Connect with us

ព័ត៌មានជាតិ

សង្គមស៊ីវិលគាំទ្រសហគ្រាសធុនតូច និងមធ្យម ខណៈសហគ្រាសនេះដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

បានផុស

នៅ

អង្គការអុកស្វាម និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៣ បានសហការរៀបចំ “វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព” ក្រោមប្រធានបទ រួមគ្នាដើម្បីភាពរីកចម្រើនរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា” ដើម្បីលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ បរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។

អង្គការអុកស្វាម និង YEAC មើលឃើញ ពីទំនាក់ទំនងផ្ទាល់នៃកិច្ចគាំទ្ររបស់ខ្លួន ទៅលើការធ្វើធុរកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកលើកកម្ពស់ទំនួលខុសត្រូវផ្នែកបរិស្ថាន សង្គម និងកំណើនសេដ្ឋកិច្ច។ ការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់ទាំងសហគ្រាសធុនតូច និងមធ្យម និងសង្គមទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រាសធុនតូច និងមធ្យម អាចកាត់បន្ថយចំណាយថ្លៃដើម បង្កើនប្រសិទ្ធភាពអាជីវកម្ម ក៏ដូចជាកិត្តិនាមអាជីវកម្មខ្លួន តាមរយៈការកំណត់ទិដ្ឋភាព និរន្តរភាពជាអាទិភាពគន្លឹះ។ ក្នុងពេលទន្ទឹមគ្នា ការអនុវត្តប្រកបដោយនិរន្តរភាពទាំងនេះបានរួមចំណែកដល់ សុខុមាលភាពសង្គមជារួម តាមរយៈការកាត់បន្ថយការបញ្ចេញកាបូន កាកសំណល់ និងជាតិពុល និងជួយអភិរក្សធនធានធម្មជាតិ។ ការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព ផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គម ដោយបានឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រ។

តាមរយៈកម្មវិធីសេដ្ឋកិច្ចបៃតង និងបរិយាប័ន្ន អង្គការអុកស្វាមធ្វើការជាមួយតួអង្គពីវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គំរូធុរកិច្ចប្រកបដោយបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងបង្កើតបរិយាកាសអំណោយផលដល់អាជីវកម្ម ជាពិសេសផលិតករខ្នាតតូច ដើម្បីអោយពួកគេមានភាពធន់ទ្រាំ ទប់ទល់នឹងបញ្ហាការប្រែប្រួលអាកាសធាតុបានកាន់តែប្រសើរ។ កិច្ចគាំទ្រទាំងនេះ មានច្រើនរូបភាព ដូចជាជំនួយ បច្ចេកទេសផ្នែកអាជីវកម្ម ហិរញ្ញប្បទាន ទីផ្សារ និងបច្ចេកវិទ្យាជាដើម។ អង្គការអុកស្វាម ព្យាយាមដាក់បញ្ចូលក្រុមផលិតករខ្នាតតូច និងស្ត្រីនៅក្នុងខ្សែច្រវ៉ាក់តម្លៃតាមរយៈការបំពាក់បំប៉នទាំងជំនាញទន់ និងរឹង ដែលជួយឱ្យពួកគេមានចំណេះដឹង និងជំនាញដើម្បីចិញ្ចឹមជីវិតប្រកបដោយភាពសម្បូរបែប។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “ការទទួលយកការអនុវត្តធុរកិច្ច ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន មិនត្រឹមតែផ្តល់ភាពជាសារវ័ន្តដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប៉ុណ្ណោះទេ តែវាដើរតួនាទីកាន់តែសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃវិស័យឯកជន ពិតជាមានតួនាទីសំខាន់ណាស់ក្នុងផ្នែកនេះ ប៉ុន្តែដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបាន ពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រជាប្រាកដ ដើម្បីអាច ដំណើរការទៅបានប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងធានាបាននូវនិរន្តភាព។ អង្គការអុកស្វាម មានជំនឿយ៉ាងមុតម៉ាំថា តាមរយៈកិច្ចសហការរវាងភាពជាដៃគូ រវាងរដ្ឋ-ឯកជន ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល  ពិតជាអាចរួមចំណែកពង្រឹង និងទាញយកប្រយោជន៍ពីធនធានដែលត្រូវការចាំបាច់ដើម្បីភាពរុងរឿង និងសមភាពទាំងសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល។”

ស្ថិតក្រោមអាណត្តិរបស់ខ្លួន YEAC មានតួនាទីផ្តល់ភាពអង់អាចដល់សហគ្រិនវ័យក្មេង និងបង្កើនភាពជាសហគ្រិន និងភាពជោគជ័យ តាមរយៈការបង្កើតជាបណ្តាញទំនាក់ទំនង ចែករំលែក រៀនសូត្រ និងឱកាសអាជីវកម្មរួមគ្នា ដែលនឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងការងារប្រកបដោយផលិតភាព។ ធុរកិច្ចប្រកបដោយបរិយាប័ន្នគឺជារបៀបវារៈចម្បងមួយរបស់ YEAC ហេតុនេះ ប្រតិបត្តិការ និងជំនួយបច្ចេកទេសរបស់គេ បន្តផ្តោតលើ ការលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយបរិយាប័ន្នក្នុងចំណោមសមាជិក។ YEAC បានរួមចំណែកកសាងសមត្ថភាពរបស់ សហគ្រាសធុនតូច និងមធ្យមតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការអភិវឌ្ឍន៍ជំនាញ កម្មវិធីពន្លឿន តម្រូវការស្តង់ដារ និងភាពអនុលោមដើម្បីបង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មខ្លួន។ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងជោគជ័យ ត្រូវបានដាក់ឱ្យដំណើរការដើម្បីលើកទឹកចិត្តឱ្យ សហគ្រិនទាំងនោះ ប្រឹងប្រែងដើម្បីសម្រេចបាននូវការធ្វើធុរកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានប្រសាសន៍ថា “ថ្មីនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងការពង្រឹងសមត្ថភាពធុរកិច្ចជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការប្រគួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាននិងឆាកអន្តរជាតិជាច្រើន និងចាប់យកឱកាសផ្សេងៗ សម្រាប់អភវឌ្ឍនអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចការទទួលបាននូវការត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងនិងក្រៅប្រទេស។ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានទស្សនៈវិស័យចង់ឃើញ សហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកបរបរ អាជីវកម្មប្រកបដោយបច្ចេវិទ្យានវានុវត្តន៏ បរិយាប័ន្ន និងមានស្ថេរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។

សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជាប្រមាណ ៩៩%  និងផ្តល់ការងារដល់កម្មករប្រមាណ ៧០%។ សហគ្រាសធុនតូច និងមធ្យមបង្កើតឱកាសការងារ និងមានមុខរបរ រកស៊ីចម្រុះនៅក្នុងច្រើនវិស័យ ជួយដល់កម្មករតាមទម្រង់ផ្សេងៗគ្នា ផ្តើមពីកម្មករដែលមាន ជំនាញទាប និងឱកាស អភិវឌ្ឍន៍ជំនាញទាំងនោះជាបន្តបន្ទាប់។

ក្នុងន័យនេះ សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ណាស់ក្នុង ការដោះស្រាយបញ្ហាសង្គម និងបរិស្ថាន តាមរយៈកំណើន បរិយាប័ន្ន និងនិរន្តភាព។ វេទិកានាថ្ងៃនេះ នឹងឆ្លុះបញ្ចាំង ពីការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់សកម្មភាព សេដ្ឋកិច្ចក្នុងស្រុក សុខុមាលភាពសង្គម និងផលជះលើបរិស្ថាន។ កាលពីឆ្នាំ ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័ត លើយុទ្ធសាស្ត្រលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ អាជីវកម្មប្រកបដោយបរិយាប័ន្ននៅកម្ពុជា ហៅកាត់ថា យុទ្ធសាស្ត្រ IBeeC។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន បានលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលនេះជាកត្តាចាំបាច់ដែលយើងទាំងអស់គួរចូលរួមក្នុងការធ្វើយ៉ាងណាជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យកនូវគោលការណ៍និរន្តរភាព និងបរិយាប័ន្ន។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន តែងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រធានបទនេះ ហើយបានបន្តលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវស្ថានភាពឈ្នះឈ្នះ៖​ ១) ការលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប ២) ការជំរុញ និងរក្សាបានផលចំណេញអាជីវកម្ម សម្រាប់ម្ចាស់អាជីវកម្ម ៣) ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។”

ជាការយល់ឃើញរួមអំពីតម្រូវការចាំបាច់ អង្គវេទិកាគូសបញ្ជាក់ពីតម្រូវការបង្កើតឱ្យមាន “វេទិកាធុរកិច្ចប្រកបដោយ និរន្តរភាព” ដើម្បីបន្តរក្សាលំនឹងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ តួអង្គពាក់ព័ន្ធ និងសហគ្រាសធនតូច និងមធ្យមជាច្រើនបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនលើវត្តមានរបស់វេទិកានេះ។

ពួកគេយល់ឃើញថា វាគឺមិនមែនត្រឹមតែជាទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះទេ តែជាឱកាសធ្វើការរួមគ្នាដើម្បីលើកកម្ពស់ និរន្តរភាព ដែលនឹងរួមចំណែកទៅសម្រេចបានកំណើនបៃតងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ បរិយាប័ន្នសេដ្ឋកិច្ចដើម្បីកំណើនបៃតង គឺជាការយកចិត្តទុកដាក់របស់អាជីវកម្មទាំងក្នុង និងក្រៅស្រុក រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ នេះគឺជាឱកាសដែលក្រុមហ៊ុន និងសហគ្រាសធនតូច និងមធ្យមត្រូវឆក់យក ម្បីស្តារឡើងវិញ និងធានានិរន្តរភាពនៃអាជីវកម្មរបស់ខ្លួនពីផលរំខាននានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម