ព័ត៌មានជាតិ
បទយកការណ៍ ៖ វិស័យ SME រួមចំណែកដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា
កម្ពុជា ជាប្រទេសមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ មុននឹងរកបានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ អស់រយៈកាលជាង ៤០ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍខ្លាំង លើគ្រប់វិស័យ ដោយក្នុងនោះ មានផ្នែកមួយដែលគេសង្កេតឃើញថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ខ្លាំងក្លា គឺវិស័យសហគ្រាសធុនតូច និងមធ្យម ឬហៅជាភាសាអង់គ្លេសថា Small and Medium Enterprise(SME)។
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោម SME ជាង ៩០ភាគរយ បានចូលរួមចំណែកប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារប្រមាណ ៧០ភាគរយ នៃសេដ្ឋកិច្ចជាតិ។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍ ហើយបានផ្តល់សិទ្ធិខ្ពស់បំផុតដល់វិស័យឯកជន។
បើតាមលោក វង្សី វិស្សុត ក្នុងចំណោមកម្លាំងពលកម្មដែលមានប្រមាណជាង ៩លាននាក់ គឺបានបង្កើតឡើងដោយវិស័យ SME និងបានចូលរួមបង់ពន្ធជូនរដ្ឋ មានប្រហែល ១៥ភាគរយ នៃចំណូលពន្ធដារ និងមានចំណែកក្នុងការនាំចេញប្រហែល ១០ភាគរយ។
សហគ្រិនស្រ្តីដ៏ល្បីឈ្មោះក្នុងវិស័យចំណីអាហារ ឧកញ៉ា កែវ មុំ បានបង្កើតក្រុមហ៊ុននំស្រួលលីលី ទទួលបានជោគជ័យ ដោយបានលក់ចែកចាយនៅទូទាំងប្រទេស និងផលិតសម្រាប់នាំចេញផងដែរ។ សហគ្រិនស្រ្តី ដែលមានស្នាដៃ និងបទពិសោធន៍យ៉ាងជោកជាំរូបនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈផលិតកម្មវិស័យចំណីអាហារ ដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បង្កើតការងារជូនពលរដ្ឋ និងរួមចំណែកក្នុងទីផ្សារសម្រាប់កសិករខ្មែរផងដែរ។
សហគ្រិនស្រ្តីវ័យក្មេងមួយរូបទៀត បានប្រឡូកក្នុងវិស័យកសិកម្ម ជាច្រើនឆ្នាំមកហើយដែរ តាមរយៈក្រុមហ៊ុនវេចខ្ចប់ នាំចេញផលិតផលកសិកម្ម ដូចជា ស្វាយចន្ទី ម្រេច និងផលិតផលមួយចំនួនទៀត ទៅកាន់ទីផ្សារអន្តរជាតិ។
លោកស្រី ម៉ៅ សុធា ប្រធានក្រុមហ៊ុន SHE Agrocam Products Co., Ltd ជាក្រុមហ៊ុនវេចខ្ចប់ ផលិតផលអាហារ និងផលិតផលកែច្នៃកសិកម្ម បានបើកដំណើរការក្រុមហ៊ុន ដោយផ្តោតសំខាន់ លើការផ្តល់ផលប្រយោជន៍ដល់កសិករ កម្មករ និងរួមចំណែកជួយកំណើនសេដ្ឋកិច្ចក្នុងស្រុក។ លោកស្រី បានសង្កត់ធ្ងន់ថា ការណ៍ដែលអាចដំណើរការក្រុមហ៊ុន និងរីកចម្រើនជាបន្តបន្ទាប់ទៅបាន គឺដោយសារប្រទេសមាននិរន្តរភាពផ្នែកពាណិជ្ជកម្ម និងសន្តិភាពពេញលេញ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ ដោយមិនមានការបារម្ភពីបញ្ហាអសន្តិសុខឡើយ។
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្នលោក ហេង សុខគង់ បានឱ្យដឹងថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នេះជាកត្តាចាំបាច់ដែលត្រូវចូលរួមធ្វើយ៉ាងណាជំរុញឱ្យ SME ចាប់យកនូវគោលការណ៍និរន្តរភាព និងបរិយាប័ន្ន។ លោកលើកឡើងទៀតថា ក្រសួងឧស្សាហកម្ម តាមរយៈក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន តែងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រធានបទនេះ ហើយបានបន្តលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវស្ថានភាពឈ្នះឈ្នះ មានដូចជា ទី១) ការលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងពលរដ្ឋមានចំណូលទាប ទី២) ការជំរុញ និងរក្សាបានផលចំណេញអាជីវកម្ម សម្រាប់ម្ចាស់អាជីវកម្ម និងទី ៣) ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ លោកបានបន្ថែមទៀតថា វិស័យ SME បាននិងកំពុងមានកំណើនជាលំដាប់ ក្រោយពីវិបត្តិកូវីដ-១៩ ជាពិសេសលើផ្នែកផលិតកម្មចំណីអាហារ។
យោងតាមធនាគារជាតិនៃកម្ពុជា ស្តីពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ បានបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម គឺជាតួអង្គដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ធកិច្ច។ការផ្ដល់ឱកាសឲ្យសហគ្រាសធុនតូច និងមធ្យមចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ បច្ចេកវិទ្យាឌីជីថល នឹងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយ:ការបង្កើតការងារថ្មីៗ កាត់បន្ថយភាពក្រីក្រ បន្ថយវិសមភាពសង្គម និងឈានដល់គោលដៅអភិវឌ្ឍប្រកបដោយស្ថិរភាព។
ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមត្រូវបានលើកតម្កើងដូចសហគ្រាសធុនធំផងដែរ និងត្រូវបានដាក់ចូលក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍជាតិផ្សេងៗ។ រីឯជំហររបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងគ្រឹះស្ថានបច្ចេកវិទ្យានៅតែចាត់ទុកថា សហគ្រាសធុនតូចនិងមធ្យម គឺជាដៃគូ និងអតិថិជនដ៏ល្អ ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យាឌីជីថល និងទុនវិនិយោគនៅពេលមានតម្រូវការចាំបាច់។
ជុំវិញវិស័យ SMEនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០ភាគរយ, ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧ភាគរយ ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០ភាគរយ ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វិស័យ SME មិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្ដល់ឱកាសការងារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាកស្រុក បង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សរុបចំនួនប្រមាណ ៥២ម៉ឺនសហគ្រាស ស្មើនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ ដោយបានផ្ដល់ការងារជូនប្រជាជនចំនួន ៧០ភាគរយ។
សហគ្រាសធុនតូច និងមធ្យម (SME) នៅតែត្រូវបានចាត់ទុកថា ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជា ដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ