ព័ត៌មានជាតិ
អភិបាលខេត្តកំពត បញ្ជាឲ្យដោះស្រាយទឹកភ្លៀងជន់លិចផ្សារសាមគ្គីជាបន្ទាន់
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ស្ថានភាពទឹកក្នុងផ្សារសាមគ្គីខេត្តកំពត ដែលពីមុនមកតម្រូវឱ្យអាជ្ញាធរក្រុងកំពតនិងអ្នកវិនិយោគផ្សារត្រូវពិនិត្យនិងស្តារឡើងវិញនូវប្រព័ន្ធលូរំដោះទឹកចេញពីផ្សារនេះ ដើម្បីបញ្ជៀសកុំឲ្យមានការជនលិចជាបន្តទៀត។

ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានទឹកលិចផ្នែកខ្លះក្នុងផ្សារសាមគ្គីខេត្តកំពត អភិបាលខេត្តបានចុះទៅពិនិត្យដោយផ្ទាល់ ហើយបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារដោះស្រាយបន្ទាន់ចំពោះការលិចនេះ។
ក្រោយពីទទួលបានបញ្ជានេះភ្លាម អាជ្ញាធរក្រុងក៏ដូចជាអ្នកវិនិយោគផ្សារបានចាត់ចែងក្រុមជាងដើម្បីពិនិត្យនិងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់។
ក្រោយពីចុះពិនិត្យឃើញជាក់ស្តែងក្រោយភ្លៀងមួយមេធំ ស្ថានភាពទឹកក្នុងផ្សារនៅតែបន្តមានការលិចផ្នែកខ្លះក្នុងផ្សារដដែល ភ្លាមនោះ លោកអភិបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត ពិសេសអ្នកវិនិយោគផ្សារ ត្រូវរកដំណោះស្រាយបន្ទាន់ក្នុងការដោះទឹកចេញពីផ្សារនេះ។

ផ្សារសាមគ្គីនេះ គឺជាផ្សារធំមួយក្នុងទីរួមខេត្តកំពត ដែលបំរើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដូច្នេះផ្សារនេះត្រូវតែមានផាសុខភាព និងសោភ័ណ្ឌភាព។
ទន្ទឹមនឹងនោះដែរ ក្រោយពីទទួលបានបញ្ជានេះភ្លាមៗ អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារបាន ចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់ ហើយស្ថានភាពទឹកក្នុងផ្សារក៏បានស្រកចុះវិញផងដែរ។
បន្ទាប់ពីចុះពិនិត្យផ្សារសាមគ្គីទីរួមខេត្តកំពតរួចមក លោកអភិបាលខេត្ត ក៏បានបន្តដំណើរទៅសំណេះសំណាលជាមួយអាជីវករ និងពិនិត្យផ្សារទូកមាស ស្ថិតក្នុងស្រុកបន្ទាយមាន ដើម្បីមើលពីស្ថានភាពផ្សារទាំងមូល ក៏ដូចជាទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីអាជីវករ។
ក្នុងការចុះពិនិត្យនេះផងដែរ លោកបានតម្រូវឱ្យ អាជ្ញាធរស្រុក ក៏ដូចជាអ្នកវិនិយោគផ្សារទូកមាស ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធលូរំដោះទឹក ធ្វើយ៉ាងណាកុំឱ្យមានការស្ទះទឹកក្រោយពេលភ្លៀង ត្រូវដាក់កាមេរ៉ាសុវត្តិភាពដែលអាចដឹងពេលមានអគ្គិភ័យកើតឡើងនៅទីតាំងសំខាន់ៗក្នុងផ្សារ ពិសេសកន្លែងលក់មាស និងលក់ក្រណាត់ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនបងប្អូនអាជីវករទាំងអស់ក្នុងផ្សារ។
ទន្ទឹមនឹងនោះ អ្នកវិនិយោគផ្សារត្រូវរៀបចំកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានត្រឹមត្រូវ មានសោភ័ណ្ឌភាព និងមិនត្រូវយកថ្លៃភាស៊ីនោះទេ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លើកឡើងក្នុងការចុះត្រួតពិនិត្យផ្សារទាំងពីរនេះដែរ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការគ្នាក្នុងការរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបានស្អាតល្អ មានផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរមកទិញទំនិញក្នុងផ្សារបានច្រើន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពត ក៍សូមអំពាវនាវទៅដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខជាបន្តទៀត។
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ