Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​រៀបចំ​​ប្រកាស​ស្តង់ដារតែមួយ ដោះស្រាយ​បណ្តឹងរបស់អតិថិជន

បានផុស

នៅ

នាពេលឆាប់ៗនេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំប្រកាសដែលមានលក្ខណៈស្តង់ដារតែមួយសម្រាប់ជាយន្តការដោះស្រាយបណ្តឹងរបស់អតិថិជនដើម្បីឱ្យគ្រឹះស្ថានធនាគារនីមួយៗ អាចដោះស្រាយបណ្តឹងអតិថិជនឱ្យបានលឿននិងមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានមួយនៅព្រឹកថ្ងៃទី ១៦ កក្កដានេះ លោកស្រី បណ្ឌិត ជាសិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា «ឥឡូវនេះយើងកំពុងរៀបចំប្រកាសមួយ ដែលនិយាយអំពីយន្តការទទួលបណ្តឹង​ពី​អតិថិជន​។ ប្រកាសនោះនឹងតម្រូវឱ្យគ្រឹះស្ថានទាំងអស់នៅក្នុងប្រទេសកម្ពុជាទាំងប្រព័ន្ធទូទាត់ និងកម្ចីឥទានជាដើមឱ្យមានយន្តការដូចៗគ្នាទាំងអស់ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបានដឹងថារបៀបដោះស្រាយពីធនាគារមួយទៅធនាគារមួយគឺបណ្តឹងដូចៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា « អីចឹងការដោះស្រាយមួយត្រូវដោះស្រាយបានប៉ុន្មានថ្ងៃបើជាបណ្តឹងជារបៀបទូទាត់ ឬផ្ញើលុយត្រូវកម្រិតដោះស្រាយប៉ុន្មានម៉ោង រឿងឥណទានប៉ុន្មានថ្ងៃ និងរបៀបដាក់យ៉ាងម៉ិចអីយ៉ាងម៉ិចគឺយើងនឹងមានជាក់លាក់ដូចៗគ្នាទាំងអស់ធ្វើឱ្យប្រជាជនលែងច្រឡំ»។

លោកស្រីបានបន្តទៀតថា ប្រកាសនេះគ្រោងចេញឆាប់ៗនេះដើម្បីឱ្យគ្រឹះស្ថានធនាគាររៀបចំយន្តការដោះស្រាយបណ្តឹងអតិថិជនឱ្យបានដូចៗគ្នា និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ខណៈពីបច្ចុប្បន្នយន្តការដោះស្រាយបណ្តឹងជាមួយអតិថិជនយើងទុកឱ្យធនាគារនីមួយៗជាអ្នករៀបចំបណ្តឹង និងដោះស្រាយដោយខ្លួនឯងដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមិនសូវសប្បាយចិត្តទៅនឹងដំណោះស្រាយដូចជាមានការយឺតយ៉ាវជាដើម។

លោកស្រីបានពន្យល់ថា កន្លងមកនេះមិនមែនមានតែប្រតិបត្តិការឆ្លងប្រទេសទេ។ នៅក្នុងប្រទេសក៏មានបញ្ហាដែរដូចជាបញ្ហាផ្ទេរប្រាក់ ច្រឡំដោយសារបញ្ហាបច្ចេកទេសធនាគារផ្ញើរឬក៏បញ្ហាបច្ចេកទេសធនាគារទទួល ឬអ្នកផ្ញើធ្វើប្រតិបត្តិការច្រឡំខ្លួនឯងហើយមិនបានពិនិត្យដិតដល់ព្រោះថា ប្រព័ន្ធអាយធីមិនមែនចេះតែដើរទៅរលូន១០០ភាគរយនោះទេ។

លោកស្រីទទួលស្គាល់ថាប្រព័ន្ធទូទាត់នៅកម្ពុជាមានសន្ទុះលឿនជាងគេក្នុងចំណោមប្រទេសលឿនជាងគេនៅលើពិភពលោក។ ដូចនេះយើងធ្វើបណ្តើរនិងរៀនបណ្តើរ។

យ៉ាងណាក៏ដោយ លោកស្រីសូមខន្តីអភ័យទោសដល់បងប្អូនប្រជាជន ដែលកន្លងមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានការរអាក់រអួល និងមានការយឺតយ៉ាវក្នុងការដោះស្រាយដោយសារបច្ចេកវិទ្យានៅប្រទេសយើងដើរទៅលឿនធ្វើឱ្យការរៀបចំមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងកំពុងព្យាយាមរៀបចំការងារនេះឱ្យបានល្អបន្ថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម