ព័ត៌មានជាតិ
គ.ជ.ប ព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត
នៅថ្ងៃទី១១ ខែកក្កដានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានព្រមានដល់បុគ្គលដែលណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅពេលទៅបោះឆ្នោតជាតិ ខាងមុខនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

ការព្រមានចាត់វិធានការច្បាប់នេះ ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ តែនៅមានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការតាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពលរដ្ឋក្លាយជាសន្លឹកឆ្នោតមិនបានការ ហេតុថាមិនមានគណបក្សភ្លើងទៀន។
ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានអះអាងថា «អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប មាត្រា១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតមួយចំនួន។
មធ្យោបាយទុច្ចរិតនេះ គឺ គ.ជ.ប សំដៅដល់ការណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ឬធ្វើឱ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ក៏ដូចជាធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។

ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចប្រការខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងលុបបេក្ខភាពរបស់សាមីខ្លួន និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ គ.ជ.ប។
ដូច្នេះ គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិពលរដ្ឋ និងនាំពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
ទន្ទឹមនេះ គ.ជ.ប ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីអាចចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
លើសពីនេះ គ.ជ.ប ក៏បានលើកទឹកចិត្តពលរដ្ឋម្ចាស់ឆ្នោត គូសសញ្ញាធិក គាំទ្រគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជាពលរដ្ឋកម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ