ព័ត៌មានជាតិ
លើទឹកដីខេត្តបាត់ដំបងមានតែស្រុក ១ ប៉ុណ្ណោះមានដាំដំណាំសាវម៉ៅ
ស្រុកសំឡូតគឺជាស្រុកមួយក្នុងចំណោមបណ្តាស្រុកនានានៃខេត្តបាត់ដំបងល្បីល្បាញលើដំណាំទុរេន គ្មានសារធាតុគីមីដូចផ្លែទុរេននាំចូលពីប្រទេសជិតខាង។ ក្រៅពីផ្លែទុរេនគឺផ្លែសាវម៉ៅ ដែលមានកសិករដាំជាច្រើនក្នុងស្រុកមួយនេះ ដែលមានរសជាតិផ្អែមឆ្ងាញ់មិនចាញ់ទុរេនប៉ុន្មាននោះទេ។
លោក សូនី បូផា ជាកសិករដាំដំណាំសាវម៉ៅ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ក្នុងចំណោមកសិករដែលបានដាំណាំសាវម៉ៅជាច្រើននាក់ទៀតបានផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មីថា គ្រួសាររបស់លោកមានជីវភាពល្អប្រសើរតាមរយះផលដំណាំ ២ ប្រភេទគឺទុរេននិងសាវម៉ៅដែលលោកនិងឪពុកក្មេកបានចាប់យកជាមុខរបរអស់រយះពេលយូរឆ្នាំមកហើយលើទំហំដី ៥ ហិកតា។ ក្នុងនោះដើមទុរេនពូជម៉ាន់ថងមានចំនួន ១០២០ ដើមនិងសាវម៉ៅពូជ “រុងរឿង” មានចំនួន ៧៨ ដើមនឹងបន្តថែមទៀតផងដែរ។
បើតាមលោក សូនី បូផា សាវម៉ាវឆ្នាំនេះមិនបានផលដូចឆ្នាំមុនទេ។ មូលហេតុដែលសាវម៉ៅមិនបានផលច្រេីនដោយសារពេលចេញផ្កាក្ដឹប មានខ្យល់និងភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យរួយជ្រុះនិងស្អុយរលួយផ្កាស្ទើរតែអស់។
ដំណាំសាវម៉ៅមានការប្រឈមខ្លាំងក្នុងការថែទាំជាងទុរេន តែសម្រាប់រស់ជាតិសាវម៉ៅលើទឹកដីស្រុកសំឡូតគឺផ្អែមមុត។ លោកថា ឆ្នាំនេះសាវម៉ៅបានហុចផល ២ ដងហើយលើកទី២នេះ ក៏ជិតបានប្រមូលម្តងទៀតផងដែរ។
លោកអះអាងថា ចម្ការរបស់លោកមានអតិថិជនមកពីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបមកកម្សាន្តជាបន្តបន្ទាប់និងទិញផ្លែសាវម៉ៅច្រើនជាងតាមបណ្តាខេត្តផ្សេងស្របពេលដែល ១ ខែមុនលោកបានប្រមូលផលផ្លែសាវម៉ៅ។
សម្រាប់ទីផ្សារសាវម៉ៅលោកលក់ចេញបាន ៦ ០០០ រៀល ទៅ ៨ ០០០ រៀលក្នុង ១ គីឡូក្រាម។
ទាក់ទងការដាំដំណាំសាវម៉ាវ លោកសំណូមពរដល់មន្ត្រីជំនាញចុះជួយណែនាំ និងផ្តល់បច្ចេកទេសថ្មីៗដល់កសិករដែលបានធ្វើដំណាំសាវម៉ៅឲ្យកាន់តែទទួលបានផលល្អ។ ជាមួយគ្នានេះដែរ លោកក៏អំពាវនាវទៅដល់អតិថិជនដែលចូលចិត្តគាំទ្រញុំាទុរេននិងសាវម៉ៅសំឡូតសូមជួយបន្តគាំទ្របន្ថែមទៀត។
ប្រភពមួយទៀតដែលជាកសិករដាំដំណាំសាវម៉ៅដូចគ្នាបានបញ្ជាក់ថា ប្រភពដីក្នុងស្រុកសំឡូតបានផ្តល់អំណោយផលខ្លាំងជាងតាមបណ្តាស្រុកមួយចំនួនដែលធ្វើឲ្យដើមសាវម៉ៅ ក៏ដូចជាទុរេនឆាប់លូតលាស់ល្អមិនមានមេរោគ។
ប្រភពដដែលបន្តថា ដំណាំសាវម៉ៅបើក្រៅពីដីសំឡូតកសិករពិតជាប្រឈមការខូចខាត ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរមិនខាន។
លោក ហេង សិទ្ធ ទទួលបន្ទុកផ្នែកស្ថិតិនៃមន្ទីរកសិកម្មបានឲ្យដឹងដែរថា ក្នុងខេត្តបាត់ដំបងទំហំដីដែលកសិករធ្វើដំណាំសាវម៉ាវសរុបមានតែ ៥១ ហិកតាប៉ុណ្ណោះ ហើយមានតែក្នុងស្រុកសំឡូតមួយប៉ុណ្ណោះ ដែលធ្វើដំណាំសាវម៉ៅនេះ។
លោកលើកមូលហេតុដែលតាមបណ្តាស្រុកផ្សេងមិនប្រកបរបរដាំដំណាំសាវម៉ៅនេះគឺមាន ២ កត្តា។ កត្តា ទី១ ប្រភពដីមិនអំណោយផលសម្រាប់ដំណាំសាវម៉ៅ និងកត្តាទី២ មកពីខ្សែសង្វាក់ផលិតកម្មទាបជាងទុរេន ទើបទុរេនមានផ្ទៃដីដាំច្រើនជាងសាវម៉ៅ ខណះទំហំផ្ទៃដីដាំទុរេនមានចំនួន ៦២៥ ហិកតា ក្នុងខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ