួយ បឺត សំរេច ក្លាយជាស្រីមេម៉ាយ។  

មកដល់ដើមឆ្នាំ១៩៧០ ពេលកូនស្រីបានអាយុ៨ឆ្នាំ ម្ដាយក្មួយ បឺត សំរេច ក៏មានទំនាក់ទំនងស្នេហាជាមួយលោក ស៊ីន ស៊ីសាមុត រហូតមកដល់ខែឧសភា ឆ្នាំ១៩៧៣ ពេលម្តាយលោក បឺត សំរេច មានទម្ងន់ពរពោះ (ពពោះកំណើតលោក បឺត សំរេច) បាន២ខែ រឿងនេះក៏ផ្ទុះឡើង ដែលធ្វើឱ្យភរិយារបស់លោក ស៊ីន ស៊ីសាមុត ឈ្មោះ ឈឺន អង្គារ៉ា រករឿងលោក ស៊ីន ស៊ីសាមុត និងម្តាយក្មួយ បឺត សំរេច ជាខ្លាំង។

ដោយពិបាកទ្រាំក្នុងរឿងនេះ អ្នកស្រី ធីម វិជ្ជរ៉ា (ម្តាយក្មួយ បឺត សំរេច) បានចាកចេញពីរាជធានីភ្នំពេញទាំងពរពោះ ទៅរស់នៅជាមួយឪពុកម្តាយនៅផ្សារលើ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវិញ។ ពេលមករស់នៅស្រុកកំណើតវិញ ម្ដាយលោក បឺត សំរេច បានលួចប្រាប់រឿងពរពោះកូនជាមួយលោក ស៊ីន ស៊ីសាមុត ទៅម្តាយ តែមិនប្រាប់ហ៊ានឪពុកទេ ហើយម្តាយក្មួយ បឺត សំរេច ក៏ចូលធ្វើពេទ្យដូចមុន។

លុះដល់ពពោះបាន៤ខែ ពោះកាន់តែធំទៅ ហើយខ្លាចខ្មាសគេផង ម្ដាយក្មួយ បឺត សំរេច ក៏ឈប់បម្រើការជាគ្រូពេទ្យ ដោយនៅសម្ងំនៅតែក្នុងផ្ទះ។ មិនយូរប៉ុន្មាន រឿងមានផ្ទៃពោះនេះ ក៏បានបែកធ្លាយដល់ឪពុក ខណៈពេលនោះ ម្តាយក្មួយ បឺត សំរេច ក៏មានគំនិតចង់រំលូតកូននេះចោល តែដោយហេតុថា ពោះធំពេក គាត់មិនហ៊ានរំលូត បែរជាចង់សម្លាប់ខ្លួនទៅវិញ។ ដោយខ្មាសអ្នកជិតខាងពេក ឪពុករបស់អ្នកស្រី ធីម វិជ្ជរ៉ា ក៏រត់ទៅនៅប្រទេសឡាវ ខណៈម្ដាយរបស់លោក បឺត សំរេច ត្រូវម្ដាយនាំទៅ រស់នៅខេត្តប៉ៃលិន ជាមួយបងស្រីឈ្មោះ ធីម រី។

កន្លងផុតទៅរយៈពេល៣ខែ ម្ដាយរបស់អ្នកស្រី ធីម វិជ្ជរ៉ា (ជីដូនលោក បឺត សម្រេច) បានមកប៉ៃលិនម្ដងទៀត ដើម្បីនិយាយជាមួយកូនស្រីច្បង ធីម រី (បងស្រីរបស់ម្តាយលោក បឺត សំរេច) ឱ្យទៅអង្វរលួងលោមឪពុកនៅប្រទេសឡាវ សុំឱ្យគាត់ត្រឡប់មករស់នៅជុំគ្នាវិញ ព្រោះកូនស្រី ធីម រី ពូកែនិយាយលួងលោមឪពុកបាន។ ពេលជួបកូនស្រីហើយ ជីដូនលោក បឺត សំរេច ក៏វិលមកកំពង់ឆ្នាំងវិញ។ លោកស្រី ធីម រី និងស្វាមី ព្រមទាំងម្តាយលោក បឺត សំរេច កំពុងពពោះ៧ខែ ក៏ធ្វើដំណើរទៅរកឪពុកនៅប្រទេសឡាវ។

ពេលជួបឪពុកហើយ ម្ដាយក្មួយ បឺត សំរេច ទៅថ្វាយបង្គំសុំការលើកលែងទោសពីឪពុក ហើយលោកស្រី ធីម រី ក៏សុំអង្វរឪពុក ហើយឪពុកក៏យល់ព្រមលើកលែងទោស ហើយព្រមវិលត្រលប់មករស់នៅជុំគ្នាជាមួយម្ដាយនៅខេត្តកំពង់ឆ្នាំងវិញ។ លោកស្រី ធីម រី និងស្វាមី ក៏មកប៉ៃលិនវិញ តែទុកម្តាយក្មួយ បឺត សំរេច ឱ្យរស់នៅជាមួយសាច់ញាតិខាងឪពុកនៅប្រទេសឡាវ។

អំឡុងខែកុម្ភៈ ឆ្នាំ១៩៧៤ ម្ដាយក្មួយ បឺត សំរេច បានឆ្លងទន្លេ កើតបានក្មួយ បឺត សំរេច។ ពេលនោះជីវភាពគាត់ខ្វះខាតណាស់ មានតែទឹកដោះគោខាប់ និងទឹកស្ករប៉ុណ្ណោះទុកឱ្យក្មួយ បឺត សំរេច ហូប។ ពេលក្មួយ បឺត សំរេច អាយុបានប្រហែលបួនខែ ម្តាយក្មួយ បឺត សំរេចទុកក្មួយ បឺត សំរេច ឱ្យនៅជាមួយបងប្អូនខាងឪពុកនៅក្នុងប្រទេសឡាវ ដោយគាត់ចុះទៅរកស៊ីនៅប្រទេសថៃ។ លុះដល់ពេលក្មួយ បឺត សំរេច អាយុបាន៧ខែ លោក ស៊ីនស៊ីសាមុត ជាឪពុក បានទៅខេត្តប៉ៃលិន រកលោកស្រី ធីម រី និងប្ដី ឱ្យជូនទៅជួបម្តាយក្មួយ បឺត សំរេច នៅប្រទេសឡាវ។

ម្តាយធំក្មួយ បឺត សំរេច ក៏ជូនលោក ស៊ីន ស៊ីសាមុត ទៅដល់ប្រទេសឡាវ តែមិនបានជួបម្តាយក្មួយ សំរេច ទេ ព្រោះគាត់ទៅរកស៊ីនៅប្រទេសថៃ ជួបតែក្មួយសម្រេច ជាកូនប៉ុណ្ណោះ។ ម្តាយធំក្មួយ សំរេច ក៏បានឱ្យបងប្អូនទៅតាមម្តាយក្មួយ សំរេច ពីប្រទេសថៃមក។

រយៈពេលពីរថ្ងៃ ទើបលោក ស៊ីន ស៊ីសាមុត បានជួបម្តាយក្មួយ បឺត សំរេច។ ពេលជួបគ្នាហើយ លោក ស៊ីន ស៊ីសាមុត អង្វរផងយំផង ឱ្យម្តាយក្មួយ បឺត សំរេច នាំកូនវិលត្រលប់មករស់នៅរាជធានីភ្នំពេញវិញ លោកនឹងទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា ទាំងម្តាយទាំងកូនមិនឱ្យខ្វះខាតទ ហើយលោកធានានឹងបញ្ជូនពួកគាត់ឱ្យទៅនៅប្រទេសក្រៅទៀត ធ្វើយ៉ាងណាតែប្រពន្ធកូន ព្រមត្រឡប់ទៅវិញជាមួយលោក។

ទោះបីជា លោក ស៊ីន ស៊ីសាមុត យំអង្វរ និងបញ្ចុះបញ្ចូលឱ្យម្តាយធំក្មួយ បឺត សំរេច ជួយនិយាយលួងលោមយ៉ាងណា ក៏ម្តាយក្មួយ បឺត សំរេច មិនព្រមទៅវិញដែរ ដោយម្តាយក្មួយ បឺត សំរេច និយាយថា៖ «បងត្រឡប់ទៅវិញចុះ បងនៅភ្នំពេញក៏មានកូនដែរ ទុកកូននេះឱ្យខ្ញុំមើលថែចុះ»។

ដោយស្ដាប់ការអង្វរពីម្តាយក្មួយ បឺត សំរេច លោក ស៊ីន ស៊ីសាមុត ក៏ព្រមត្រលប់មករាជធានីភ្នំពេញវិញ។ មុនពេលរៀបចេញដំណើរទៅ លោក ស៊ីន ស៊ីសាមុត បានផ្តាំម្តាយក្មួយ បឺត សំរេច និងម្តាយធំក្មួយ បឺត សំរេច ថា៖ «ពេលក្មួយ បឺត សំរេច ធំឡើងកុំឱ្យចូលសិល្បៈដូចខ្ញុំ ឱ្យកូននេះខំរៀនសូត្រ ធ្វើពេទ្យ ប៉ូលីស និងទាហានក៏បានដែរ»។

លោក ស៊ីន ស៊ីសាមុត ត្រលប់មករាជធានីភ្នំពេញ បានមួយយប់ទេ ម្តាយក្មួយ បឺត សំរេច បានប្រគល់ក្មួយ បឺត សំរេច ឱ្យទៅម្តាយធំជួយចិញ្ចឹម ធើ្វជាកូនបង្កើត ហើយសុំជួយលាក់ប្រវត្តិក្មួយ បឺត សំរេច កុំឱ្យគេដឹង។ ម្តាយធំ និងប្ដី បាននាំក្មួយ បឺត សំរេច មករស់នៅខេត្តប៉ៃលិន ចំណែកឯម្ដាយក្មួយ បឺត សំរេច ត្រលប់ទៅរកស៊ីនៅប្រទេសថៃវិញ។

លោក បឺត សំរេច មករស់នៅខេត្តប៉ៃលិនជាមួយម្ដាយធំ បានតែ៩ខែ ខ្មែរក្រហមទទួលជ័យជំនះ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ម្ដាយចិញ្ចឹម និងគ្រួសាររួមទាំងក្មួយ បឺត សំរេច នាំគ្នារត់ភៀសខ្លួនទៅនៅខេត្តត្រាត ប្រទេសថៃ។លុះដល់ឆ្នាំ១៩៨៤ ក្មួយ បឺត សំរេច មានអាយុ១០ឆ្នាំ ត្រូវបានឪពុកចិញ្ចឹមយកទៅឱ្យធ្វើការ មើលគោឱ្យគេ ហើយឪពុកចិញ្ចឹមក្មួយ បឺត សំរេច ធ្វើកុងត្រាមួយឆ្នាំម្តង ដោយយកប្រាក់ទាំងអស់គ្មានសល់ ប៉ុន្តែធ្វើការគេឱ្យហូបបាយ១ថ្ងៃបីពេល។

ដោយរងនូវការធ្វើទារុណកម្មពីឪពុកចិញ្ចឹមជាបន្តបន្ទាប់ ក្មួយ សំរេច ក៏លួចសួរទៅម្តាយចិញ្ចឹមដែលតែងតែស្រឡាញ់រូបគាត់ ហើយឧស្សាហ៍លួចលាក់របស់ហូបចុកទុកអោយគាត់ហូបជារឿយៗ។ ក្មួយ បឺត សំរេច ក៏សួរម្តាយចិញ្ចឹមថា៖ «ម៉ែ សព្វថ្ងៃមានតែម៉ែទេដែលស្រឡាញ់ខ្ញុំ តើខ្ញុំជាកូនបង្កើតរបស់ពុកម៉ែ ឬក៏ជាកូនរើសបានយកមកចិញ្ចឹម? បានពុកធ្វើបាបខ្ញុំខុសពីបងប្អូនដទៃទៀត ម៉ែប្រាប់ ខ្ញុំត្រង់ទៅមើល»។

ម្ដាយចិញ្ចឹមសម្រក់ទឹកភ្នែក ហើយយកដៃមកអង្អែលក្បាលក្មួយ បឺត សំរេច ដោយបានពោលថា៖ «ឪពុកឯង គឺលោក ស៊ីនស៊ីសាមុត អ្នកចម្រៀង តែគាត់ស្លាប់ហើយ ឯម្តាយឯងឈ្មោះ ធីម វិជ្ជរ៉ា ត្រូវជាប្អូនស្រីរបស់ម៉ែបង្កើត តែម៉ែឯងហាមមិនឱ្យ ម៉ែនិយាយប្រាប់កូនឯងទេ ដោយឃើញកូនឯងពិបាកវេទនាពេកបានម៉ែប្រាប់ »។

ក្មួយ បឺត សំរេច សួរទៅម្តាយចិញ្ចឹមទៀតថា៖ «អញ្ចឹងម៉ែបង្កើតខ្ញុំ អត់ស្រឡាញ់ខ្ញុំទេ បានទុកខ្ញុំចោលរហូត ចុះឥលូវគាត់នៅឯណា?»។ ម្ដាយចិញ្ចឹមក្មួយ បឺត សំរេច ក៏ប្រាប់ថា៖ «ម្តាយឯងមានប្តីទៀតហើយមានកូនទៀត សព្វថ្ងៃធ្វើចម្ការនៅក្លងយ៉ៃ ខេត្តត្រាតយើងហ្នឹង»។ ដោយឃើញក្មួយ បឺត សំរេច ចង់ជួបម្តាយពេក ម្តាយចិញ្ចឹមក្មួយ បឺត សំរេច ក៏នាំក្មួយ បឺត សំរេច ជូនទៅជួបម្ដាយបង្កើតនៅក្លងយ៉ៃ។

ពេលកំពុងហូបបាយ ម្ដាយបង្កើតក្មួយ បឺត សំរេច អូសដៃម្ដាយចិញ្ចឹមទៅជជែកនៅឆ្ងាយពីកន្លែងហូបបាយ ហើយក្មួយបឺត សំរេច ក៏លឺសូរម្តាយបង្កើតនិយាយថា៖ «ម៉េចបានជាបងឯងយកវាឱ្យមកជួបខ្ញុំធ្វើអី? ប្រាប់ហើយថា កុំឱ្យវាស្គាល់ កុំឱ្យដឹង នៅតែយកវាមកទៀត»។ ម្ដាយចិញ្ចឹមក៏តបទៅវិញ៖ «នៅនោះប្តីបងវាយធ្វើបាបវាណាស់ ហើយវាយំពេកបងនិយាយការពិតប្រាប់វាទៅ »។

ម្ដាយចិញ្ចឹមក៏ទុកក្មួយ បឺត សំរេច នៅជាមួយម្តាយបង្កើត ហើយគាត់ក៏ត្រឡប់ទៅផ្ទះវិញ។ ក្មួយ បឺត សំរេច រស់នៅជាមួយម្តាយបង្កើត ត្រូវឪពុកចុងវៃទាត់ធាក់ធ្វើបាបជាងនៅជាមួយឪពុកចិញ្ចឹមទៀត។ រយៈពេល២ខែ ម្តាយបង្កើតអាណិតកូនពេកក៏ជូនកូនទៅរស់នៅជាមួយបងស្រីខ្លួន ដែលជាម្តាយចិញ្ចឹមវិញ។ ឪពុកចិញ្ចឹមក្មួយ បឺត សំរេច ក៏យកក្មួយបឺត សំរេច ទៅឱ្យនៅកន្លែងស៊ីឈ្នួលមើលគោដដែល។

កំឡុងពេលធ្វើការនៅថៃ ក្មួយ បឺត សំរេច បានពឹងមិត្តភក្តិដែលមានម៉ូតូកង់បីជួយជូនទៅរកម្តាយបង្កើតនៅខ្លងយ៉ៃ ហើយពេលទៅដល់ផ្ទះម្ដាយបង្កើត អ្នកជិតខាងប្រាប់ថា ម្ដាយយបង្កើតរបស់ក្មួយ បឺត សំរេច ស្លាប់យូរហើយ នៅតែសល់តែកូនស្រីៗរបស់គាត់បីនាក់ប៉ុណ្ណោះ។

ក្នុងអាយុ១៦ឆ្នាំ បឺត សំរេច ពេលព្រឹកទៅរៀនអក្សរ និងហាត់ប្រដាល់ ហើយក៏ឡើងប្រដាល់ម្ដងៗ។ អស់រយៈពេលបួនឆ្នាំកន្លងផុតទៅ ក្មួយ បឺត សំរេច ក៏សម្រេចចិត្តទៅធ្វើកម្មកររែងត្បូងនៅប៉ៃលិន ជាមួយមិត្តភក្តិ ដោយទុកអោយម្តាយចិញ្ចឹមរស់នៅកំពីងពួយ ជាមួយប្អូនតូចៗពីរនាក់។

កំឡុងពេលធ្វើជាកម្មកររែងត្បូងនៅប៉ៃលិន ក្មួយ បឺត សំរេច ឧស្សាហ៍ច្រៀង និងប្រាប់គេថា ជាកូនប៉ា សាមុត អ្នកចម្រៀងសំឡេងមាស តែគ្មានអ្នកណាគេជឿទេ គេតែងតែតបមកវិញថា «ម៉េចហែងចង់ល្បីមែន! ប្រឹងតែរែងត្បូងឱ្យគេទៅ»។ នៅពេលនោះ ដើម្បីរកលុយបន្ថែម ក្មួយ បឺត សំរេច ក៏ឆ្លៀតទៅវៃប្រដាល់នៅតាមវត្តជាយដែនខ្មែរថៃ។

ក្រោយមក បឺត សំរេច បានមកហាត់រៀននៅក្លិបប្រដាល់ឡុង សារ៉ាវ័ន ដោយ បឺត សំរេច ឧស្សាហ៍ឡើងប្រដាល់តាមស្ថានីយទូរទស្សន៍ ដូចជា ទូរទស្សន៍បុស្តិ៍លេខ៥ ទូរទស្សន៍បុស្តិ៍លេខ៣ និងទូរទស្សន៍ផ្សេងៗទៀត។ តែនៅឆ្នាំ២០០៤ ក្មួយ បឺត សម្រេច ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង មិនអាចឡើងប្រដាល់បានទៀតទេ ហើយនៅពេលជាជើង ទើប បឺត សំរេច ក៏ត្រលប់ទៅធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមសេះ នៅប៉ាតាយ៉ា ប្រទេសថៃ។ រហូតដល់នៅឆ្នាំ២០១១ ក្មួយ បឺត សំរេច ក៏បានរៀបការនៅប្រទេសថៃ ហើយមានកូន៣នាក់ ស្រី១ប្រុស២ តែជាអកុសល ពេលកូនប្រុសពៅ អាយុបាន៣ឆ្នាំ ប្រពន្ធរបស់ក្មួយ បឺត សំរេច រត់ចោលទៅយកប្តីថ្មី។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្មួយ បឺត សំរេច បានទាក់ទងជាមួយលោក មាស ជីវ៉ា ដើម្បីសុំឡើងច្រៀងនៅកម្មវិធី ចម្រៀងគ្រួសារខ្មែរ។ លោក មាស ជីវ៉ា ក៏បានទាក់ទងទៅលោក អ៊ុក ណារី ហើយក៏អនុញ្ញាតឱ្យក្មួយ បឺត សំរេច ឡើងច្រៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ លុះច្រៀងចប់ ក្មួយ បឺត សំរេច បានរៀបរាប់ប្រាប់មហាជនឱ្យដឹងថា ក្មួយ បឺត សំរេច ជាកូនលោក ស៊ីន ស៊ីសាមុត ធ្វើឱ្យលោក អ៊ុក ណារីម និងមហាជនមានការភ្ញាក់ផ្អើលចាប់ពីពេលនោះមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម