ព័ត៌មានជាតិ
ប្រវត្តិស្នាដៃ ឯកឧត្ដម ទឹម ងួន ឥស្សរជនល្បីល្បាញ ឆ្នាំ ១៩២០-១៩៧៥
ឯកឧត្ដម ទឹម ងួន ជាឥស្សរជនជាន់ខ្ពស់មួយរូប មានឈ្មោះល្បីល្បាញណាស់ក្នុងសង្គមខ្មែរ កាលពីមុនឆ្នាំ ១៩៧៥ និងបានកសាងគុណសម្បត្តិជាច្រើនសន្ធឹកក្នុងការចូលរួមអភិវឌ្ឍន៍ កសាងសង្គម ជាតិខ្មែរ។ ឯកឧត្ដម ទឹម ងួន ក៏ធ្លាប់ធ្វើជាចៅហ្វាយខេត្តធំៗ នៃប្រទេសកម្ពុជា ដូចជា ខេត្តបាត់ដំបង និង កំពង់ចាម ជាដើម…។
ប្រវត្តិដ៏អស្ចារ្យរបស់ ឯកឧត្ដម ទឹម ងួន ឥស្សរជនដ៏ល្បីល្បាញ នៃកម្ពុជា(១៩២០-១៩៧៥)
ឯកឧត្ដម ទឹម ងួន បានប្រសូតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩២០ ភូមិទឹកល្អក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងត្រកូលគ្រួសារកសិករ។ ឯកឧត្ដម មានឪពុកឈ្មោះ ព្រំ ទឹម និង ម្ដាយឈ្មោះ ផេង សួង ជាកសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងចំណោមបងប្អូនសរុប ៩ នាក់ ឯកឧត្ដម ទឹម ងួន ជាកូនទី ៨ ដោយក្នុងនោះរួមមាន ៖
១-លោកស្រី ទឹម ប្រុក
២-លោកស្រី ទឹម ហេង
៣-ឯកឧត្ដម ទឹម កេន អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងគមនាគមន៍ និងជាសមាជិកក្រុមបង្កើតច្បាប់ដំបូងបង្អស់ នៃកម្ពុជា តាំងពីរជ្ជកាលព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
៤-ឯកឧត្ដម ទឹម សារិ តំណាងរាស្ត្រ និងជាអតីតចៅហ្វាយស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងសម័យអាណានិគមនិយមបារាំង។
៥-លោកជំទាវ ទឹម ប្រៅ ភរិយាឯកឧត្ដម អ៊ឹង ហូ ចៅហ្វាយខេត្តសម័យអាណានិគមនិយមបារាំង។
៦-លោកជំទាវ ទឹម មាន ភរិយាឯកឧត្ដម ឆាយ សាន
៧-លោកស្រី ទឹម វ៉ាន ភរិយាលោក អ៊ឹម ហង្ស មន្ត្រីជាន់ខ្ពស់ផ្នែកយោធាសម័យអាណានិគមនិយមបារាំង។
៨-ឯកឧត្ដម ទឹម ងួន(ផ្ទាល់)
៩-លោកជំទាវ ទឹម វ៉ារី ភរិយាឯកឧត្ដម ណេត បូ ចៅហ្វាយស្រុក និងជាតំណាងរាស្ត្រ នៃប្រទេសកម្ពុជា សម័យសង្គមរាស្ត្រនិយម។
កុមារ ទឹម ងួន ស្ថិតក្នុងវ័យកុមារភាព បានចូលសិក្សារៀនសូត្រនៅសាលាវត្តក្នុងភូមិកំណើត រួចក៏បន្តការសិក្សានារាជធានីភ្នំពេញ និងទទួលបានសញ្ញាប័ត្រទុតិយភូមិជំនាន់ទី ២ ឯវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៤០។ ក្រោយមក កុមារ ទឹម ងួន ក៏បានបន្តការសិក្សាវគ្គខ្លីផ្នែករដ្ឋបាលសាធារណៈ នៅសាលា«ស៊ីឡូសូបាស» នាទីក្រុងព្រៃនគរ ទឹកដីកូសាំងស៊ីន។
លោក ទឹម ងួន ត្រឡប់មកមាតុភូមិវិញ នៅខែតុលា ឆ្នាំ ១៩៤១ ហើយភ្លាមនោះលោកក៏បានចូលបម្រើការងាររដ្ឋបាល នៃរាជរដ្ឋាភិបាលកម្ពុជា តែម្ដង(២៦ ខែធ្នូ ឆ្នាំ ១៩៤១ ដល់ខែមិនា ឆ្នាំ ១៩៤៣) ក្នុងតួនាទីជាភូឈួយខេត្តព្រៃវែង។ នៅខែមិនា ឆ្នាំ ១៩៤៣ ដល់ខែមករា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បានផ្លាស់មកធ្វើជាភូឈួយខេត្តកំពង់ចាម វិញ។
នៅខែមករា ឆ្នាំ ១៩៤៥ ដល់ខែកញ្ញា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បានកាន់តួនាទីជាចៅហ្វាយស្រុកព្រៃឈរ។ តមក នៅខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ខែឧសភា ឆ្នាំ ១៩៤៦ លោកបានទទួលតួនាទីជាភូឈួយខេត្តកំពង់ចាម។ ហើយនៅខែឧសភា ឆ្នាំ ១៩៤៦ ដល់ខែវិច្ឆិកា ឆ្នាំ ១៩៤៦ លោកក៏បានតួនាទីជាចៅហ្វាយស្រុកក្រូចឆ្មារ ក្នុងឋានៈជាភូឈួយខេត្តនេះ។ លោក ទឹម ងួន បានចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសង្គម និងការជួយរៀបចំរដ្ឋបាលជូនប្រជាជននៅមូលដ្ឋាន។
លោក ទឹម ងួន បានកាន់តួនាទីជានាយខុទ្ទកាល័យឯកឧត្ដមរាជប្រតិភូគ្រប់គ្រងខេត្តសៀមរាប និងបាត់ដំបង ពី ខែធ្នូ ឆ្នាំ ១៩៤៦ ដល់ខែធ្នូ ឆ្នាំ ១៩៤៧ ដែលកាលនោះ ឯកឧត្ដម លន់ ណុល មានភារកិច្ចជារាជប្រតិភូ។
នៅរវាងខែមិនា ឆ្នាំ ១៩៤៧ ដល់ខែកញ្ញា ឆ្នាំ ១៩៤៧ លោក ទឹម ងួន បានទទួលតួនាទីជាប្រធាននាយកដ្ឋានមួយក្នុងក្រសួងការពារជាតិ។
ឥស្សរជនដ៏ល្បីល្បាញរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនាងកញ្ញា សាយ គុនថុន ដែលជាបងប្អូនជីដូនមួយនឹងគ្នា នៅឆ្នាំ ១៩៤៨។
លោក ទឹម ងួន និងភរិយា ទទួលបានចំណងដៃបុត្រាបុត្រីរួមគ្នាដល់ទៅ ៧ រូប រួមមាន ៖
១-ទឹម ចាន់ថាល់ (ស្រី) ,២-ទឹម សូគីរីវ៉ាល់(ប្រុស) ,៣-ទឹម វរសេដ្ឋា(ប្រុស) ,៤-ទឹម វរពុទ្ធាន(ប្រុស), ៥-ទឹម ប៊ុនថុច (ស្រី), ៦-ទឹម ប៊ុណ្ណារិទ្ធ (ប្រុស) និង ៧-ទឹម ម៉នដេយ៉ា។
រាជរដ្ឋាភិបាលកម្ពុជា ពី (ខែកក្កដា ឆ្នាំ ១៩៥០ ដល់ខែសីហា ឆ្នាំ ១៩៥១) បានបញ្ជូន លោក ទឹម ងួន ឲ្យទៅសិក្សាវគ្គខ្លី ផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅសាធារណរដ្ឋបារាំង។ នៅខែតុលា ឆ្នាំ ១៩៥១ មកទល់ខែកុម្ភៈ ឆ្នាំ ១៩៥៣ លោកបានទទួលតួនាទីជានាយខុទ្ទកាល័យ និងជាចាងហ្វាងផ្នែកកិច្ចការសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងជានាយកពិធីការ ដោយបានទទួលគោរមងារជា «ឯកឧត្ដម» តាំងពីពេលនោះមក។
នៅខែកុម្ភៈ ឆ្នាំ ១៩៥៣ មកទល់ខែកញ្ញា ឆ្នាំ ១៩៥៥ ឯកឧត្ដម ទឹម ងួន បានកាន់តួនាទីជាចៅហ្វាយខេត្តព្រៃវែង រួចបំពេញមុខងារត្រួតជាមេបញ្ជាការក្របខណ្ឌទាហាន នាទឹកដីព្រៃវែង និងស្វាយរៀង ដោយមានឋានន្តរសក្ដិវរសេនីយ៍ទោ ពី (ខែកុម្ភៈ ឆ្នាំ ១៩៥៤ ដល់ខែសីហា ឆ្នាំ ១៩៥៤)។
ពេល «កម្ពុជា» ទើបបានឯករាជ្យពេញបរិបូណ៌
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ឯកឧត្ដម ទឹម ងួន ក៏បានចូលរួមអភិវឌ្ឍន៍ខេត្តខណ្ឌដែលលោកគ្រប់គ្រង ឃើញថា ទទួលបានផលជាផ្លែផ្កា។ ជាមួយនោះ ឯកឧត្ដម ក៏ទទួលបានការសរសើរពី សម្ដេចព្រះប្រមុខរដ្ឋ ដែលឲ្យប្រជាជនខ្មែររស់នៅក្នុងខេត្តទាំងនោះ ផ្លាស់ប្ដូររបត់ថ្មី កសាងជីវភាពថ្មី ល្អប្រសើរជាងមុន ក្នុងសេរីភាពឯករាជ្យជាតិពិតប្រាកដ។
តមក ឯកឧត្ដម ក៏បានទទួលតួនាទីជាចៅហ្វាយខេត្តកំពង់ចាម នៅខែសីហា ឆ្នាំ ១៩៥៥ ដល់ខែមេសា ឆ្នាំ ១៩៥៧។ នៅរវាងពីខែមិនា ឆ្នាំ ១៩៥៨ ដល់ខែកក្កដា ឆ្នាំ ១៩៥៨ ឯកឧត្ដម ទឹម ងួន បានទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហើយរវាងពីខែមិនា ឆ្នាំ ១៩៥៨ ដល់ខែកុម្ភៈ ឆ្នាំ ១៩៥៩ ឯកឧត្ដម ទទួលបានតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
រវាងពីខែកុម្ភៈ ឆ្នាំ ១៩៥៩ ដល់ខែកក្កដា ឆ្នាំ ១៩៦៦ ឯកឧត្ដម ទឹម ងួន បានកាន់តួនាទីជាចៅហ្វាយខេត្តបាត់ដំបង។ ការគ្រប់គ្រងខេត្តបាត់ដំបងនេះ ឃើញថា មានការអភិវឌ្ឍជាខ្លាំង ហើយ ឯកឧត្ដម ក៏ជាអ្នករៀបចំប្លង់មេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តទាំងមូលដូចជា ៖ ផ្លូវ ថ្នល់ វត្តអារាម មន្ទីរពេទ្យ រោងចក្រ ជាដើម… តាមគោលការណ៍ផែនការ ៥ ឆ្នាំ របស់រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ សម្ដេចព្រះប្រមុខរដ្ឋ។
ការព្យាយាមជួយអភិវឌ្ឍន៍ខេត្តបាត់ដំបង របស់ ឯកឧត្ដម ទឹម ងួន ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ រហូតខេត្តនេះ ក្លាយជាខេត្តដ៏ធំក្នុងចំណោមខេត្តធំៗទាំង ៤ នៅប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាជនក្នុងខេត្ត ក៏ដូចជាប្រជាជនទូទាំងប្រទេស បានស្គាល់ និងគោរពស្រលាញ់រាប់អាន ឯកឧត្ដម ជាខ្លាំង។
តមកទៀត នៅខែសីហា ឆ្នាំ ១៩៦៦ ក្រោយពីបញ្ចប់ការងារជាអភិបាលខេត្តបាត់ដំបង ឯកឧត្ដម ទឹម ងួន ក៏មកបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី រហូតដល់ខែកក្កដា ឆ្នាំ ១៩៧០។ ពេលនោះ ឯកឧត្ដម ក៏បានទទួលតួនាទីបេសកកម្មពិសេស ក្នុងការគ្រប់គ្រងខេត្តបាត់ដំបងម្តងទៀត ពីថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៦៨ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៦៨។
ឯកឧត្ដម បានទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៧០ ដល់ថ្ងៃទី ៧ ខែមិនា ឆ្នាំ ១៩៧១។ កំឡុងពេលនោះ ឯកឧត្ដម ទឹម ងួន មានតួនាទីមួយទៀត ជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី ដោយកាន់ការណ៍ពីថ្ងៃទី ៧ ខែមិនា ឆ្នាំ ១៩៧០ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ១៩៧១។
ឯកឧត្ដម ទឹម ងួន បានទទួលតួនាទីជាឧបនាយករដ្ឋមន្ត្រីទី ១ នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែលមានតួនាទីគ្រប់គ្រងលើស្ថាប័នរដ្ឋ ទាំង ៤ សំខាន់ គឺ ៖ ក្រសួងការពារជាតិ ក្រសួងធម្មការ ក្រសួងយុត្តិធម៌ និងក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ១៩៧១។ ហើយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៧២ ឯកឧត្ដម បានទទួលតួនាទីថ្មីជាអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ។ ពេលនោះ ឯកឧត្ដម និងក្រុមគ្រួសារ បានចាកចេញទៅរស់នៅប្រទេសថៃ ខណៈ កម្ពុជា កំពុងមានសង្គ្រាមរ៉ាំរ៉ៃ។
ឥស្សរជនដ៏ល្បីល្បាញរបស់កម្ពុជារូបនេះ ទទួលបានគ្រឿងឥស្សរិយយសជាច្រើនក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម និង សម័យសាធារណរដ្ឋខ្មែរ។
ឥស្សរជន ទឹម ងួន បានទទួលមរណភាពនៅថ្ងៃទី ៧ ខែមិនា ឆ្នាំ ១៩៧៥ ក្នុងជន្មាយុ ៥៥ ឆ្នាំ ដោយរោគាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។ ពិធីបុណ្យសពរបស់ ឯកឧត្ដម បានប្រារព្ធឡើងយ៉ាងអ៊ឹកធឹក នៅនិវេសនដ្ឋានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រោមការជួយជ្រោមជ្រែង នៃរដ្ឋាភិបាលប្រទេសទាំងពីរ។
ក្រោយ ឯកឧត្ដម ទឹម ងួន ទទួលមរណភាពភ្លាម ក្រុមគ្រួសាររបស់ ឯកឧត្ដម ទាំងមូល ដែលមានសមាជិកជាង ២០ នាក់ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បញ្ជូនឲ្យទៅរស់នៅសហរដ្ឋអាមេរិក ខណៈស្ថានភាពប្រទេសកម្ពុជា កំពុងជ្រួលច្របល់ខ្លាំង។ ចំពោះការភៀសខ្លួនទៅរស់នៅប្រទេសទី ៣ នេះ គឺជាសំណាងមហាសំណាង ដែលបណ្ដាលឲ្យ ភរិយា និងកូនរបស់ ឯកឧត្ដម ទាំងអស់ រួចផុតពីសេចក្ដីស្លាប់ ក្នុងរបបវាលពិឃាដប្រល័យពូជសាសន៍ប៉ុលពត។ សព្វថ្ងៃ ភរិយា និង កូនៗរបស់ ឯកឧត្ដម ទឹម ងួន កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
គួរជម្រាបថា ឯកឧត្ដម ទឹម ងួន បានកសាងគុណសម្បត្តិជាច្រើនសន្ធឹកក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងសង្គមជាតិខ្មែរតាំងពីមុនពេលកម្ពុជាបានឯករាជ្យ រហូតដល់ប្រទេសកម្ពុជារស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម រវាងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ ហើយកាលពីសម័យកម្ពុជាមានឈ្មោះថា«កោះសន្តិភាព» ឯកឧត្ដម ទឹម ងួន មានឈ្មោះល្បីល្បាញណាស់ក្នុងសង្គមខ្មែរ ក្នុងឋានៈជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានកាន់ការអភិវឌ្ឍខេត្តនានា និងគ្រប់គ្រងស្ថាប័នជាតិជាច្រើនឆ្នាំ ដោយចិត្តមោះមុត និងស្មោះស្ម័គ្រជាពន់ពេក៕
អត្ថបទ ៖ ពិសី
ប្រភព ៖ ក្រុមព្រះសុរិយា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២២ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី