ព័ត៌មានជាតិ
កូនខ្មែរម្នាក់ចំណាយពេលឆ្លងប្រទេសរាប់សិបដង ដើម្បីហាត់គុនល្បុក្កតោ រហូតក្លាយជាគ្រូគុនចម្រុះនៅអាមេរិក
លោក គីម សំបូរ ជាកូនខ្មែរមួយរូបរស់នៅអាមេរិកមួយរូប បច្ចុប្បន្នជាគ្រូបង្រៀនក្បាច់គុនចម្រុះ សាលា Premier Martial Art ដ៏ល្បីរបស់អាមេរិក ហើយក៏កំពុងបម្រើការងារឱ្យក្រុមហ៊ុន ២កន្លែងផ្សេងទៀត គឺក្រុមហ៊ុនផលិតគ្រឿងបរិក្ខារពេទ្យ និងក្រុមហ៊ុនអាកាសចរណ៍ American Airline។
ផ្តើមពីការចង់ស្គាល់ ចង់ដឹង និងកោតស្ញប់ស្ញែងខ្លាំងចំពោះក្បាច់គុនល្បីល្បាញរបស់ខ្មែរ “គុនល្បុក្កតោ” យុវជន វ័យ ២៨ឆ្នាំ រូបនេះ បានតស៊ូស្វែងរកហាត់រៀន ដោយត្រូវចេញចូលទឹកដីកម្ពុជាជាច្រើនលើក រហូតបានក្លាយជាគ្រូបង្វឹកក្បាច់គុនល្បុក្កតោ និងសិល្បៈការពារខ្លួនគុនខ្មែរ ដល់ជនជាតិបរទេស ក្នុងរដ្ឋ Utah ។


តើដំណើរនៃការចាប់ផ្តើមក្នុងវិស័យគុនខ្មែរ របស់ លោក គីម សំបូរ យ៉ាងណា?
ក្នុងវ័យប្រហែលជា ១៤-១៥ឆ្នាំ ជាលើកដំបូងដែលយុវជនរូបនេះ បានឃើញ និងដឹងពីគុនល្បុក្កតោ។ បើនិយាយពីអំឡុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយមិនសូវជាទូលំទូលាយប៉ុន្មានទេ តែនៅអាមេរិក អាចមើលឃើញការផ្សាយរបស់ស្ថានីយទូរទស្សន៍ពីរ គឺ CTN និង ទទក ដែលពេលនោះហើយ យុវជនរូបនេះ បានឃើញការសម្តែងគុនល្បុក្កតោ ជាលើកដំបូង ដោយកញ្ញា សំ ថារ័ត្ន ។ លោកថា “ពេលដែលខ្ញុំបានឃើញរៀមច្បង សំ ថារ័ត្ន សម្តែងគុនល្បុក្កតោ ខ្ញុំមាន អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ព្រោះខ្ញុំក៏ជាអ្នកកើតនៅលើទឹកដីខ្មែរ និងរស់នៅទីនោះច្រើនឆ្នាំដែរ តែខ្ញុំពិតជាមិនធ្លាប់បានដឹង ទាល់តែសោះថា ខ្មែរមានគុនល្អបែបនេះ” ។

លោកបន្តថា នោះជាលើកទី១ហើយ ដែលលោកបានដឹងពីគុនល្បុក្កតោ ដោយសារតែបានមើលឃើញពីការសម្តែង របស់ កញ្ញា សំ ថារ័ត្ន ដែលជាតារាសម្ដែង និងជាគ្រូគុនល្បុក្កតោល្បីមួយរូបនៅកម្ពុជា ធ្វើឱ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំង និងមិនស្មានថា ខ្មែរមានក្បាច់គុនល្អអស្ចារ្យ គួរឱ្យកោតស្ញប់ស្ញែងបែបនេះ។ វេលានោះហើយ ជាចំណុចចាប់ផ្តើម ដែល ជម្រុញឱ្យយុវជនម្នាក់នេះ សច្ចាក្នុងចិត្តថា នៅវេលាសក្តិសមណាក៏ដោយ ឱ្យតែលោកបានជាន់ទឹកដីនៃប្រទេសកម្ពុជា លោកនឹងឆ្លៀតហាត់រៀនក្បាច់គុននេះឱ្យខានតែបាន។
យុវជនរូបនេះ បានប្រឡូកក្នុងវិស័យគុនខ្មែរ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ បើគិតត្រឹមឆ្នាំ២០២៣ គឺមានរយៈពេល ៨ឆ្នាំហើយ។ លោកថា “ក្រោយបានហាត់រៀន ខ្ញុំកត់សម្គាល់ឃើញថា គុនខ្មែរមួយប្រភេទនេះ មានក្បាច់សម្បូរបែបណាស់ បើប្រៀបធៀបជាមួយនឹងគុនសៅលីងចិនដែលល្បីនោះ គុនល្បុក្កតោមានក្បាច់សម្បូរបែបដូចនោះឯង ប៉ុន្តែអស្ចារ្យជាង និងខ្លាំងជាង សម្រាប់ខ្ញុំ” ។
បើរំលឹកពីការចាប់ផ្តើម អំឡុងឆ្នាំ២០១៥ យុវជនរូបនេះ មិនដឹងថា ខ្លួនត្រូវទៅស្វែងរកការសិក្សារៀនសូត្រក្បាច់គុននេះ ពីណាទេ។ តែជាសំណាង ក្នុងគ្រាដែលជិះដើររកសាលាគុនខ្មែរជាមួយនឹងឪពុកធម៌ ក៏បានជួបនឹងអ្នកមីងម្នាក់ ជាអ្នក ស្គាល់គ្នានឹងឪពុកធម៌លោក ដែលកូនរបស់គាត់ជាគ្រូបង្រៀនគុនល្បុក្កតោស្រាប់ ទើបសំបូរបានចូលរៀនគុនពីពេលនោះ មក។ លោកបន្តថា កាលណោះ លោកមានរយៈពេលត្រឹមតែ ២ខែ ជាពេលវេលាដែលលោកត្រូវមកលេងសាច់ញាតិនៅ កម្ពុជា ហើយលោកក៏បានឆ្លៀតយកពេលនោះទៅហាត់រៀន។



បើតាម លោក គីម សំបូរ ការហាត់រៀនរបស់លោក មិនបានបញ្ចប់ត្រឹមតែមួយលើកនោះទេ លោកបានចេញចូលកម្ពុជា មិនតិចដងទេ ដើម្បីតែហាត់គុន ដោយប្រើពេលវិស្សមកាល និងពេលទំនេររបស់លោកផ្ទាល់។ លោកបញ្ជាក់ថា ចំណាយពេលច្រើនឆ្នាំមកនេះ ទីបំផុត នៅថ្ងៃទី១៩ ខែមករា ២០២៣ លោកក៏បញ្ចប់ការសិក្សាដោយជោគជ័យ ដែលហាត់ចប់ ៦០០-៧០០ក្បាច់ ទទួលបានសញ្ញាបត្រគ្រូបង្ហាត់ (Kun Bokator Academy of Cambodia) ពីបណ្ឌិតសភា គុនល្បុក្កតោកម្ពុជា ផ្តល់ដោយព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលសញ្ញាបត្រនេះ ក៏មានទទួលស្គាល់ពី អង្គការយូណេស្គូ ផងដែរ។


លោកបន្ថែមថា ហាត់គុនល្បុក្កតោ ធ្លាប់តែជាក្តីស្រមៃ ប៉ុន្តែពេលនេះ លោកអាចសម្រេចបំណងទី១ របស់ខ្លួនបាន ជារឿងមួយដែលត្រូវត្រេកអរនឹងខ្លួនឯង ប៉ុន្តែលោកនៅមានបំណងប្រាថ្នាបន្ទាប់ទៀត ក្នុងការនាំយកគុនខ្មែរឱ្យពិភពលោក បានស្គាល់។ ប៉ុន្តែលោកនៅមានបំណងប្រាថ្នាមួយទៀត គឺឆន្ទៈឱ្យពិភពលោកស្គាល់ គុនខ្មែរ និងប្តូរផ្នត់គំនិតដែលយល់ច្រឡំថា គុនខ្មែរជារបស់ថៃ។
ព្រោះតែសមត្ថភាព និងភាពក្លៀវក្លា ក្នុងការលើកស្ទួយវិស័យគុនខ្មែរ លោក គីម សំបូរ បានផ្សព្វផ្សាយគុនល្បុក្កតោនេះ តាមគ្រប់រូបភាព រួមទាំងធ្លាប់បានសម្តែងក្នុងឱកាសជួបជុំក្នុងសហគមន៍ខ្មែរដែលរស់នៅអាមេរិក និងចូលរួមប្រកួត តំណាងក្លិបគុន តំណាងរដ្ឋ ដែលអាចទុកថាជាការតំណាងឱ្យមុខមាត់ខ្មែរផងដែរ។ លើសពីនេះ លោកក៏បានដាក់ពាក្យ ធ្វើជាគ្រូបង្ហាត់គុន នៅសាលាលំដាប់មួយរបស់អាមេរិក “Premier Martial Arts” ជាសាលាក្បាច់គុន ដែលមាន ជាង ២០០សាខា នៅទូទាំងសហរដ្ឋអាមេរិក រួមទាំងប្រទេសកាណាដា និងចក្រភពអង់គ្លេស ដោយបាននាំយកគុនខ្មែរ បង្ហាត់បង្ហាញសិស្សនៅទីនោះ និងណែនាំឱ្យគេបានដឹងថា នេះជាគុនខ្មែរ។

បើតាមគ្រូគុនចម្រុះរូបនេះ វាសឹងតែមិនគួរឱ្យជឿសម្រាប់លោក ដែលរាល់ការគិតរបស់លោក បានសម្រេចម្តងមួយៗ និងសូម្បីតែបំណងប្រាថ្នារបស់លោក ដែលចង់ឃើញគុនខ្មែរនៅលើខ្សែភាពយន្តបរទេស ក៏ក្លាយជាការពិតឆាប់ៗនេះដែរ ព្រោះលោក ទទួលបានឱកាសជា Action Director ក្នុងភាពយន្ត Power Rangers ថ្មី ដែលមានចំណងជើងថា «POWER RANGERS» គ្រប់គ្រងលើឈុតឆាកវាយតប់ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action ហើយក្នុងនោះ លោកក៏បានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ ក្នុងឈុតឆាក Action ឱ្យតួសម្តែងផងដែរ។

គួរបញ្ជាក់ថា លោក គីម សំបូរ មានមូលដ្ឋានគ្រឹះក្បាច់គុនតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយដំបូងឡើយ លោកជាអ្នក ហាត់គុនថាយជិ គុនសៅលីង ខាងត្បូង-ខាងជើង និងយូដូ ហើយឆ្នាំ២០១៥ លោកបានចាប់ផ្តើមប្រលូកខ្លួនជាមួយគុនល្បុក្កតោ និងបណ្តុះមហិច្ចតាដ៏ធំ ក្នុងគុនខ្មែរនេះតែម្តង៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ