ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន
ក្រសួងមហាផ្ទៃបានធ្វើការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទានឡើយ ព្រោះវាផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃដែលទើបទទួលបាននៅថ្ងៃទី០៧កក្កដានេះបានឱ្យដឹងថា ការហាមឃាត់នេះដោយសារក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន
យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានាដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
ក្រសួងបានពន្យល់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ញាតិខ្មែរត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ក្រសួងចាត់ទុកថា ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។
ក្រសួងបានលើកឡើងថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោតក្រសួងមហាផ្ទៃ សូមធ្វើ ការណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត
ត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវរួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួល បញ្ចាំទាំងនោះវិញ។ បន្ទាប់មកត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែល ជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។
ជាមួយគ្នានេះដែរ ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
និងហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីការហាមឃាត់ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ពិសេសលិខិតលេខ ធ៧ ០២៣ ១២២ ស.ជ.ណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជាស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។
ក្រសួងបានបន្ថែមថា ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាល រាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។ជាងនេះទៀត ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។
ក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងរូបភាពសំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាពិសេសយោងតាមស្មារតីនៃមាត្រា១២៩(អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) នៃច្បាប់ស្តីពីអត្រា នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មបានចែងអំពីការមិនអនុញ្ញាតឱ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្ស (បញ្ចាំ…)៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី