Connect with us

ព័ត៌មានជាតិ

ជ្រូកកណ្ដុរធម្មជាតិស្រួលចិញ្ចឹមលក់ដាច់នារដូវសែនចិន​

បានផុស

នៅ

លោក សេង សម្បត្តិ មានអាយុ ៣៥ ឆ្នាំ ជាអ្នកចិញ្ចឹមជ្រូកកណ្ដុរធម្មជាតិ នៅភូមិខ្នាចកន្ទួត ឃុំស្វាយចចឹប ស្រុកបសេដ្ធ ខេត្តកំពុងស្ពឺបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមរបរចិញ្ចឹមជ្រូកកណ្ដុរលក់នៅពាក់កណ្ដាលឆ្នាំ ២០២១ ដោយបានពូជមកពីកសិដ្ឋានអ្នកឧកញ៉ា ម៉ុង ឬទ្ធី។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយលោកគ្រាន់តែចង់សាកល្បងចិញ្ចឹម ដោយសារលោកមានដីចម្ការស្រាប់ លុះចិញ្ចឹមតាមបែបធម្មជាតិទៅ ក៏ឃើញលទ្ធផលមានការរីកចម្រើនឡើង ខណៈមានភាពងាយស្រួលចិញ្ចឹមតាមបែបធម្មជាតិ។

ដំបូងលោកមានមេជ្រូកតែ ៨ ក្បាល និងបា ១ ក្បាលប៉ុណ្ណោះ ប៉ុន្តែពេលនេះ ជ្រូករបស់លោកបានកើនដល់ប្រមាណ ៥០ ក្បាល ខណៈលោកគ្រោងពង្រីករបរនេះបន្ថែមទៀត។

ចំពោះរបៀបចិញ្ចឹមលោកបង្ហើបថា ជ្រូកកណ្ដុររស់នៅរបៀបជ្រូកព្រៃ គឺគ្រាន់តែមានកន្ទក់ធ្វើជាចំណី និងបន្លែមួយចំនួនដូច្នេះ គឺលោកគ្រាន់តែដាក់សំណាញ់ព័ទ្ធដីចម្ការរបស់លោកហើយពន្លែងឱ្យវារស់នៅដោយឯកឯង ដោយគ្រាន់តែធ្វើទ្រុងសម្រាប់ជ្រកនៅរដូវខែធ្លាក់ភ្លៀង។ រយៈពេលចិញ្ចឹមប្រមាណ ៤ ខែ អាចចាប់លក់បាន ១០ ទៅ ១៥ គីឡូ។

មួយថ្ងៃឱ្យចំណីកន្ទក់តែម្ដងទេ ដើម្បីឱ្យវាស្គាល់ម្ចាស់។ លោកគ្រោងពង្រីកឱ្យបានមេ ៥០ ក្បាល ដើម្បីផ្គត់ផ្គង់ខែសែនចូលឆ្នាំចិន សែនក្បាលទឹក។ ក្រៅពីនេះ លោកប្រាប់ថា ​ស្វាយទំុ ចេកទុំ ល្ហុង និងបន្លែដំណាំផ្សេងៗទៀត ក៏ជាចំណីរបស់ជ្រូកកណ្ដុរដែរ។

ចំពោះតម្លៃលក់ចេញទៅតាមប្រភេទជ្រូកចាប់ពី ៧ ទៅ ១០ គីឡូ ១ ក្បាល ៤០ ម៉ឺនរៀល ចំណែកឯជ្រូកធំ គឺគិតជាគីឡូ ក្នុងតម្លៃ ៣ ម៉ឺនរៀល ក្នុងមួយគីឡូ។ លោកថា ថ្ងៃក្រោយ​មនុស្សអាចងាកទៅរករបស់ធម្មជាតិ ដែលជ្រូកកណ្ដុរនៅតែមានទីផ្សារ​សម្រាប់អ្នកមានតម្រូវការ​ផលិផលល្អ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម