ព័ត៌មានជាតិ
ឌីជីថលជួយពង្រីកទីផ្សាររបស់សហគ្រិន បង្កើនចំណូល និងពង្រឹងស័ក្ដិសិទ្ធិភាពការងារ
ឌីជីថលូបនីយកម្ម (Digitalization) បានធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបធ្វើអាជីវកម្ម ដោយបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពថ្មី ដែលតម្រូវឱ្យសហគ្រិនទាញយកសក្តានុពលពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណើរការអាជីវកម្ម ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងដៃគូអាជីវកម្ម ស្វែងយល់ពីអតិថិជនបានកាន់តែប្រសើរ និងបង្កើនទីផ្សារជាដើម។ មួយវិញទៀត បច្ចេកវិទ្យាឌីជីថលអាចជួយឱ្យសហគ្រាសតូចធំប្រកបអាជីវកម្មពីចម្ងាយ ដែលតម្រូវឱ្យសហគ្រិនចេះចាប់យកសក្តានុពលពីបច្ចេកវិទ្យាទាំងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/១-11-1024x614.jpg)
យោងតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបញ្ជាក់អំពីអត្ថប្រយោជន៍សំខាន់ៗមួយចំនួននៃការចាប់យកសហគ្រិនភាពឌីជីថល ដូចខាងក្រោម៖
១. អាចជួយបង្កើនទីផ្សារ៖ ដោយសារតែការទិញទំនិញ និងការទទួលបានសេវាតាមប្រព័ន្ធអនឡាញ មានភាពងាយស្រួល និងចំណេញពេលវេលា អតិថិជនកាន់តែច្រើនឡើងបានចាប់ផ្ដើមនិយមប្រើប្រាស់ថ្នាលឌីជីថល ដើម្បីទិញផលិតផល ឬសេវាកម្មនានា។ ក្នុងន័យនេះ សហគ្រិនភាពឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនទីផ្សារ ដោយសហគ្រិនអាចប្រើប្រាស់បណ្តាញសង្គម ដើម្បីអាចធ្វើទីផ្សារ និងលក់ផលិតផល ឬសេវាកម្មនានាដល់អតិថិជនជុំវិញពិភពលោក។
២. បង្កើនចំណូល៖ សហគ្រិនភាពឌីជីថលក៏អាចជួយឱ្យសហគ្រិនមានប្រភពប្រាក់ចំណូលបន្ថែមផងដែរ។ ជាក់ស្ដែង សហគ្រិនអាចទទួលបានប្រាក់ចំណូលបន្ថែមពីការទទួលផ្សព្វផ្សាយពាណិជ្ជកម្ម, ហើយបើយោងតាមទិន្នន័យរបស់ Statista គិតត្រឹមដើមឆ្នាំ ២០២២ ទីផ្សារនៃការផ្សព្វផ្សាយពាណិជ្ជកម្មតាមថ្នាលឌីជីថលនៅកម្ពុជាមានតម្លៃប្រមាណ ៧៦ លានដុល្លារអាម៉េរិក។ លើសពីនេះទៀត សហគ្រិនក៏អាចរកប្រាក់ចំណូលតាមរយៈការដាក់ឱ្យអតិថិជនអាចជាវ (Subscribe) នូវសេវានានានៅលើគេហទំព័រ ឬកម្មវិធីទូរស័ព្ទ។
៣. ធ្វើការពីចម្ងាយ៖ សហគ្រិនភាពឌីជីថលអនុញ្ញាតឱ្យសហគ្រិនធ្វើការងារពីចម្ងាយបាន ដោយពួកគេអាចទាញយកសក្តានុពលពីបច្ចេកវិទ្យាមួយចំនួន ដូចជា អ៊ីនធឺណិត បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងបច្ចេកវិទ្យាកុំព្យូទ័រក្លោដ ដែលអាចជួយកាត់បន្ថយការចំណាយលើការជួលការិយាល័យ ថ្លៃទឹក ថ្លៃអគ្គិសនី និងសម្ភារៈនានា។ បច្ចេកវិទ្យាទាំងនេះក៏អនុញ្ញាតឱ្យបុគ្គលិកធ្វើការរួមគ្នាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងជួយសម្រួលដល់ការចែករំលែកទិន្នន័យ និងព័ត៌មាន ព្រមទាំងអាចជួយឱ្យសហគ្រិនពង្រឹងទំនាក់ទំនងជាមួយដៃគូអាជីវកម្មបានជុំវិញពិភពលោក។
៤. ពង្រឹងស័ក្ដិសិទ្ធិភាពការងារ៖ ការចាប់យកសហគ្រិនភាពឌីជីថលពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយកាត់បន្ថយការចំណាយមិនចាំបាច់ និងបង្កើនប្រសិទ្ធភាពការងារ ដោយសហគ្រិនអាចប្រើប្រាស់ស្វ័យប្រវត្តិកម្មដូចជា កម្មវិធីស្វ័យប្រវត្តិកម្មអ៊ីម៉ែល និងកម្មវិធីគ្រប់គ្រងគណនេយ្យដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការជួលបុគ្គលិកសម្រាប់ការងារដដែលៗ និងកាត់បន្ថយកំហុស ដែលអាចរាំងស្ទះដល់ដំណើរការការងារ។ សហគ្រិនភាពឌីជីថលក៏អាចជួយឱ្យសហគ្រិនធ្វើទីផ្សារបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការធ្វើទីផ្សារឌីជីថល ដែលអាចជួយឱ្យសហគ្រិនកំណត់អតិថិជនគោលដៅបានប្រសើរ, ស្វែងយល់ពីលទ្ធផលនៃការធ្វើទីផ្សារបានងាយស្រួល និងមានតម្លៃសមរម្យ ផងដែរ។
សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា ប្រជាជនកាន់តែច្រើនឡើងបាននិងកំពុងចាប់យកបច្ចេកវិទ្យាឌីជីថល។ ដោយយោងតាមគេហទំព័រ DATAREPORTAL គិតត្រឹមដើមឆ្នាំ ២០២២ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា មានចំនួនប្រមាណ ១៣,៤៤លាននាក់។ ទីផ្សារសរុបនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជាមានតម្លៃរហូតដល់ប្រមាណ ៩៧០ លានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ១៩% បើធៀបនឹងឆ្នាំ ២០២០។ នេះបើយោងតាមវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ។
យោងតាមរបាយការណ៍របស់ Meta នៅឆ្នាំ ២០២១ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រមាណ ៧៣% បានយល់ស្របពីសារៈសំខាន់នៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលក្នុងដំណើរការអាជីវកម្មរបស់ពួកគេ ពិសេសជួយរក្សាលំនឹងអាជីវកម្មក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ ផល ធារិត
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Featured-Imag_1-01-1024x732.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត