ព័ត៌មានជាតិ
អ្នកកែច្នៃ និងនាំចេញផលកសិកម្មកម្ពុជា រំពឹងមានកំណើនខ្ពស់ទៅទីផ្សារចិន
អ្នកផលិត កែច្នៃ និងនាំចេញផលកសិកម្មកម្ពុជា ដាក់ក្តីរំពឹងខ្ពស់លើការនាំចេញទៅផ្សារចិន និងសង្ឃឹមអាចបង្កើតប្រាក់ចំណេញបានច្រើនជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាល សម្របសម្រួលឱ្យមានការដឹកជញ្ជូនកសិផល ដោយឆ្លងកាត់ប្រទេសឡាវ ទៅចិនតាមមធ្យោបាយផ្លូវគោក។ ដោយគម្រោងនេះ ត្រូវបានមើលឃើញថា ជួយបន្ធូរបន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងភាពស្មុគស្មាញ ដែលកម្ពុជា ធ្លាប់តែពឹងលើថៃ និងវៀតណាម។

កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានលើកឡើងថា ការសម្របសម្រួលឱ្យមានការដឹកជញ្ជូនតាមប្រទេសឡាវទៅកាន់ទីផ្សារចិន គឺជារឿងប្រសើរបំផុត ជាពិសេសសម្រាប់ក្រុមហ៊ុនកញ្ញាដែលមានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ឡាវស្រាប់។ កញ្ញាបន្តដូច្នេះ« ខ្ញុំគិតថា វានឹងកាន់តែមានភាពល្អប្រសើរ សម្រាប់ក្រុមហ៊ុននាងខ្ញុំ ព្រោះទីតាំងរបស់ក្រុមហ៊ុនស្ថិតនៅខេត្តស្ទឹងត្រែង ដែលនៅជិតប្រទេសឡាវ»។

បើតាមកញ្ញា សឿន សុទ្ធនីតា បានបញ្ជាក់ថា សិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បច្ចុប្បន្ននេះ ធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីទាំងពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ដោយមានសមត្ថភាពផលិតបានចំនួន ១៥តោនក្នុងមួយខែ និងគ្រោងពង្រីកឱ្យបាន ២០តោន ឆាប់ៗនេះ។ កញ្ញា សុទ្ធនីតា បានឱ្យដឹងទៀតថា សព្វថ្ងៃក្រុមហ៊ុន បានធ្វើការនាំចេញទៅប្រទេស កូរ៉េ, អាមេរិក, អង់គ្លេស, សឹង្ហបុរី និងគ្រោងពង្រីកទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀតដូចជា តៃវ៉ាន់ និងស្វីស ជាដើម។
ក្រៅពីនេះ កញ្ញា សឿន សុទ្ធនីតា បានឱ្យដឹងទៀតថា សិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានរួមចំណែកជាមួយរដ្ឋាភិបាលតាមរយៈបណ្តុះបណ្តាលប្រជាកសិករនៅក្នុងតំបន់ប្រមាណជាង ១០០គ្រួសារ ឱ្យមានបច្ចេកទេសនៅក្នុងការដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសបានផ្តល់តម្លៃផលិតផលរបស់កសិករលើសទីផ្សារពី ១០០រៀលទៅ ៣០០រៀល ផងដែរ។

ដូចគ្នានេះដែរ លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន បានលើកឡើងថា កន្លងមកការនាំចេញទៅចិនត្រូវឆ្លងកាត់ប្រទេសថៃ និងវៀតណាម មានភាពស្មុគស្មាញច្រើន ពិបាកក្នុងដឹកជញ្ជូន។ លោកថា ប្រសិនបើមានការសម្របសម្រួលឱ្យមានការនាំចេញតាមច្រកប្រទេសឡាវ ដោយពុំមានរបាំងសាំញ៉ាំច្រើន ជាឱកាសសម្រាប់នាំចេញទំនិញកសិផលរបស់កម្ពុជា កាន់តែធំបន្ថែមទៀត ទៅទីផ្សារចិន។ លោកបន្ថែមបែបនេះថា « ការដឹកជញ្ជូនឆ្លងកាត់ឡាវ នឹងជួយយើងបានច្រើន ប្រសិនបើធ្វើទៅរួចហើយតម្លៃទាប និងពុំមានរំបាំងច្រើន»។
រយៈពេល ៣ឆ្នាំចុងក្រោយនេះ លោក វណ្ណ ឬទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុនអង្គរហ្រ្គីនបាននាំចេញស្វាយកែវរមៀនប្រមាណជាង ៥ពាន់តោន ទៅកាន់ទីផ្សារបរទេស។ បើតាមលោក ឬទ្ធី តម្លៃដឹកជញ្ជូនធូរថ្លៃ ការនាំចេញបានច្រើន នឹងជួយបង្កើតទីផ្សារជូនកសិករខ្មែរយើងកាន់តែច្រើនថែមទៀត។
លោក គង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ថា ដោយសារការដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ និងវៀតណាម មានភាពស្មុគស្មាញ និងចំណាយខ្ពស់ អ្នកវិនិយោគិនចិន ដែលមានរោងចក្រនៅកម្ពុជា បានស្នើឱ្យក្រសួង សម្របសម្រួលផ្នែកច្បាប់ ដើម្បីងាកមកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ទៅកាន់ចិនវិញ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើ ដំណើរការផ្លូវពាណិជ្ជកម្មនេះជោគជ័យ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយបានច្រើន។
បើតាមគម្រោង ផ្លូវពាណិជ្ជកម្មថ្មីនេះ ត្រូវចេញពីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ហើយដឹកជញ្ជូនបន្តពីឡាវតាមរយៈរថភ្លើងល្បឿនលឿន ទៅប្រទេសចិន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ