Connect with us

ព័ត៌មានជាតិ

បញ្ចៀស​ខ្ចីអ្នក​ចងការ​​ប្រាក់ កម្ចី​​គ្មាន​ទ្រព្យ​​ធានា​ជួយ​ពលរដ្ឋ​ក្រីក្រ​​មានទុន​ពង្រីក​មុខ​របរ

បានផុស

នៅ

ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ការ​ទុន​បន្ថែម​ដើម្បី​ប្រើប្រាស់និង​ពង្រីក​មុខរបរ ​ការ​ប្រើកម្ចី​ពី​អ្នក​ចង​ការ​ប្រាក់​ប្រឈម​ហានិភ័យ​និង​ចំណាយ​​ខ្ពស់ ដែល​រឹត​តែ​បង្កើន​បន្ទុក​​ការ​លំបាក​​បន្ថែម​ទៀត។ ដោយឡែក​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តាមជនបទ​មួយ​ចំនួន​មានគោលការណ៍​​ផ្តល់​កម្ចី​ដល់ពលរដ្ឋ​ក្រីក្រ​មាន​ទុន​ប្រើប្រាស់​​ពង្រីក​មុខរបរ ដោយ​ផ្តល់​​អត្រា​ការ​ប្រាក់​សមរម្យ និង​មិន​បាច់​មាន​ទ្រព្យ​ធានា។

ជា​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​​បើក​ដំណើរការ​ជាង ១០ ឆ្នាំ លោក ហៃ ដារម្យ​ ប្រធាន​នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចម្រើន​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​របស់​លោក​មាន​ចក្ខុវិស័យគាំទ្រ​ដល់​សហគមន៍​តាមជនបទ​​ លើ​ការគាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់ប្រើប្រាស់​និងពង្រីក​មុខ​របរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ដំណើរការបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចម្រើន​​មិន​ផ្តោត​តែ​លើ​ប្រាក់​ចំណេញ​នោះ​ទេ។ ក្រៅ​ពី​ផ្តល់​ប្រាក់​កម្ចី​តាម​ទំហំ​តម្រូវការរបស់​​អតិថិជន​ គ្រឹះស្ថាន​ក៏​​គិតគូរ​ដល់​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​​ដល់ពលរដ្ឋ​ក្រីក្រក្នុង​ការ​យកទៅ​ប្រើប្រាស់​ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​មាន​ទ្រព្យធានា។

លោក​បញ្ជាក់​ថា លក្ខខណ្ឌ​​កម្ចី​ក្រោម​ ១៥០០ ដុល្លារ​គ្រឹះស្ថាន​មិន​ទាមទារ​មាន​ទ្រព្យ​ធានា​នោះទេ។ ​អតិថិជន​គ្រាន់​តែ​មាន​លំនៅ​ច្បាស់លាស់​ក្នុង​តំបន់​ប្រតិបត្តិការ​យ៉ាង​តិច ៦ ខែ ហើយ​បើ​ករណី​ស្នាក់​នៅ​ផ្ទះ​ជួល​យ៉ាង​តិច​បំផុត ១ ឆ្នាំ។ ប៉ុន្តែ​​ក៏​​​តម្រូវ​ឲ្យ​​មាន​ប្រភព​ចំណូល​ទៀងទាត់ ព្រម​ទាំងមាន​​អាជីវកម្ម​ស្រប​ច្បាប់។

ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូចដោយ​​​គ្មាន​ទ្រព្យ​ធានា​ផ្តល់លទ្ធភាពដល់​ពលរដ្ឋ​​នៅ​តាម​ជនបទ បាន​​ដើមទុនបន្ថែម​ដើម្បី​ប្រើប្រាស់​ពង្រីក​ដល់​មុខរបរ ចៀសវាង​ការប្រើប្រាស់​កម្ចី​ពី​ខាងក្រៅ​ដែល​ប្រឈម​គ្រោះថ្នាក់និង​​ចំណាយ​ខ្ពស់។

លោក មាស ចាន់ នាយក​ភូមិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ AMK បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អតិថិជន​ប្រើប្រាស់កម្ចី​គ្រឹះស្ថាន AMK ជាង ៣០ ម៉ឺន​នាក់ ក្នុង​នោះ​​ជាង ៦០ ភាគរយ​​ជា​អ្នក​ដែល​រស់នៅ​តាម​ទី​ជនបទ។

លោក​បន្ត​ថា គ្រឹះស្ថាន​ AMK យកចិត្តទុកដាក់ក្នុងការ​ផ្តល់​កម្ចី​ខ្នាត​តូចដល់​​ពលរដ្ឋ​ក្រីក្រ ដើម្បីមានទុន​ប្រើប្រាស់​​ពង្រីក​មុខរបរ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចគ្រួសារ។

លោក​ថា ការ​ផ្តល់​កម្ចី​ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌស្មុគស្មាញ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​តាម​ជនបទ ប្រើប្រាស់​សេវា​កម្ចី​ដែល​​ស្រប​ច្បាប់​ ចៀសវាង​ប្រើប្រាស់​កម្ចី​ក្រៅ​ផ្លូវការ​ដែល​ប្រឈម​មុខ​ហានិភ័យ និង​អាច​បន្ថែម​បន្ទុក​ដល់​ជីវភាព​ថែម​ទៀត។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ឃុំ​ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​បាន​បញ្ជាក់​ថា អ្នក​ស្រី​ទើប​តែទទួល​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​កន្លែង​នៅ​ស្រុក​ព្រៃឈរ។

អ្នក​ស្រី​ថា មុនគេ​ឲ្យខ្ចីគេ​ចុះ​មក​វាយ​តម្លៃ​ពិនិត្យ​ឯកសារ​បញ្ជាក់​មួយ​ចំនួន។ កម្ចីនេះ​គេ​​​មិន​តម្រូវ​ឲ្យ​ដាក់​ទ្រព្យ​បញ្ចាំ​នោះ​ទេបើ​មើល​ឃើញ​លក្ខខណ្ឌ​កម្ចី​សមស្រប និង​​ទំហំ​តិចតួច។

កញ្ញា ឃីម ស៊ីមន ​មន្រ្តី​ឥណទាន​របស់​គ្រឹះស្ថាន​ AMK ប្រចាំ​នៅ​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា អតិថិជន​អាច​ប្រើប្រាស់​​កម្ចី​ជា​បុគ្គលឬ​ជា​ក្រុម។ ការ​ផ្តល់​កម្ចី​ជា​ក្រុម​គឺ​អតិថិជន​អាច​ធានា​គ្នា​ទៅវិញ​ទៅ​មក​ដោយ​មិន​បាច់​ដាក់​ទ្រព្យ​បញ្ចាំ។ ដោយឡែក​សម្រាប់​កម្ចី​ជា​បុគ្គល​ត្រូវ​តែ​បញ្ជាក់​មុខរបរ​ច្បាស់លាស់ ហើយ​លក្ខខណ្ឌ​​កម្ចី​ក្រោម ១ ៥០០ ដុល្លារ គ្រឹះស្ថាន​នឹង​ចុះ​មក​ពិនិត្យ​និង​ផ្តល់​លទ្ធភាព​ផ្តល់​កម្ចី។

លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោលដៅ​របស់​គ្រឹះស្ថានមីក្រូ​​ហិរញ្ញវត្ថុ​តាម​ជនបទ​​​ គឺ​​ចាប់​យក​អតិថិជន​ក្រីក្រ​ក្នុង​ការ​ផ្តល់​កម្ចី​សម្រាប់​ការ​ប្រើប្រាស់​និង​ពង្រី​កអាជីវកម្ម។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទដែល​អត់មាន​មុខរបរច្បាស់លាស់​ ពិបាក​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​​ធនាគារ ប៉ុន្តែ​​តាម​រយៈ​មីក្រូ​ហិរញ្ញវត្ថុ​ផ្តល់​លក្ខខណ្ឌងាយស្រួល​សម្រាប់​កម្ចី​ខ្នាត​តូច​ៗ ដោយ​មិន​ភ្ជាប់​មាន​ទ្រព្យ​ដាក់​បញ្ចាំ។

តាម​ទិន្នន័យ​របស់​សមាគម ​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​នៅតាមជនបទ​ កម្ចីក្រោម​ទុន​​ ២០០០ ដុល្លារ​មាន​​ជាង ៧០​ ភាគយ ​មិន​ភ្ជាប់​ទ្រព្យ​បញ្ចាំ​​។។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក កាំង តុងងី​។

លោក​ថា គោលការណ៍​នេះ​​ជួយ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទី​ជនបទ​ ដើម្បីកាត់បន្ថយភាពក្រីក្រជាមួយ​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​​ជីវភាព​ក្នុង​គ្រួសារ ការពារ​ការ​ប្រើប្រាស់​កម្ចី​ខាង​ក្រៅ​ដែល​ស៊ីការប្រាក់​​ខ្ពស់​និង​មិនមាន​ការ​ការពារ​ដោយ​ច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម