ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ មានមុខងារ រចនាសម្ព័ន្ធយ៉ាងណាខ្លះ?
អត្ថបទមុនកម្ពុជាថ្មីបានលើកបង្ហាញពីមុខងារនិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ បន្តទៀតនេះ កម្ពុជាថ្មីនឹងលើកដើម្បីបន្តស្វែងយល់ពីដំណើរការការងារនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ តើមានមុខងារ តួនាទី និងរចនាសម្ព័ន្ធយ៉ាងណាខ្លះ?
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលមានភារកិច្ចដូចខាងក្រោម៖
– គ្រប់គ្រងលើកកម្ពស់និងជំរុញការផ្តល់សេវានានាដែលពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
– សិក្សារៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងនឹងការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្នាក់នៅ ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារលិខិតឆ្លងដែនធម្មតា ការងារលិខិតធ្វើដំណើរឆ្លងដែនដទៃទៀតនិងការងារសញ្ជាតិ
– សិក្សា និងរៀបចំគោលការណ៍ វិធានការ យន្តការ បែបបទ និងនីតិវិធីនៃការផ្ដល់ឯកសារអត្រានុកូលដ្ឋាន សម្គាល់ការស្នាក់នៅ សម្គាល់គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែនធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀតនិងការផ្តល់ឬការលះបង់សញ្ជាតិខ្មែរ
– រៀបចំក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងថវិកា មធ្យោបាយ សម្ភារសម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងារអត្តសញ្ញាណកម្ម
– ធ្វើបច្ចុប្បន្នភាពលើការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្នាក់នៅ ការងារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារលិខិតឆ្លងដែនធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត និងការងារសញ្ញាតិឱ្យស្របទៅតាមការវិវឌ្ឍន៍នៃសកលភាវូបនីយកម្ម
– គ្រប់គ្រងការងារអត្តសញ្ញាណប្រជាពលរដ្ឋ ការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារ ស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារលិខិតឆ្លងដែនធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត និងការងារសញ្ជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់
– គ្រប់គ្រង ត្រួតពិនិត្យការងាររៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងជនបរទេស
– ធ្វើការពិនិត្យ និងចេញឯកសារបញ្ជាក់អំពីអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងបញ្ជាក់ពីភាពត្រឹមត្រូវពិតប្រាកដនៃឯកសារសម្គាល់អត្តសញ្ញាណ
– សិក្សារៀបចំអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ចុះបញ្ជី ប្រមូលទិន្នន័យ គ្រប់គ្រង ថែរក្សានិង ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម
– ដឹកនាំ គ្រប់គ្រងការងារបុគ្គលិក ភស្តុភារ គណនេយ្យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង បណ្តានាយកដ្ឋានចំណុះ
– សម្របសម្រួល សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដើម្បីបំពេញភារកិច្ចតាមតួនាទីភារកិច្ចរបស់ខ្លួន
– ដឹកនាំ គ្រប់គ្រងមន្ត្រីអត្តសញ្ញាណកម្មទាំងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមន្ត្រីបម្រើការងារ អត្តសញ្ញាណកម្មនៅថ្នាក់ក្រោមជាតិ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត
– ស្នើតែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើ និងអនុវត្តវិន័យមន្ត្រីបម្រើការងារអត្តសញ្ញាណកម្ម ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច
-តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អាចសហការជាមួយក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ដើម្បីបម្រើសំណូមពរបញ្ជាក់អត្តសញ្ញាណរបស់ជនរងគ្រោះ ជនសង្ស័យនិងជនបាត់ខ្លួន
– រៀបចំផែនការបណ្តុះបណ្តាល កសាងធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈ ភាសាបរទេសដល់មន្ត្រីអត្តសញ្ញាណកម្ម
– តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អាចទំនាក់ទំនង និង សហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យ ឯកជននានាដើម្បីជំរុញនិងពង្រឹងការអនុវត្តការងាររបស់ខ្លួន
– ស្រាវជ្រាវអង្កេត វាយតម្លៃភាពមិនប្រក្រតីនៃការងារអត្តសញ្ញាណកម្ម
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទ
– ទទួលអនុវត្តភារកិច្ចនិងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការកំណត់។
នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានអត្រានុកូលដ្ឋាន
៣- នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤- នាយកដ្ឋានលិខិតឆ្លងដែន
៥- នាយកដ្ឋានសញ្ញាតិ
៦- នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
៧- នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តួនាទីភារកិច្ចរបស់នាយកដា្ឋនចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
១-នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីធ្វើជាសេនាធិការលើការងាររដ្ឋបាល រួមមានការចាត់ចែង ឯកសារនានា ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា រួមទាំងការធ្វើកំណត់ហេតុ ឬរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំ ការងារពិធីការ ការគ្រប់គ្រងត្រា ការគ្រប់គ្រងឯកសារ។
២-នាយកដ្ឋានអត្រានុកូលដ្ឋាន មានតួនាទីធ្វើជាសេនាធិការលើការងារអត្រានុកូលដ្ឋាន ដោយសិក្សា រៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ក្នុងការចុះបញ្ជី និងផ្តល់សំបុត កំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។
៣-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
៤-នាយកដ្ឋានលិខិតឆ្លងដែន មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារលិខិតឆ្លងដែនធម្មតា និងលិខិតធ្វើដំណើរឆ្លងដែនដទៃទៀត
៥-នាយកដ្ឋានសញ្ជាតិ មានតួនាទីធ្វើជាសេនាធិការក្នុងការអនុវត្តច្បាប់ស្តីពីសញ្ជាតិ អនុក្រឹត្យ និង លិខិតបទដ្ឋានពាក់ព័ន្ធ។
៦-នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ មានតួនាទីធ្វើជាសេនាធិការ លើការងារស្ថិតិប្រជាពលរដ្ឋ ដោយសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ការផ្តល់ឯកសារសម្គាល់ ការស្នាក់នៅសម្គាល់គ្រួសារ ការផ្លាស់ប្ដូរទីលំនៅ។
៧-នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោល ការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ការងារគ្រប់គ្រង ប្រើប្រាស់វិភាគ បែងចែកប្រភេទ ទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋទៅតាមលក្ខណៈវិទ្យាសាស្ត្រ និងអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព