ព័ត៌មានជាតិ
ដឹងអ្វីខ្លះពីគម្រោងរ៉េដបូកជួរភ្នំក្រវាញ ជួយកម្ពុជារកចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ?
ការបង្កើតគម្រោងរ៉េដបូកជួរភ្នំក្រវាញខាងត្បូង
គម្រោងរ៉េដបូកជួរភ្នំក្រវាញខាងត្បូងមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៥ ដែលមានសហគមន៍ចំនួន ២៩ បានចូលរួម។
ការបង្កើតគម្រោងរ៉េដបូក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើតំបន់ទេសភាពជួរភ្នំក្រវាញខាងត្បូង។ គម្រោងបង្កើតឲ្យមានអត្ថប្រយោជន៍ប្រកបដោយនិរន្តភាពទាំងសម្រាប់សហគមន៍និងជីវចម្រុះ។

កម្ពុជាទាញចំណូលពីការលក់ឥណទានកាបូនពីព្រៃឈើ
ក្នុងចំណោមប្រទេសអាស៊ី ៤៤ ប្រទេស កម្ពុជាជាប្រទេសមួយដែលអាចរកចំណូលពីការលក់ឥណទានកាបូនពីធនធានព្រៃឈើ។
កម្ពុជាទទួលបានចំណូលប្រមាណ ១១ លានដុល្លារ ពីការលក់ឥណទានកាបូនឲ្យទៅក្រុមហ៊ុនអន្តរជាតិធំៗលើពិភពលោកចាប់ពីឆ្នាំ២០១៦។ បច្ចុប្បន្ននៅអាស៊ានមានតែកម្ពុជានិងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ក្រុមហ៊ុនដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney, Shell និងក្រុមហ៊ុន Gucci ជាដើម។
ការអនុវត្តគម្រោងរ៉េដបូកបានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសការទាញបានចំណូលពីការលក់កាបូនពីក្រុមហ៊ុននៅក្រៅប្រទេស។ ក្រុមហ៊ុនទាំងនោះបានបញ្ចេញឧស្ម័នកាបូនិកបំពុលបរិយាកាស ហើយដើម្បីដោះដូរឲ្យមានតុល្យភាព ក្រុមហ៊ុនទាំងនោះត្រូវរកទីតាំងសមស្របដែលមានព្រៃឈើ ដើម្បីស្រូបឧស្ម័យផ្ទះកញ្ចក់កាត់បន្ថយផលប៉ះពាល់ដល់បរិយាកាសភពផែនដី។
គិតតាំងពីការអនុវត្តគម្រោងរ៉េតបូកជួរភ្នំក្រវាញខាងត្បូង បានជួយការពារនិងរក្សាបានការបំពុលឧស្ម័នបាន ១១០ លានតោនក្នុងរយៈពេល ១០ ឆ្នាំ។
ឲ្យតែមានព្រៃ មិនខ្វះការអភិវឌ្ឍ
គម្រោងរេដបូកបានធ្វើឲ្យកម្ពុជាមានភាពល្បីល្បាញ ដែលបានរួមចំណែកក្នុងការការពារពីការបំពុលបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។ ចំណូលពីការលក់ឥណទានកាបូន បានយកទៅប្រើប្រាស់អភិវឌ្ឍដល់សហគមន៍មូលដ្ឋានដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន អណ្តូងទឹក សាលារៀន មណ្ឌលសុខភាពនៅតាមសហគមន៍។
ឱកាសជីវភាពថ្មីប្រកបដោយនិរន្តភាព ការផ្ដល់ការងារដោយផ្ទាល់ ជម្រើសសកម្មភាពបង្កើតចំណូល និងការផ្តួចផ្តើមបណ្ដុះគំនិតវិនិយោគផ្នែកធុរកិច្ច ចាត់ចែងរៀបចំដើម្បីកាត់បន្ថយសំពាតទៅលើបរិស្ថាន ព្រមពេលដែលសុខុមាលភាពរបស់សហគមន៍ត្រូវបានលើកកំពស់ឲ្យបានខុសប្លែកជាងពេលមុន។
ជាក់ស្តែង «ភូមិសុវណ្ណាបៃតង»ក្លាយជាភូមិគំរូផ្នែកកសិកម្មដំបូងគេនៅតំបន់ជួរភ្នំក្រវាញដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងរេដបូក។ គម្រោងរេដបូកបានជួយទ្រទ្រង់រហូតអាចប្រែក្លាយភូមិសុវណ្ណាបៃតងនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុងក្លាយជាទីតាំងមួយឱ្យពលរដ្ឋជាង ២០០ គ្រួសារ មានលទ្ធភាពផ្គត់ផ្គង់ជីវភាពដោយរបរកសិកម្មមិនចំណាកស្រុក។

ការដំណើរការគម្រោងរ៉េដបូកជួរភ្នំក្រវាញ
គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ត្រូវបានផ្តួចផ្តើមរៀបចំឡើងដើម្បីជួយជំរុញឲ្យមានការកាត់បន្ថយនិងការបន្សាំទៅការប្រែប្រួលអាកាសធាតុ អភិរក្សជីវចម្រុះ និងបង្កើតឲ្យមានជម្រើសជីវភាពរស់នៅ ស្របតាមផែនការរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (រ៉េដបូក)។
ផ្ទៃដីទីតំាងគម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងមានទំហំ ៤៤២ ៨៧១ ហិកតាក្នុងនោះមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងមួយផ្នែកទៀតស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ ហើយដែលផ្តល់ចំណែកដ៏សំខាន់នៃតំបន់អេកូព្រៃទឹកភ្លៀង ជាទីកន្លែងអភិរក្សជីវចម្រុះដ៏សំខាន់ជាងគេមួយក្នុងចំណោមទីកន្លែងអភិរក្សជីវចម្រុះដឹសំខាន់ៗជាងគេទាំង ២០០ ទីតាំងនៅលើភពផែនដី។

គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅចំចំណុចសំខាន់បំផុត នៃឧបទ្វីបឥណ្ឌា-ភូមា ជាទីតំាងសំបូរដោយជីវចម្រុះដ៏សំខាន់មួយក្នុងចំណោមទីតំាងជីវចម្រុះសំខាន់ៗទាំង ៣៤ កន្លែង នៅលើពិភពលោក និងជាទីជម្រាលដ៏ចំាបាច់នៅឈូងសមុទ្រថៃ គ្របដណ្ដប់ដោយគម្របព្រៃឈើប្រភេទផ្សេងៗគ្នា រួមមានទាំងព្រៃស្រោងពណ៌បៃតងជានិច្ច និងព្រៃស្រល់ខ្ពង់រាប រហូតដល់គម្របព្រៃតំបន់ទំនាប មានព្រៃស្មាច់តំបន់ដីសើម វាលស្មៅលិចទឹក បឹង និងព្រៃកោងកាងមាត់សមុទ្រ។
គម្របព្រៃចម្រុះប្រភេទនេះគឺជាជម្រកសត្វដែលមានចំនួនយ៉ាងហោចណាស់ ៥៦ ប្រភេទ យោងតាមបញ្ជីថនិកសត្វបក្សី និង សត្វល្មូនដែលកំពុងរងគ្រោះជាសកលរបស់អង្គការ អាយ-យូ-ស៊ី-អ៊ិន ដែលក្នុងនោះ រួមមាន ក្រពើភ្នំ និងក្រុមសត្វដំរីអាស៊ី។ តំបន់ទេសភាពនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាឱកាសនៃការដោះលែងសត្វខ្លាឲ្យទៅរស់នៅក្នុងព្រៃធម្មជាតិវិញផងដែរ។
ទីជម្រាលប្រភពទឹកតំបន់ជួរភ្នំក្រវាញខាងត្បូងមានសារៈសំខាន់សម្រាប់មច្ឆាជាតិនៅឈូងសមុទ្រថៃ ដោយសារទីជម្រាលនេះបានផ្តល់ទឹកសាបដល់ប្រភេទព្រៃកោងកាងជាប់ៗគ្នាមានទំហំធំជាងគេ ដែលនៅសេសសល់នៅឈូងសមុទ្រនេះនោះគឺដែនជម្រកសត្វព្រៃពាមក្រសោប ដែលជាជម្រកសម្រាប់មច្ឆាជាតិបង្កកំណើតដំសំខាន់នៅក្នុងតំបន់។ តំបន់នេះផ្តល់ចំណីអាហារដល់ប្រទេសថៃកម្ពុជានិងវៀតណាមនិងបំពេញតួនាទីនិយ័តកម្មអាកាសធាតុនៅឧបទ្វីបអាស៊ីអគ្នេយ៍។

គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងមានផ្លូវទឹកធំៗចំនួន ២២ ភូមិចំនួន ៣៤០០ និងខេត្តចំនួន ៦។ គម្រោងនេះផ្តល់ការគាំទ្រដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន ២១ ភូមិ ស្ថិតក្នុង ៩ ឃុំ នៅតាមបរិវេណនិងជុំវិញទីតំាងគម្រោង។
លើសពីនេះទៅទៀត សហគមន៍នៃភូមិចំនួន ៩ ក្នុងឃុំចំនួន ៤ អាចនឹងទទួលអាហារូបករណ៍សម្រាប់ការអប់រំ។ សហគមន៍ទាំងនេះមានចំនួនគ្រួសារប្រជាពលរដ្ឋសរុបរួម ៣៩៥៧ គ្រួសារ។
បញ្ហាប្រឈម
ទោះបីជាព្រៃឈើមានសារៈសំខាន់ដ៏ធំធេងបែបនេះក្តី តែការប្រែក្លាយដីព្រៃឈើជាទ្រង់ទ្រាយតូចៗឲ្យទៅជាដីកសិកម្មដែលគ្មានការត្រួតពិនិត្យគ្រប់គ្រងធ្វើឡើងដោយជនចំណូលថ្មី និងការប្រែក្លាយដីព្រៃឈើឲ្យទៅជាចម្ការកសិ-ឧស្សាហកម្ម ដោយវិស័យឯកជនបានធ្វើឲ្យតំបន់ជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងចំណោមតំបន់ទេសភាពព្រៃឈើដែលកំពុងទទួលរងការគំរាមកំហែងខ្លាំងជាងគេនៅកម្ពុជា។
សហគមន៍ប្រជាពលរដ្ឋនៅតាមទីជនបទ រស់នៅអាស្រ័យទៅលើការផលិតផលកសិកម្មខ្នាតតូច ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។ កង្វះឱកាសការងារសម្រាប់ប្រជាពលរដ្ឋដែលកំពុងតែ មានចំនួនកើនឡើង រួមផ្សំកង្វះចំណេះដឹងក្នុងការកែលំអរបច្ចេកទេសធ្វើកសិកម្ម បានធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានកាប់ឆ្ការព្រៃដើម្បីដាំដំណាំពាណិជ្ជកម្ម។

ដើមហេតុចំបងដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ គឺដោយសារតែមានតម្រូវការដីច្រើនសម្រាប់ធ្វើកសិកម្មនិងដាំដំណាំពាណិជ្ជកម្ម នៅក្នុងទីតាំងគម្រោងរេដបូកតំបន់ជូរភ្នំក្រវាញខាងត្បូង និងក្នុងខេត្តកោះកុងទាំងមូល។ ចំនួនមនុស្សនៅក្នុងខេត្ត និងនៅក្នុងតំបន់បានកើនឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈមួយទសវត្សចុងក្រោយនេះ។
កំណើនចំនួនមនុស្សគឺបណ្តាលមកពីជនចំណូលថ្មីនិងអត្រាកំណើតរបស់កុមារនៅក្នុងភូមិដែលនៅជុំវិញ។ បច្ចុប្បន្ននេះ ចំណេះដឹងមូលដ្ឋាននៅមានកម្រិតទាបដោយសារតែតម្រូវការ ពលកម្មកុមារ ដើម្បីជួយការងារដាំដុះក្នុងគ្រួសារ នៅពេលថ្ងៃ ដែលបង្កើតឲ្យមានវដ្តនៃភាពក្រីក្រព្រមទាំងបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើផងដែរ។ ដើមហេតុផ្សេងទៀតដែលនាំឲ្យមាន ការកាប់បំផ្លាញព្រៃឈើផងដែរនោះរួមមាន ការកាប់ឈើខុសច្បាប់ដែលទាក់ទាញមនុស្សឲ្យចូលមកកាន់តំបន់នេះកាន់តែច្រើន និងការផលិតធ្យូង។ សកម្មភាពទាំងនេះត្រូវបាន ប្រព្រឹត្តិឡើងជាពិសេសដោយសហគមន៍មូលដ្ឋាន ដើម្បីបានប្រភពចំណូលបន្ថែម។
កិច្ចការអនុវត្តបន្ត
ការការពារគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង អាចសម្រេចទៅបានដរាបណានៅមានការបន្តការល្បាតពេញលេញក៏ដូចជាការផ្តល់នូវសកម្មភាពគម្រោងបន្ថែមដលសហគមន៍ បំណងកាត់បន្ថយដើមហេតុនៃការបាត់បង់ព្រៃឈើ។ ក្នុងនេះមានសកម្មភាពគម្រោងចម្បងចំនួនពីរគឺការធ្វើកសិកម្មពេញលេញ និងអេកូទេសចរណ៍សហគមន៍។ សកម្មភាពនេះនឹងជួយឲ្យមានភាពប្រសើរឡើងនូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបសហគមន៍ និងថយចុះនូវការដកហូតធនធានមកប្រើប្រាស់ដោយគ្មាននិរន្តភាពនៅក្នុងតំបន់គម្រោង៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?