Connect with us

ព័ត៌មានជាតិ

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ គ្មាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំងតំណាងរា​ស្រ្ត

បានផុស

នៅ

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន មិន​មាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​នីតិកាល​ទី ៧ នៅ​ថ្ងៃ ២៣ កក្ដដា ខាងមុខ​នេះ​ទេ។

ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ លោក ​ក្រវ៉ាញ ដារ៉ន បាន​បញ្ជាក់​ថា លោក​ទើប​តែ​មក​ពី​អាមេរិក​នៅ​ខែ​មិថុនា​នេះ ហើយ​ទទួល​បាន​ព័ត៌មាន​ថា​លោក​មិន​មាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​​តំណាង​រាស្រ្ត​នីតិកាល​ទី ៧ នៅ​ពេល​ខាង​មុខ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អះអាង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​សុំ​ចុះ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​គេ​អត់​ឲ្យ។ ខ្ញុំ​ទើប​តែ​មក​ពី​អាមេរិក​នៅ​ខែ ៦ នេះ អីចឹង​អត់​ដឹង​ធ្វើ​ម៉េច»។

លោក​ក្រវ៉ាញ ដារ៉ន អះអាង​ថា បាន​ចូលរួម​បោះឆ្នោត​កាល​ឆ្នាំ ២០១៨ នៅ​មណ្ឌល​ការិយាល័យ​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ក្នុងនាមជាប្រធានគណបក្ស​និងគ្មាន​ឈ្មោះ​ឈរ​ជា​តំណាង​រាស្រ្ត លោក​បាន​​លើក​អំណះអំណាង​របស់​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ដែល​ថា​បាន​ខល​ជូន​ដំណឹង​ តែ​អត់មាន​អ្នក​ទទួល​​ទូរសព្ទ។ តែ​លោក​លើក​ជា​ចម្ងល់ បើ​ខល​មិន​ចូល​ម៉េច​មិន​មក​ទំនាក់ទំនង​មក​ស្នាក់​ការ​​គណបក្ស។ ចឹង​ទេ​លោកក៏​អត់យល់ពីនីតិវិធីធ្វើការ​របស់គជបដែរ។

យ៉ាងណាមិញ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​នោះ​បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ បើ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ឈ្នះ​ឆ្នោត​ ក៏​មាន​បេក្ខជន​សម្រាប់​ទទួល​តំណែង​ជា​នាយករដ្ឋមន្រ្តី។ ជាមួយ​គ្នា​នេះ​លោក​ក៏​អាច​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ទី ១ ក្រោម​ការ​ដឹក​នាំដោយ​​រដ្ឋាភិបាល​ថ្មី​បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត។

រដ្ឋសភាជាតិ​បាន​ធ្វើ​វិសោធនកម្មច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​មាន​ការ​កែប្រែ​មាត្រា​ថ្មី​ចំនួន ៣ គឺមាត្រា​២៣ ថ្មី មាត្រា ១៤២ ថ្មី និងមាត្រា ១៤៣ ថ្មី។ មាត្រា ២៣ ថ្មីគឺពលរដ្ឋខ្មែរ​ដែលមាន​បំណងឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោត​ជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមាន​សញ្ជាតិ​ជាខ្មែរពី​កំណើត មាន​អាយុ ២៥ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត​និង​មានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត មាន​លំនៅឋាន​ក្នុង​ប្រទេសកម្ពុជា​ មានការតែងតំាង​ពីគណបក្សនយោបាយ។

អ្វីដែលចាំបាច់ទៀត​នោះ គឺ​ត្រូវ​អនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន ២ លើកចុងក្រោយ។ រីឯមាត្រា ១៤២ ថ្មី ក៏​ចែង​អំពីការផាកពិន័យ​ចំនួន ៥ លានរៀល ទៅ ២០ លានរៀល ចំពោះបុគ្គលដែល​រារាំង​ពលរដ្ឋ​មិន​ឲ្យទៅ​បោះឆ្នោត ឬបំផ្លាញ​ដល់ការ​បោះឆ្នោត​ទាំងមូល និង​ធ្វើឲ្យការ​បោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត នឹងត្រូវ គ.ជ.ប លុបឈ្មោះ​ចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិ​មិនឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងតិច ៥ ឆ្នាំ។

ចំណែកឯមាត្រា ១៤៣ ថ្មី វិញ គឺចែងអំពី​ការ​លុប​បេក្ខភាព​ឈរ​ឈ្មោះរបស់​គណបក្សនយោបាយ និងត្រូវផាកពិន័យពី ១០ លានទៅ ៣០លានរៀល ចំពោះ​សកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៤២ ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះក៏នឹង​ត្រូវដកសិទ្ធិ​ចេញ​ពីការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រចំនួន ៥ ឆ្នាំ​យ៉ាងតិចដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម