ព័ត៌មានជាតិ
ដើម្បីអាចបង្កើតរាជរដ្ឋាភិបាលថ្មីបាន តើត្រូវមាននីតិវិធីអ្វីខ្លះ?
នៅថ្ងៃទី២៦ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះទេ ដោយតំណែងនេះ នឹងត្រូវជំនួសដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បើតាមការប្រកាសរបស់សម្ដេចតេជោ រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងចូលមកជំនួសនៅថ្ងៃទី២១ ខែសីហា ខណៈរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។
ដើម្បីអាចឈានទៅបង្កើតឡើងជាផ្លូវការនូវនីតិកាលថ្មីរបស់រដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាលថ្មីបាន តើត្រូវមាននីតិវិធីអ្វីខ្លះ?
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា «រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ»។ ក្រោយការកោះប្រជុំក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ រដ្ឋសភាត្រូវបើកដំណើរការកិច្ចប្រជុំរបស់ខ្លួនក្រោមព្រឹទ្ធសមាជិករដ្ឋសភាមួយរូប ដែលជាបេក្ខជនជាប់ឆ្នោតមានអាយុច្រើនជាងគេ ដើម្បីប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ។
ព្រឹទ្ធសមាជិក ត្រូវដឹកនាំការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជា ការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា តាមការស្នើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តែយ៉ាងណាមិញ ច្បាប់ធម្មនុញ្ញបន្ថែម ត្រង់មាត្រា៤ ថ្មី (មួយ) បានកំណត់ថា «ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់»។ បន្ទាប់ពីការប្រកាសសុពលភាពបេក្ខជនជាប់ឆ្នោត និងការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា រួចមក ប្រធាន អនុប្រធាន រួមទាំងសមាជិក-សមាជិករដ្ឋសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង មុនចូលកាន់តំណែងជាតំណាងរាស្រ្តជាផ្លូវការ។
ក្រោយពេលនីតិកាលថ្មីរបស់រដ្ឋសភាចូលកាន់តំណែងជាស្ថាបពរហើយនោះ ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលថ្មី តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ មាត្រា ១១៩ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា ហើយវរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ក៏ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។
មាត្រាដដែលនេះ បានឱ្យដឹងដែរថា វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្រ្តីទាំងមូល ហើយកាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនោះ។ មុនចូលកាន់តំណែងជាផ្លូវការ គណៈរដ្ឋមន្រ្តី ត្រូវធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់