ព័ត៌មានជាតិ
លំហូរការជួញដូរគ្រឿងញៀននៅខេត្តកោះកុង ថយចុះគួរឲ្យកត់សម្គាល់
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បង្ហាញថា ឆមាសទី ១ ដើមឆ្នាំ ២០២៣ លំហូរការចែកចាយជួញដូរគ្រឿងញៀនបានថយចុះគួរឲ្យកត់សម្គាល់ ខណៈសមត្ថកិច្ចជំនាញបង្ក្រាបតឹងរ៉ឹង។
ខេត្តកោះកុង បានយកវិធានការណែនាំអប់រំ វិធានការរដ្ឋបាល និងវិធានការអនុវត្តច្បាប់ចំពោះក្រុមមុខសញ្ញាពាក់ព័ន្ធនឹងការចែកចាយជួញដូរគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត ទោះបីដើមឆ្នាំ ២០២៣ បង្ក្រាបបានសារធាតុញៀនតិចតួចក៏ដោយ។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ លោក សំ ឃិតវៀន អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានឲ្យដឹងថា កន្លងទៅ ក្រុមការងារបានផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន ៣៩៩ លើក ដែលមានមនុស្សចូលរួមសរុប ៩.៣២៧ នាក់។ វិធានការអប់រំណែនាំយល់ដឹងនេះ ធ្វើឡើងនៅតាមសាលារៀន វត្តអារាម ក្លិបសេវាកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និងតាមសារព័ត៌មានវិទ្យុ។
លោក សំ ឃិតវៀន បន្ថែមថា បញ្ហាជួញដូរគ្រឿងញៀន ត្រូវបានបង្ក្រាបបានចំនួន ៤០ ករណី ឃាត់ខ្លួនមនុស្ស ៨២ នាក់ ក្នុងនោះស្រី ១២ នាក់។ ចំណែកការដកហូតវត្ថុតាងរក្សាទុក រួមមាន ៖ ម្សៅក្រាមពណ៌សជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៦៦៦.១៦ ក្រាម ម៉ូតូ ១២ គ្រឿង ទូរស័ព្ទដៃ ៦៣ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ៥ គ្រឿង ដាវ ១ ដើម ទូក ៨ គ្រឿង កាំភ្លើងកែច្នៃចំនួន ៣ ដើម។
អាជ្ញាធរជំនាញ ក៏លើកឡើងដែរពីបញ្ហាប្រឈម ដោយខ្វះខាតមធ្យោបាយ និងថវិកាចុះបង្ក្រាប ផ្សព្វផ្សាយអប់រំ ដែលធ្វើឲ្យការងារអនុវត្តវិធានការមួយចំនួនមានការយឺតយ៉ាវ។ ខ្វះទីកន្លែងឃុំខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងមណ្ឌលអប់រំបន្សាប ស្តារនីតិសម្បទា និងព្យាបាលអ្នកញៀនថ្នាំ។
ទោះយ៉ាងណា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅតែបន្តលើកទឹកចិត្តជំរុញដល់សមត្ថកិច្ចអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីផលគ្រោះថ្នាក់ដោយសារសារធាតុញៀនទៅកាន់ពលរដ្ឋ ពិសេសជាយុវជន។
លោកស្រីអភិបាលខេត្ត សង្កត់ធ្ងន់ដែរថា គ្រឿងញៀន ពុំមែនជាឱសថជួយបំបាត់ទុក្ខព្រួយ ឬ ប៉ូវថាមពលកម្លាំងកាយនោះទេ ពោលការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យខូចសុខភាព បង្កបញ្ហាដល់គ្រួសារ បាត់បង់សណ្ដាប់ធ្នាប់សង្គម អាចស្លាប់ និងជាអំពើខុសច្បាប់ឲ។ បញ្ហាទាំងនេះ ទាមទារឲ្យមានវិធានការចូលរួមទាំងអស់គ្នាដែលមិនខ្វះបាន។
ទាក់ទិនបញ្ហាគ្រឿងញៀននេះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង គូសបញ្ជាក់ថា លំហូរការចែកចាយចរាចរជួញដូរគ្រឿងញៀនមកពីប្រភពខាងក្រៅខេត្ត ពុំមានសកម្មភាពដូចពេលមុនៗ មានតែការជួញដូរបន្តិចបន្តួចប៉ុណ្ណោះ ដោយសមត្ថកិច្ចបង្ក្រាបបានជាបន្ត។
លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង បច្ចុប្បន្នសមត្ថកិច្ចរបស់លោកនៅតែបន្តតាមដានស៊ើបអង្កេតរកមុខសញ្ញាគ្រប់ពេលវេលា ករណីមានព័ត៌មានណាជុំវិញគ្រឿងញៀន។ រីឯប្រជាពលរដ្ឋ ប្រទះឃើញមានសកម្មភាពចរាចរគ្រឿងញៀន មេត្តាសូមប្រញាប់រាយការណ៍ព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ