ព័ត៌មានជាតិ
គ.ជ.ប នឹងធ្វើគ្រប់យ៉ាង ដើម្បីឱ្យជនពិការភ្នែកទាំង២ អាចបោះឆ្នោតជូនបក្សដែលគេស្រឡាញ់
«គ.ជ.ប បានរៀបចំឱ្យមានក្របក្រដាសពិសេស (សឺមឺ) ចំនួនជាង២៥ ០០០សឺមី ដើម្បីអាចឱ្យជនពិការភ្នែកទាំងសងខាង បោះឆ្នោតជ្រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តបានដោយខ្លួនឯង»។ នេះ គឺជាការគូសបញ្ជាក់របស់លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» កាលពីពេលថ្មីៗនេះ។

បើតាមលោក ហង្ស ពុទ្ធា គឺនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣នេះ មានជនមានពិការភាពសរុបចំនួន ៣៤,៨៨៧រូប (ស្រី ១៥,៣៥២រូប) ក្នុងនោះ មានជនពិការដៃខាងស្តាំ ឬដៃឆ្វេងសរុប ២៦,៨៥៦រូប ជនពិការដៃទាំងសងខាងសរុប ៧,៥៦១រូប។ ជាមួយគ្នានេះ ក៏មានដែរ ជនពិការជើងសរុប ១២៩រូប និងពិការភ្នែកសរុប ៣៤១រូប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ជាគោលការណ៍សន្លឹកឆ្នោតផ្លូវការ គឺគ.ជ.ប បានផលិតនៅក្នុងទម្រង់និងខ្នាតតែមួយទៅតាមមណ្ឌលរាជធានី-ខេត្ត ដែលមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែ ដើម្បីឱ្យអ្នកបោះឆ្នោតដែលជាជនពិការភ្នែកសងខាងទាំង៣៤១រូបនោះ អាចបោះឆ្នោតដោយខ្លួនឯងបាន គ.ជប បានរៀបចំឱ្យមានក្របក្រដាសពិសេស (សឺមឺ) ប្រមាណ ២៥,០០០សន្លឹកឆ្នោត ហើយផ្តល់ជូនសឺមីពិសេសនោះ ទៅគ្រប់ការិយាល័យទាំងអស់នៅទូទាំងកម្ពុជា។
សម្រាប់សឺមីដែល គ.ជ.ប ផ្ដល់ទៅការិយាល័យបោះឆ្នោតទាំង ២៣,៧៨៩ នោះ មានលក្ខណៈពិសេសនៅត្រង់ថា មានលក្ខណៈបច្ចេកទេស ដោយប្រើក្រដាសរឹងបត់ជាពីរសន្លឹកជាប់គ្នា មានក្របខាងមុខ និងខាងខ្នង ទំហំប៉ុនគ្នានឹងសន្លឹកឆ្នោតផ្លូវការ។ សឺមីពិសេសនេះ ត្រូវចោះប្រហោងរាងបួនជ្រុង ទំហំប៉ុនគ្នានៅចំប្រអប់សម្រាប់គូសសញ្ញាគាំទ្រគណបក្ស ដែលមាននៅលើសន្លឹកឆ្នោតផ្លូវការ។ ចំពោះគណបក្សដែលពុំមានឈ្មោះក្នុងសន្លឹកឆ្នោតផ្លូវការ គឺសឺមីនោះ មានចោះរន្ធរាងមូលតូចនៅចំប្រអប់សម្រាប់គូសសញ្ញាជាការសម្គាល់។

សឹមឺសម្រាប់ជនពិការភ្នែកនេះ គ.ជ.ប បានផលិតជា ២៥ប្រភេទផ្សេងគ្នា តាមមណ្ឌលនីមួយៗទៅតាមចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងមណ្ឌលទាំងនោះ។ បន្ថែមពីនេះ គ.ជ.ប មិនត្រឹមតែគិតគូរចំពោះតែជនពិការភ្នែកនោះទេ ចំពោះជនពិការជើងមិនអាចដើរបាននោះ គ.ជ.ប ក៏បានរៀបចំទីតាំងនៅជាន់ផ្ទាល់ដី និងត្រូវរៀបចំឱ្យមានទីជម្រាលសម្រាប់ជនពិការ។ តែទោះយ៉ាងណា នៅក្នុងការអនុវត្តដាក់ស្តែង គ.ជ.ប មានមន្ត្រីការិយាល័យបោះឆ្នោតដែលជាសមាជិកទី២ និងទី៣ ចាំជួយសម្របសម្រួលបន្ថែមដល់ជនមានពិការភាព ដើម្បីចូលក្នុងការិយាល័យបោះឆ្នោត។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សម្ភារៈ និងឯកសារសំខាន់ៗ ដូចជា បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីឃ្លាំង គ.ជ.ប ទៅប្រគល់ជូនតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង ២៥រួចរាល់ហើយ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ៕
អត្ថបទ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ