ព័ត៌មានជាតិ
តើអនាគតនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រវត្តិការសិក្សាបែបណា?
ក្នុងពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មី ក្រោយពេលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជន្នះក្នុងការបោះឆ្នោតជ្រើសតាំងតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ។ បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ សម្ដេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៧នេះទៀតទេ ដោយតំណែងនេះ ត្រូវជំនួសដោយកូនប្រុសច្បងរបស់សម្ដេច គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា «ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តម កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបការជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។
នៅឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់ផ្ដើមចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ និងនៅឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ឯកឧត្តម បានចូលសិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ)។ កាលនៅសិក្សាថ្នាក់វិទ្យាល័យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាសិស្សពូកែគណិតវិទ្យា ដោយបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅរាជធានីភ្នំពេញ ពោល គឺនៅក្នុងឆ្នាំ១៩៩៥ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅសាលាបណ្ឌិត្យសភាយោធា West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ ឯកឧត្តម ជាជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិត្យយោធា West Point នៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅក្នុងឆ្នាំ២០០២ ឯកឧត្តម បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ញូយ៉ក សហរដ្ឋអាមេរិក ខណៈនៅក្នុងឆ្នាំ២០០៨ ឯកឧត្តម ក៏បានទទួលនូវសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។
បើនិយាយអំពីប្រវត្តិការងារវិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញកិច្ចការងារជាច្រើនទាំងវិស័យសង្គម មនុស្សធម៌ ជាពិសេស កិច្ចការពារជាតិ មាតុភូមិកម្ពុជា។ ជាក់ស្ដែង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាសបួន ដែលមានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សម្រាប់កិច្ចការនយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើកម្រិតវប្បធម៌ដ៏ជ្រៅជ្រះ និងពោរពេញដោយសមត្ថភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក-សមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ដើម្បីជាជំហានឈានឆ្ពោះទៅជាបេក្ខភាពនៅពេលអនាគត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជនពេញសិទ្ធិនៅលេខរៀងទី១ ក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ មណ្ឌលរាជធានីភ្នំពេញ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់