ព័ត៌មានជាតិ
លោក ហ៊ុយ យ៉ាឡេង ប្រាប់ពីមូលហេតុដែលលោកផលិតរឿងខ្មោចជាថ្មី
ផលិតករដ៏ល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានវិលត្រឡប់មកផលិតភាពយន្តឡើងវិញជាមួយផលិតកម្ម អិលឌី គឺរឿង “ខ្មោចចូល” ដែលទើបតែបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំទើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ។

លោក ហ៊ុយ យ៉ាឡេង ធ្លាប់បានប្រកាសថា លោកផ្អាកការផលិតភាពយន្តសិន ដោយសារភាពយន្ត រឿង កូវីដ-១៩ មិនទទួលបានភាពជោគជ័យ ព្រមទាំងខាតបង់ជាច្រើន ដែលធ្វើឱ្យលោកបង្ខំចិត្តលក់ផ្ទះ ដើម្បីផលិតភាពយន្ត។ ប៉ុន្តែ ពេលនេះ លោកបានវិលត្រឡប់មកជាថ្មី ជាមួយនឹងរឿងខ្មោចភ័យរន្ធត់ បង្កប់នូវអត្ថន័យជាច្រើននៅក្នុងនោះ។

លោកបានឱ្យ កម្ពុជាថ្មី ដឹងថា នេះ គឺជារឿងដំបូងដែលលោកបានសហការផលិតជាមួយផលិតកម្ម អិលឌី។ ដោយសារវិបត្តិកូវីដ-១៩ និងការផលិតរឿង កូវីដ-១៩ មិនទទួលបានជោគជ័យ លោកក៏សម្រេចចិត្តថា ឈប់ផលិតរឿងទៀត។ ប៉ុន្តែ ដោយហេតុថា លោកនៅសល់រឿង “ខ្មោចចូល” ដែលនិពន្ធតាំងពីមុនមាន វិបត្តិកូវីដ-១៩ ចង់បន្តការផលិតភាពយន្តទៅមុខទៀត ក៏ព្យាយាមរកច្រកចេញជាមួយស្នាដៃដែលលោកមានស្រាប់ និងឃើញពីភាពសកម្មរបស់ផលិតកម្ម អិលឌី លោកក៏បានយកភាពយន្តនេះទៅពិភាក្សាជាមួយផលិតកម្ម អិលឌី និងផលិតជាភាពយន្តជាថ្មីម្តងទៀត ដែលចំណាយពេលមួយខែ និងទឹកប្រាក់ជាង ៧ម៉ឺនដុល្លារ ក្នុងការផលិត។

លោកបានបន្តថា នៅក្នុងភាពយន្តនីមួយៗរបស់លោក តែងតែខុសប្លែកគ្នា និងបង្កប់នូវការអប់រំនានាដល់អ្នកទស្សនា ធ្វើយ៉ាងណាឱ្យពួកគេអាចចាប់យកខ្លឹមសារនៅក្នុងរឿងមួយនេះបាន។ ជាក់ស្តែង រឿង “ខ្មោចចូល” បង្ហាញពីតថភាពក្នុងឆ្នាំ ១៩៩១ ដែលប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិល អាចមានសន្តិភាព ដោយសារយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ មានការរួមបញ្ចូលជាមួយមន្តអាគម ខ្មោចចូល របស់ទាហានប៉ារ៉ា ទាហានព្រៃ ដែលមកពីសមរភូមិប្រយុទ្ធផងដែរ។ រឿងមួយនេះ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្តចាប់ពីថ្ងៃទី២៧ ខែកក្កដា តទៅ។
ចំពោះការលិតរឿងខ្មោចនេះ លោកនឹងមិនផលិតតែរឿងខ្មោចរហូតនោះទេ គឺនឹងផលិតរឿងផ្សេងៗបន្ថែមទៀត ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺប្រមូលអ្នកគាំទ្រដែលនិយមចូលចិត្តមើលរឿងខ្មោច ឱ្យត្រឡប់មកមើលម្តងទៀត។ ស្របពេលជាមួយគ្នានេះ អ្វីដែលលោកអាចចាប់ផ្តើមធ្វើបាន គឺការចាប់ផ្តើធ្វើភាពយន្តខ្មោចដែលមានស្រាប់ សម្រាប់កៀរគរអ្នកគាំទ្រមកវិញសិន។
ក្រោយពីបានទស្សនាភាពយន្ត រឿង “ខ្មោចចូល” នេះ លោក សួង ចាន់តារា ជាអាជីវករលក់ទូរស័ព្ទដៃមួយរូប បានឱ្យ កម្ពុជាថ្មី ដឹងថា ភាពយន្តនេះ ល្អមើល និងបង្កប់អត្ថន័យជាច្រើន។ លោកឱ្យពិន្ទុ ៩ លើ១០។ លោកថា រឿង “ខ្មោចចូល” ចង់បង្រៀនមនុស្សកុំឱ្យទុកចិត្តមនុស្សជុំវិញខ្លួនខ្លាំងពេក ព្រោះមនុស្សដែលនៅជិតបំផុត គឺជាមនុស្សដែលមានគ្រោះថ្នាក់បំផុត។ ចំណែក បច្ចេកទេសថត គឺកាន់តែមានភាពរីកចម្រើន ស្របតាមប្រទេសជឿនលឿន ហើយភាពយន្តខ្មែរបច្ចុប្បន្ន ក៏មានការគាំទ្រច្រើនផងដែរ។
សូមជម្រាបថា កន្លងមក ផលិតករ ហ៊ុយ យ៉ាឡេង បានផលិតភាពយន្តជាច្រើនប្រភេទ ដែលសុទ្ធតែមានការគាំទ្រខ្លាំង មានដូចជា រឿងដើមចេកជ្វា រឿងកូវីដ-១៩ រឿងវិកលចរិត រឿងធ្មប់ រឿងដើម្បីកូន និងរឿងទារុណកម្មខ្មោចជាដើម៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក