ព័ត៌មានជាតិ
មន្ត្រីពន្លត់អគ្គិភ័យ ៖ ជាង ៤៥% នៃគ្រោះអគ្គិភ័យ កើតឡើងមកពីការឆ្លងចរន្តអគ្គិសនី
លោកឧត្ដមសេនីយ៍ឯក នេត ចន្ថា ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានអះអាងថា ជាង ៤៥% នៃគ្រោះអគ្គិភ័យ កើតឡើងបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីដែលទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែមទៀត។

ថ្លែងក្នុងពិធីហ្វឹកហាត់ដល់បុគ្គលិកផ្សារទំនើបអ៊ីអនម៉លទី ១ ប្រមាណជាង ៣០០ នាក់ នៅព្រឹកថ្ងៃទី ១២ កក្កដានេះ លោកឧត្ដមសេនីយ៍ឯក នេត ចន្ថា បានបន្តថា មូលហេតុការកើតឡើង នៃគ្រោះមហន្តរាយអគ្គិភ័យនេះ បណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី ចំនួន ៤៥,២៥% ករណីប្រើប្រាស់ភ្លើងចំនួន ៣៤,៤០% និងមូលហេតុផ្សេងទៀតចំនួន ៤២%។

លោកឧត្ដមសេនីយ៍ឯក នេត ចន្ថា បានលើករបាយការណ៍មកបញ្ជាក់ថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៥៦១ លើក កើនឡើង ១៤៤ លើក បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤១ នាក់ និងរងរបួស ៨៤ នាក់។

បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល ៦ ខែនេះ គ្រោះអគ្គិភ័យបានកើតឡើងនៅទូទាំងប្រទេសចំនួន ៣៣៧ លើក បណ្ដាលឲ្យឆេះផ្ទះចំនួន ៣៧២ ខ្នង តូបផ្សារ ៥៩ តូប ឃ្លាំងទំនិញ ៨ កន្លែង សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១៤ នាក់ និងរបួស ២៧ នាក់។

ក្នុងចំណោមអគ្គិភ័យទាំង ៣៣៧ លើក ក្នុងនោះកើតនៅរាជធានីភ្នំពេញច្រើនជាងគេ មានចំនួន ៦២ លើក បណ្ដាលឲ្យឆេះផ្ទះចំនួន ៥៦ ខ្នង តូបផ្សារ ១៣ តូប ឃ្លាំងទំនិញ ៧ កន្លែង រោងចក្រសិប្បកម្ម ២ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ៧ នាក់។ ក្រៅពីនេះ ខេត្តកំពង់ចាម មានអ្នកស្លាប់ចំនួន ៣ នាក់ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ មានអ្នកស្លាប់ចំនួន ២ នាក់ ខេត្តកណ្ដាល ១ នាក់ និងខេត្តស្ទឹងត្រែង ១ នាក់។

គ្រោះអគ្គិភ័យរយៈពេល ៦ ខែឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៦ ខែឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ២៥១ លើក បណ្ដាលឲ្យមនុស្សស្លាប់ ១១ នាក់ និងរងរបួស ៣២ នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៤៤៥ ខ្នង៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ