Connect with us

ព័ត៌មានជាតិ

អបអរខួប ១ ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និង ពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ ជូនកាកបាទក្រហមកម្ពុជាសាខាពោធិ៍សាត់

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន RMA (Cambodia) PLC ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត Ford ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​ប្រគល់​-​ទទួល​អំណោយ​រថយន្ត​គិលានសង្គ្រោះ​ចំនួន ២ គ្រឿង ជូន​ទៅ​ដល់​កាកបាទក្រហម​កម្ពុជា សាខា​ខេត្ត​ពោធិ៍សាត់ ដែល​កម្មវិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​របស់ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំ​ក្រុមហ៊ុន RMA Group និង​ក្រុមហ៊ុន RMA (Cambodia) PLC រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ២០០ នាក់។ កម្មវិធី​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ដំឡើង​រថយន្ត Ford ក្នុង​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៣។

ក្នុង​ឱកាស នៃ​ពិធី​អបអរសាទរ​ខួប ១ ឆ្នាំ នៃ​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ដំឡើង​រថយន្ត Ford និង​ពិធី​ប្រគល់​-​ទទួល​អំណោយ​រថយន្ត​គិលានសង្គ្រោះ Ambulance ចំនួន ២ គ្រឿង ជូន​ដល់​កាកបាទក្រហម​កម្ពុជា សាខា​ខេត្ត​ពោធិ៍សាត់ លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) PLC បាន​មាន​ប្រសាសន៍​ថា “ យើងខ្ញុំ​មាន​មោទភាព​ជា​ពន់ពេក​ដែល​ទទួល​បាន​សេចក្ដីទុកចិត្ត​ពី​ក្រុមហ៊ុន FORD MOTOR COMPANY ក្នុង​ការ​ដំឡើង​រថយន្ត FORD RANGER និង FORD EVEREST ជំនាន់​ថ្មី នៅ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ស្តង់ដារ​របស់​ក្រុមហ៊ុន FORD។ យើងខ្ញុំ​ជឿជាក់​ថា ការ​បោះ​ជំហាន​វិនិយោគ​ក្នុង​វិស័យ​យានយន្ត​របស់​ក្រុមហ៊ុន​យើងខ្ញុំ ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា និង​ជា​សក្ខីភាព នៃ​ទំនុក​ចិត្ត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ។ វត្តមាន​របស់​រោងចក្រ​យើងខ្ញុំ ក៏បាន​ចូលរួម​ចំណែក​ការ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការ​ជំរុញ​សន្ទុះ​អាជីវកម្ម​សហគ្រាស ធុន​តូច និង​មធ្យម ការ​បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ក៏ដូចជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​នេះ​ផ្ទាល់​ផង​ដែរ”។

មិនតែប៉ុណ្ណោះ លោក​ក៏បាន​បន្ថែម​ទៀត​ថា “ ក្រុមហ៊ុន​យើងខ្ញុំ នឹង​បន្ត​ប្ដេជ្ញា​គាំទ្រ និង​ជំរុញ​វិស័យ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា ដើម្បី​ឲ្យ កម្ពុជា ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ពី​ប្រទេស​ដែល​ដំឡើង​រថយន្ត ទៅ​ជា​ប្រទេស​ដែល​ផលិត​រថយន្ត ក្នុង​ពេល​អនាគត។ ក្រុមហ៊ុន នឹង​ពង្រីក​ការ​វិនិយោគ​គម្រោង​ដំឡើង​រថយន្ត Ford ដោយ​បង្កើន​ការ​នាំ​ចូល នៃ​ចំនួន គ្រឿង​បង្គំ​ច្រើនជាង​មុន បង្កើន​ចំនួន​ការងារ​ក្នុងស្រុក ជំរុញ​ការប្រើប្រាស់​ធាតុ​ផ្សំ​ក្នុងស្រុក និង​បង្កើន ដើមទុន​វិនិយោគ​បន្ថែម​ទៀត។ យើងខ្ញុំ​ជឿជាក់​ថា ការ​វិនិយោគ​នេះ នឹង​បន្ត​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត​ជូន​ប្រទេស​កម្ពុជា ជាពិសេស​ការ​អភិវឌ្ឍ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​ចង្វាក់​ដែល​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ការ​វិនិយោគ​នេះ នឹង​នាំ​មក​នូវ​ផលិតផល​ថ្មី បច្ចេកវិទ្យា​ថ្មី ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​រថយន្ត​ថ្មី​ក្នុងស្រុក ជាមួយ​នឹង​មោទភាព​ផលិតកម្ម​ក្នុងស្រុក រោងចក្រ​ដំឡើង​រថយន្ត Ford នឹង​បន្ត​ទាក់ទាញ​វិនិយោគិន​ផ្សេងៗ​ជា​ច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​អ្នក​វិនិយោគ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត និង​ដំឡើង​រថយន្ត ដូចជា ៖ សំបក​កង់ កង់ឡាន ខ្សែភ្លើង​ឡាន អាគុយ​ឡាន និង​អាជីវកម្ម​ផ្សេងៗ​ទៀត”។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោកស្រី Kay Hart ប្រធាន​គ្រប់គ្រង​ទីផ្សារ​អន្តរជាតិ នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា “ រថយន្ត​គិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​ជំនាន់​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​ក្លាយ​ជា​រថយន្ត​មួយ​ដែល​មាន​លក្ខណៈ ធន់ រឹងមាំ និង​មាន​សមត្ថភាព​ក្នុង​ការ​ចល័ត និង​ដឹកជញ្ជូន​អ្នកជំងឺ​ដោយ​សុវត្ថិភាព”។

លោកស្រី​ក៏បាន​បន្ត​ទៀត​ថា “រថយន្ត​គិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​កាកបាទក្រហម​កម្ពុជា​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​ការ​គាំពារ សង្គ្រោះ​បន្ទាន់ និង​ជា​ជំនួយការ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ និង​អ្នកជំងឺ ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​សង្គ្រោះ​បន្ទាន់​មួយ​ដែល​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព”។

លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត Ford ក្នុង​ខេត្ត​ពោធិ៍សាត់ គឺជា​សក្ខីភាព​មួយ​ដែល​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន RMA Cambodia មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ការ​ផ្ដល់​ជូន​នូវ​រថយន្ត​គិលានសង្គ្រោះ ២ គ្រឿង ក្នុង​ថ្ងៃនេះ នឹង​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​សុខាភិបាល​បន្ថែម​ទៀត ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សេវា​ថែទាំ​សុខភាព​ឲ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព។ ភាពជា​ដៃគូ​រវាង RMA Cambodia និង​វិទ្យាស្ថាន​បច្ចេកទេស​ក្នុងស្រុក​របស់​យើង បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ធនធាន​មនុស្ស តាមរយៈ​ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ពី​អ្នក​ជំនាញ​ដែល​មាន​គ្រឹះ​មួយ​ដ៏​សំខាន់​សម្រាប់​យុវជន ក៏ដូចជា​យុវនារី​ក្នុង​ការ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ភាព​ជោគជ័យ​នា​ពេល​ខាងមុខ”។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជា​ក្រុមហ៊ុន​ដំបូង​គេ​បំផុត ដែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងនាម​ជា​អ្នក អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​យានយន្ត និង​ស្តង់ដារ​សុវត្ថិភាព​គ្រឿង​បង្គំ​យានយន្ត​បាន​ខ្ពស់​បំផុត​។ ក្នុង​ឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បាន​ចុះបញ្ជី​លក់​មូលបត្រ បំណុល​ចំនួន ៨០ ពាន់​លាន​រៀល ដែល​ស្មើនឹង ២០ លាន​ដុល្លារ​អាមេរិក ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ហើយ​ក្លាយជា​ក្រុមហ៊ុន​មិនមែន​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​បាន​បោះផ្សាយ​មូលបត្រ​បំណុល​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។ ការ​បោះ​ផ្សាយ​មូលបត្រ​បំណុល​នេះ បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ក្នុង​ការ​លើកកម្ពស់​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា។

តាមរយៈ​កំណើន​សេដ្ឋកិច្ច និង កម្រិត GDP របស់​ប្រជាជន​កម្ពុជា​កើន​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើប្រាស់​រថយន្ត​ថ្មី​មានការ​កើន​ឡើង​ជា​លំដាប់។ ក្នុង​នោះ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ម៉ាក FORD មាន​កំណើន​កាន់តែ​ច្រើនឡើង និង​បាន​ក្លាយជា​ជម្រើស​ឈានមុខ​របស់​អតិថិជន​នៅ​កម្ពុជា​។ ដូច្នេះ ក្រុមហ៊ុន​បានសម្រេច​ចិត្ត​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត FORD ដែល​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ផ្គុំ និង​ដំឡើងរថយន្ត​ពី​ក្រុមហ៊ុន​ម្ចាស់​ដើម FORD MOTOR COMPANY។ រោងចក្រ​នេះ ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៥ ហិកតា ស្ថិត​ក្នុង​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ជាមួយ​នឹង​ទុន​វិនិយោគ​ចំនួន ២១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​បង្កើត​ការងារ​ជំនាញ​បាន​ជាង ៥០០ កន្លែង និង​មាន​សមត្ថភាព​អាច​ដំឡើង​រថយន្ត​បាន​ចំនួន​ប្រមាណ ៩,០០០ គ្រឿង ក្នុង​មួយ​ឆ្នាំ។

រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​បាន​ដំឡើង​រថយន្ត Ford Ranger Wildtrak និង​រថយន្ត Ford Everest បាន​ចំនួន ៣,០០០ គ្រឿង ដើម្បី​បម្រើ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ ក្រុមហ៊ុន​បន្ត​សហការ​ជាមួយ​នឹង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ពោធិ៍សាត់​ក្នុង​ការ​បណ្ដុះបណ្ដាល​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស​ដល់​បុគ្គលិក​ក្រុមហ៊ុន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព។ ថ្មីៗ​នេះ ក្រុមហ៊ុន បាន​បញ្ជូន​បុគ្គលិក​ទៅ​ប្រទេស Australia ដើម្បី​សិក្សា​អំពី​បច្ចេកវិទ្យា​ដំឡើង​រថយន្ត ក្នុង​គោល​បំណង​បង្កើន​កម្រិត​បច្ចេកទេស​បុគ្គលិក ក៏ដូចជា​ពាំនាំ​ចំណេះដឹង​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​មក​ប្រទេស​កម្ពុជា។ ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​វិស័យ​យានយន្ត ក្រុមហ៊ុន នឹង​បង្កើត​មជ្ឈមណ្ឌល​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ប្រកប​ដោយ​គុណភាព ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ធនធាន មនុស្ស​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម