Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ សណ្ឋាគារ​លំដាប់ពិភពលោកចំនួន​ពីរគ្រោង​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា សណ្ឋាគារលំដាប់ពិភពលោកចំនួនពីរ គ្រោង​បើក​ដំណើរការនៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆមាស​ទី ៤ ឆ្នាំ ២០២៣។

កាលពីពេលថ្មីៗ​នេះ លោក ឡុង ឌីម៉ង់ បាន​ជួប​ថ្នាក់​ដឹកនាំ​សណ្ឋាគារ​ដ៏​ធំ​កម្រិត​ពិភពលោក​ចំនួន​ពីរ​ ដើម្បីផ្ដល់ព័ត៌មានរួមទាំងទស្សនៈវិស័យ លើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាខេត្តពិសេសគំរូពហុបំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ លោក ឡុង ឌីម៉ង់ បាន​ជួប​ពិភាក្សានាយកចាត់ការទូទៅសណ្ឋាគារ Sofitel Phnom Penh Phokeetra និងអនាគតនាយកចាត់ការទូទៅសណ្ឋាគារ Novotel ដែលនឹងមានវត្តមាននៅខេត្តព្រះសីហនុក្នុងត្រីមាសទី ៤ ឆ្នាំនេះ។

លោកអភិបាល​រង​ខេត្ត​លើកឡើងពីគោលបំណង​ចង់ឲ្យមានបណ្ដាញសណ្ឋាគារលំដាប់ពិភពលោកបែបនេះ មកវិនិយោគនៅខេត្តព្រះសីហនុ​ឱ្យបានច្រើន។ លោក​បញ្ជាក់ថា​ ពេលនេះជាពេលវេលាដល់សមស្របបំផុត ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា។

បើតាមលោកអភិបាល​រង​ខេត្ត រដ្ឋបាលខេត្តព្រះសីហនុត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ គាំពារដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសទាំងអស់។

ខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត សម្បូរដោយធនធានធម្មជាតិ កោះ និងត្រូវបាន​ប្រសិទ្ធនាមថា “តារារៈ​នាទិសនារតី”។ វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់នៅ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទាំងមូល។

​បើតាមរបាយការណ៍​របស់មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន ៨០ កន្លែង​ កំពុងដំណើរការអាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម