Connect with us

ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវដល់គ្រប់ម្ចាស់រោងចក្រ-សហគ្រាសនានា អនុញ្ញាតឲ្យបុគ្គលិក-កម្មកររបស់ខ្លួន បានធ្វើដំណើរទៅបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាត ឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឲ្យបានគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការអំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣នេះ បានសរសេរថា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧។ អនុលោមតាមច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។

សេចក្ដីអំពាវនាវនេះ បានសរសេរបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឲ្យ​និយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាកំណត់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ-និយោជិត ឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ នៅថ្ងៃទី ២២ ថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅនាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ការឈប់សម្រាករបស់កម្មករ-នយោជិត នឹងទទួលបានប្រាក់ឈ្នួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម