ព័ត៌មានជាតិ
មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ឧបត្ថម្ភយុទ្ធនាការដាំកូនឈើ ៥ពាន់ដើម នៅកំពង់ឆ្នាំង
នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ សមាគមទូកមាសកង្រីបានរៀបចំយុទ្ធនាការដាំកូនឈើ ៥,០០០ដើម ជាប្រភេទឈើប្រណិត រួមមាន ឈើបេងចំនួន១,៤៣០ដើម គ្រញូងចំនួន១,៤៥០ដើម គគីរចំនួន១,២៥០ដើម ឈើទាលចំនួន៨៧០ដើម ក្នុងតំបន់អភិរក្សសត្វ និងព្រៃឈើទូកមាសកង្រី ក្នុងភូមិសាស្រ្តឃុំចំណូក និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងបំផុសឡើងនូវស្មារតីរួមគ្នាការពារបរិស្ថាន និងសង្គ្រោះភពផែនដី ដោយមានការចូលរួមពីអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន លោកជំទាវ ហេង សុខា និងក្រុមគ្រួសារ តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាស្រុកកំពង់លែង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក គឹម យឿម ប្រធានសមាគម ទូកមាសកង្រី បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង តំណាងក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប, ក្រុមហ៊ុន អាយអិនជី ហូលឌីង, ក្រុមហ៊ុន ដូនពេញ ត្រេដឌីង, ធនាគារឯកទេស ដូនពេញ, ក្រុមហ៊ុន ធានារ៉ាប់រង ភីភល & ផាតនើ អ៊ិនសួរេន, ក្រុមហ៊ុន ដូនពេញ ព្រីខាស ផ្លេន និង ក្រុមហ៊ុន អ៊ី & អេ ខនសាល់ធេន ដែលបានចូលរួមសហការឧបត្ថម្ភក្នុងយុទ្ធការនេះ សរុបប្រមាណ៤០០នាក់។

លោក អុឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានថ្លែងថានេះជាឆ្នាំទី២ហើយដែលយើងបានរៀបចំពិធីនេះឡើង ដោយឆ្នាំមុនយើងបានរួមគ្នាដាំកូនឈើជាង ៤០០០ដើមនៅក្នុងតំបន់នេះ ព្រោះយើងទាំងអស់គ្នាយល់ឃើញថាជាកិច្ចការដ៏សំខាន់ ហើយការងារបរិស្ថានជាកិច្ចការសកលមានលក្ខណៈពហុវិស័យដែលត្រូវបានពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាថែរក្សា ការពារនិងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងសុវត្ថិភាពភពផែនដីទាំងមូល។

ស្របពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ កំណើនប្រជាជននៅតាមទីប្រជុំជន និងសកម្មភាពអភិវឌ្ឍន៍ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចប្រឈមនិងការបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខភាពទីក្រុង និងសុខមាលភាពសង្គម។ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានដល់គ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ ដែលទាមទារអោយយើងទាំងអស់គ្នាត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការស្វែងរកវិធានការឆ្លើយតបឲ្យបានសមស្របនិងទាន់ពេលវេលា។ ដើម្បីឆ្លើយតបទៅនឹងកិច្ចការដ៏មានសារៈសំខាន់នេះ ក្រោមគំនិតផ្ដួចផ្ដើមនិងចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយចិត្តសប្បុរសរបស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ត្រូវបានបង្កើតដែលជាមូលនិធិមិនរកប្រាក់ចំណេញ ដោយអ្នកឧកញ៉ាបានប្រើប្រាស់នូវធនធានផ្ទាល់ខ្លួនក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ក៏ដូចជាកសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ល។

ក្នុងគោលបំណងថែទាំ ការពារ និងអភិរក្ស សត្វព្រៃនិងព្រៃឈើ សមាគមថ្មីមួយត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភពីមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ សហការអភិរក្សសត្វព្រៃនិងព្រៃឈើនៅក្នុងតំបន់ភ្នំទូកមាសនេះ ។
ថ្លែងក្នុងយុទ្ធនាការនេះដែរ លោក អុឹង ស៊ីវម៉េង បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាបន្តចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងការជួញដូរសត្វព្រៃផ្សេងៗក្នុងតំបន់សហគមន៍នេះ។

យោងតាមប្រសាសន៍លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានលើកឡើងថាក្នុងនាមជាអាជ្ញាធរពិតជាសាទរនិងរីករាយក្នុងការចូលរួមសកម្មភាពអភិរក្សសត្វព្រៃនិងព្រៃឈើនៅក្នុងតំបន់នេះ ដែលអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ តែងចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួន មកថែរក្សាការពារដាំកូនឈើបន្ថែម និងការទទួលយកសត្វព្រៃពីប្រជាពលរដ្ឋមកដាក់នៅតំបន់នេះ។ លោកបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋរួមគ្នាថែរក្សានិងអភិរក្សសត្វព្រៃនិងព្រៃឈើនៅក្នុងតំបន់នេះឱ្យបានគង់វង្ស។

អំពីសមាគមទូកមាសកង្រី
សមាគមទូកមាសកង្រី ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃលេខ ២៥១២ ប្រក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៣ ដែលមានទីស្នាក់ការកណ្ដាលនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សមាគមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
១. ប្រមូលផ្តុំអ្នកជំនាញវិជ្ជាជីវៈផ្នែកបរិស្ថាន ការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ សហការជាមួយដៃគូឯកជន សប្បុរសជន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដៃគូពាក់ព័ន្ធដែលមានចក្ខុវិស័យស្របគ្នា ដើម្បីរួមគ្នាថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង “ភ្នំនាងកង្រី-ភ្នំទូកមាស” ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២. សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយទិន្នន័យ ព័ត៌មានអំពីស្ថានភាពបរិស្ថាន សត្វព្រៃ និងជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងកិច្ចការអភិរក្ស និងការពារ ឱ្យមានប្រសិទ្ធភាព។
៣. សមាគមទូកមាសកង្រី មានគោលដៅ ផ្សព្វផ្សាយផ្តល់ និងឧបត្ថម្ភគាំទ្រនូវវគ្គបណ្តុះបណ្តាល អប់រំដល់សមាជិកសមាគម ក៏ដូចជាសហគមមូលដ្ឋាន នូវចំណេះដឹង ជំនាញវិជ្ជាជីវៈ ទាក់ទងនឹងការងារបរិស្ថាន សត្វព្រៃ និងព្រៃឈើ ដើម្បីកសាងសមត្ថភាព និងសម្រាប់ការអភិរក្ស ការពារប្រកបដោយនិរន្តរភាព។ ចូលរួមសហការជាមួយអ្នកពាក់ព័ន្ធ ស្ថាប័នជំនាញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ លើការលើកកម្ពស់ការយល់ដឹង ការផ្លាស់ប្តូរព័ត៌មាន ការគាំទ្រផ្នែកបច្ចេកទេស និងធនធាន ការបង្ការទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងតំបន់នេះ។
នៅក្នុងនោះផងដែរ សមាគមទូកមាសកង្រី ត្រូវបានក្រសួងបរិស្ថាន អនុញ្ញាតនូវគោលការណ៍ ពង្រីកវិសាលភាពដែនសហការការពារ និងអភិរក្ស ក្នុងតំបន់ភ្នំទូកមាសដែលមានផ្ទៃដីទំហំ ២៦៧៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះសមាគមបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានក្នុងការសហការណ៍ និងអភិរក្សសត្វព្រៃ និងព្រៃឈើចាប់ពីពេលនេះតទៅ៕




















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ