Connect with us

ព័ត៌មានជាតិ

កត្តា ៣ ធ្វើឲ្យ កោះស្ដេច មានការអភិវឌ្ឍវិស័យសំណង់

បានផុស

នៅ

អាជ្ញាធរ​ស្រុក​គិរីសាគរ លើក​ឡើង​ពី​លក្ខខណ្ឌ​ចំនួន ៣ ចំណុច ដែល​ធ្វើ​ឲ្យ​មូលដ្ឋាន​ឃុំ​កោះ​ស្តេច មាន​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និង​លំហូរ​មនុស្ស​មក​កម្សាន្ត​ស្ទើរ​គ្រប់​រដូវ​កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទួន ឪទី អភិបាល​រង​ស្រុក​គិរីសាគរ លើក​ឡើង​ថា បច្ចុប្បន្ន​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​ឃុំ​កោះ​ស្តេច​មួយ មាន​ការ​រីកចម្រើន​វិស័យ​សំណង់ គឺ ៖ កត្តា​ទី ១-ភាព​រីកចម្រើន នៃ​ប្រទេសជាតិ ,កត្តា​ទី ២-ភូមិសាស្ត្រ​រស់នៅ​ពលរដ្ឋ​ម្ចាស់​ស្រុក ,និង​ទី៣-លំហូរ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មាន​អ្នក​វិនិយោគ ឬ ពលរដ្ឋ មាន​លទ្ធភាព​ធ្វើ រីស៊ត ផ្ទះសំណាក់ ឬ ជួសជុល​លំនៅដ្ឋាន។

លោក ទួន ឪទី អះអាង កាលពី​រសៀល​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៣ ថា ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច ជាង ៨០ ភាគរយ រស់នៅ​លើ​ផ្ទៃ​ទឹក​ក្បែរ​ច្រាំង ឬ ឆ្នេរសមុទ្រ។ រីឯ ២០ ភាគរយ​ទៀត រស់នៅ​លើ​គោក ភាគច្រើន​មាន​មុខរបរ​នេសាទ និង​បម្រើ​សេវាកម្ម​ទេសចរណ៍​កម្សាន្ត​ជូន​ដល់​អ្នក​ទេសចរ​មកពី​គ្រប់ទិសទី។ ការ​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​លើ​កោះ​ស្តេច ធ្វើឡើង​តាំងពី​ជំនាន់​សម័យ​បារាំង និង​អំឡុង​ឆ្នាំ ១៩៨០ មក​ម្ល៉េះ។

បច្ចុប្បន្ន អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ ក៏​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​តាមដាន​ពិនិត្យ​លើ​ការដ្ឋាន​សំណង់​ដែល​ខុសច្បាប់។ ទោះ​យ៉ាងណា​ក៏​យោគយល់​ចំពោះ​ពលរដ្ឋ​ដែល​ចង់​ជួសជុល​សំណង់​ផ្ទះ​មក​ជា​បេតុង​រឹងមាំ ដើម្បី​ការពារ​សុវត្ថិភាព​រស់នៅ ខ្លាច​បាក់​រំលំ​ស្រុត​ទៅ​ក្នុង​ទឹក។ ទន្ទឹម​នោះ អាជ្ញាធរ បាន​ចង​ជា​លក្ខខណ្ឌ​មួយ​ចំនួន ករណី​រាជរដ្ឋាភិបាល​មាន​តម្រូវការ​អភិវឌ្ឍន៍​ទៅ​ថ្ងៃមុខ។

ទិន្នផល​នេសាទ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ជា​ការ​បង្ខំចិត្ត​របស់​ពលរដ្ឋ​ដែល​មាន​លទ្ធភាព​មួយ​ចំនួន ងាក​មក​ធ្វើ​ផ្ទះសំណាក់ ឬ ទិញ​ទូក​ដឹក​ជញ្ជូន​អ្នក​ទេសចរ​ទៅ​លេង​តាម​កោះ ជំនួស​ឲ្យ​ការ​នេសាទ ឬ ទិញ​ផល​នេសាទ​ទៅ​លក់​នៅ​ទីផ្សារ​ដូច​មុន។

មិន​ធ្វេសប្រហែស​ទេ អាជ្ញាធរ តែង​ចុះ​អង្កេត​មើល​ពី​សំណង់​ខុសច្បាប់​ដែល​ធ្វើ​ទៅ​បង្ក​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ ជីវចម្រុះ ឬ ផ្លូវ​ចេញចូល​នាវាចរណ៍។ ដោយឡែក​ពលរដ្ឋ​អាច​សង់​បាន​តែ​នៅ​លើ​ទីតាំង​ចាស់​ដែល​កំពុង​រស់នៅ មិន​អាច​ពង្រីក​ថ្មី​ជាដាច់ខាត។

កន្លងទៅ អាជ្ញាធរ​ស្រុក​គិរីសាគរ និង​មន្ត្រី​ជំនាញ ក៏បាន​ចុះ​ពិនិត្យ និង​បញ្ឈប់​ការដ្ឋាន​សំណង់​គ្មាន​ការ​អនុញ្ញាត​ជាច្រើន​ផង​ដែរ នៅ​ពេល​រក​ឃើញ​ថា ខុស​បទដ្ឋាន​បច្ចេកទេស ឬ រំលោភបំពាន​ចូល​សមុទ្រ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី ចែ សា មាន​ផ្ទះ​លើ​ទឹក​ម្នាក់ នៅ​លើ​កោះ​ស្តេច រៀបរាប់​ថា សំណង់​ដែល​ពួកគាត់​ធ្វើជា​សំណង់​បែប​លំនៅដ្ឋាន​ទុក​ឲ្យ​កូន​រស់នៅ​បន្ត គ្រា​ពីមុន​ជា​រោង​ទុកដាក់​អំបិល​សម្រាប់​លក់​ទៅ​ឲ្យ​អ្នក​នេសាទ​សមុទ្រ។ ការ​ធ្វើ​សំណង់​របស់​ពួកគាត់​មិន​បាន​សុំច្បាប់​អាជ្ញាធរ​អ្វី​ដែរ ដោយ​គ្រាន់តែ​ជម្រាប​ប្រាប់​តែ​មាត់​ប៉ុណ្ណោះ។

អ្នកស្រី​បន្ថែម​ថា បើ​មិនឲ្យ​ពួកគាត់​ធ្វើ​ថា​តើ​ឲ្យ​ពួកគាត់​ទៅ​រស់​នៅឯណា បើ​គ្មាន​ដីធ្លី​នៅ​លើ​គោក​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ផង​ហ្នឹង។ ដូច្នេះ​សុំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ អនុគ្រោះ​ដល់​ពលរដ្ឋ​ផង។

ដោយឡែក លោក ម៉េង ផល្លា ជា​ម្ចាស់ផ្ទះ​សំណាក់​ម្នាក់ ដែល​ពីមុន​ទីតាំង​ផ្ទះសំណាក់​ជា​ផែ​លើក​ដាក់​ផល​នេសាទ​ពី​ទូក​​នេសាទ បាន​ថ្លែង​ថា ទិន្នផល​នេសាទ​មិនសូវ​សំបូរ​ដូច​មុនៗ​ទេ ទើប​គាត់​បង្ខំ​ចិត្ត​រុះរើ​ផែ​មក​ធ្វើជា​ផ្ទះសំណាក់​បម្រើ​សេវាកម្ម​ទេសចរណ៍​វិញ។

លោក ម៉េង ផល្លា សង្កត់​ធ្ងន់​ថា ធ្វើ​បង្គោល​សសរ​ក្នុង​ទឹក​ជា​ឈើ​ងាយ​នឹង​ឆាប់​ពុក​ផុយ និង​ចំណាយ​ថវិកា​ច្រើន​មក​ជួសជុល​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​ទិញ​ទុយោ​ចាក់​បេតុង​ធ្វើ​បង្គោល​សសរ​ជំនួស​ឈើ​តែម្ដង វា​រឹងមាំ​យូរ​ឆ្នាំ​ផង​ដែរ នេះ​ជា​តម្រូវការ​ចាំបាច់​ស្ទើរ​គ្រប់​ពេល​ដែល​រស់នៅ​លើទឹក​ក្នុង​ឃុំ​កោះ​ស្តេច ហើយ​វា​ពុំមែន​ជា​ការ​រំលោភបំពាន​លើ​ផ្ទៃ​ទឹក​របស់​រដ្ឋ​នោះ ពោល​គឺ​គ្រាន់តែ​ចង់បាន​លំនៅដ្ឋាន​រឹងមាំ​ល្អ សម្រាប់​ការ​រស់នៅ និង​រកស៊ី​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ។

ទៅ​ថ្ងៃមុខ ករណី​រាជរដ្ឋាភិបាល​មាន​គម្រោង​ចង់​អភិវឌ្ឍន៍​អ្វី ពួកគាត់​ក៏​សុខចិត្ត​អនុវត្ត​ទៅតាម​ផែនការ ប្រសិន​មាន​ការ​ចាំបាច់​ណាមួយ។ ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ជា​លិខិត​បទដ្ឋាន ដោយ​ចំណី​សមុទ្រ​ជា​សម្បត្តិ​របស់​រដ្ឋ។

រីស៊ត និង ផ្ទះសំណាក់ កំពុង​រីក​ដុះដាល​គួរ​ឲ្យ​កត់សម្គាល់​នៅ​លើ​ដែន​កោះ​ស្តេច ស្រុក​គិរីសាគរ រីកចម្រើន ក៏​ព្រោះ​ប្រទេស​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​តែម្ដង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម