ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ពលរដ្ឋខ្មែរ បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ប្រជាពលរដ្ឋខ្មែរ បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ និងកាន់តែមានភាពចាស់ទុំ ពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។

ការលើកឡើងនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ។
នៅក្នុងឱកាសនេះ សម្ដេចក្រឡាហោម បានស្វាគមន៍ និងអរគុណចំពោះលោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ និងបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។

សម្ដេចក្រឡាហោម បានចាត់ទុកដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ ថា ជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជា ដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបន្តថា ទោះបីជាប្រទេសកម្ពុជា និងប្រទេសហ្គីណេប៊ីសាវ មានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី។ ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ នាពេលនេះ នឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ទំនងនេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចក្រឡាហោម ក៏បានជម្រាបអំពីស្ថានភាពទូទៅ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយមានប្រសាសន៍ ថា ស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោត ដែលបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ សម្ដេចបន្ថែមថាឆ្លងតាមបទពិសោធន៍ រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជា បានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោត បានយ៉ាងល្អប្រសើរ។

សម្ដេចបានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំ ពីដំណើរការបោះឆ្នោតមួយ ទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតបលោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ ២០២៣នេះដែរ។
លោកថា ចាប់តាំងពីពេលមកដល់កម្ពុជា លោកបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ លោកក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរ អំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។
លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនសម្ដេចក្រឡាហោម អំពីលទ្ធផលនៃជំនួបរវាងលោក និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងវិស័យកសិកម្ម។
ដោយឡែកសម្រាប់វិស័យកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានវាយតម្លៃជាវិជ្ជមានមកលើដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេច ក៏បានសម្ដែងការគាំទ្រចំពោះស្មារតី នៃលទ្ធផលជំនួបរវាងលោកនាយករដ្ឋមន្រ្តី និងសម្ដេចតេជោ ហ៊ុន សែន នៅក្នុងការលើកកម្ពស់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ។
សម្ដេចក៏គាំទ្រ និងស្វាគមន៍គោលបំណងរបស់នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ ដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍ រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ