ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យសហគមន៍ព្រៃឈើបង្កើនការចិញ្ចឹមសត្វ ត្រី និងដាំបន្លែបន្ថែមដើម្បីបង្កើនប្រភពចំណូល
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំឲ្យសហគមន៍ព្រៃឈើទូទាំងប្រទេសបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ(មាន់ស្រែ) ត្រី ដាំបន្លែនិងដំណាំរួមផ្សំដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍។

លោកវេង សាខុន បានលើកឡើងបែបនេះក្នុងឱកាសចុះទៅវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើព្រៃហ៊ុំ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានបន្តថា«ការបង្កើនផលិតកម្មស្បៀងនេះគឺដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចឹមឃ្មុំ ដាំឫស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ឲ្យបានល្អដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្ទ្រានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ»។
លោករដ្ឋមន្ត្រី វេងសាខុនបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើ ដែលបានសហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសយកគម្រោងមកអនុវត្តក្នុងសហគមន៍ផ្ទាល់ ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសកែប្រែ ឬលើកកម្ពស់កម្រិតជីវភាព ធានាបានការអភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្មជួយលើការងារបច្ចេកទេស និងទីផ្សារដើម្បីជួយរំដោះផលដំណាំពីសហគមន៍។
បើតាមប្រធានសហគមន៍ព្រៃឈើបានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងក្នុងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ដែលបច្ចុប្បន្នសហគមន៍មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសារ)។

លោកបានបន្តទៀតថា សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ ដើម្បី លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍បច្ចុប្បន្ន រដ្ឋបាលព្រៃឈើបាននាំយកគម្រោងស្តីពីប្រព័ន្ធកសិ-រុក្ខកម្ម លើដី ១០ហ.ត ជីកអណ្តូងខ្នោះ ០១ អណ្តូងប្រើប្រាស់សូឡាប៊ូមទឹក ០១ ជីកស្រះទឹក ០១ សាងសង់ស្នាក់ការយាម តម្លើងរោងដាំបន្លែ (Green house) ចំនួន ០២ផងដែរ។ផ្ទៃដី ៦ហិកតា បានដាំឈើពាណិជ្ជកម្ម រយៈពេលវែង មធ្យម និងខ្លីចំនួន ១២៣៥០ដើម ក្នុងនោះមានគ្រញូងចំនួន ៨០០០ដើម ធ្នង់ ១០០០ដើម បេង ១០០០ដើម អង្កាញ់ ១០០០ដើម ច្រេស ១០០០ដើម ខ្នុរ ១០០ដើម ស្តៅ ២០០ដើម និងស្វាយ ៥០ដើម។ ដោយសារគម្រោង បច្ចុប្បន្នសហគមន៍ទទួលបានប្រាក់ចំណូលសរុបប្រមាណជា ៦ ៥០០ ០០០រៀល៕
ដោយ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ