ព័ត៌មានជាតិ
តើការបើកច្រកដឹកទំនិញតាមឡាវទៅចិននឹងចំណេញដល់វិស័យដឹកជញ្ជូនកម្ពុជាបែបណា?
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា ប្រសិនបើកម្ពុជា អាចសម្របសម្រួលដឹកជញ្ជូនទំនិញ ឬកសិផលឆ្លងកាត់ប្រទេសឡាវតាមផ្លូវគោក ឆ្ពោះទៅចិនជោគជ័យ នឹងធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជា កាន់តែមានដំណើរការល្អ ដឹកជញ្ជូនបានច្រើន និងលឿន ជាពិសេសធ្វើឱ្យចរន្តសេដ្ឋកិច្ចកាន់តែមានភាពរីចម្រើននៅថ្ងៃខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/204566969_1732123216972011_8816078.2e16d0ba.fill-960x540-1.jpg)
លោក ជា ចាន់ដារ៉ា បានបន្តថា កន្លងមកកម្ពុជា ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗទៅទីផ្សារចិនតាមកំពង់ផែខេត្តព្រះសីហនុ និងតាមផ្លូវគោកច្រកបាវិត ចូលទៅផែកាត់ឡៃ ប្រទេសវៀតណាម និងទៅតាមប្រទេសប្រទេសថៃជាដើម។
លោកមើលឃើញពីចំណុចវិជ្ជមាននៃគម្រោងបើកច្រកដឹកជញ្ជូនថ្មីនេះថា« ទី១ នឹងជួយបើកច្រកសេដ្ឋកិច្ចរវាងប្រទេសឡាវ និងកម្ពុជា លើវិស័យដឹកជញ្ជូននាំចេញនាំចូលរវាងប្រទេសទាំងពីរ និងទី២ ពាក់ព័ន្ធការដឹកជញ្ជូនលក្ខណៈអន្តរជាតិ តាមផ្លូវគោក នឹងចំណាយពេលវេលាតិចជាងមុន ពោលគឺអាចលឿនជាងដឹកតាមផ្លូវទឹក»។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2022-06-29_08-37-08.jpg)
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ទៀតថា ខេត្តមួយចំនួននៃប្រទេសចិន នៅជាប់ព្រំដែនឡាវ គឺពុំមានផ្លូវទឹកនោះទេ ដូច្នេះគឺត្រូវតែដឹកជញ្ជូនតាមផ្លូវគោក ដែលអំណោយផលល្អសម្រាប់កម្ពុជា ដឹកជញ្ជូនទំនិញតាមច្រកនេះ។
បើតាមលោក ជា ចាន់ដារ៉ា ការបើកច្រកដឹកជញ្ជូនស្មើនឹងបើកច្រកសេដ្ឋកិច្ច នឹងមានលំហូរទំនិញទៅវិញទៅមក និងការនាំចេញទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលជួយឱ្យមានចរន្តសេដ្ឋកិច្ចរីកចម្រើន។
អ្នកវិនិយោគិនចិន ដែលមានរោងចក្រនៅកម្ពុជា បានស្នើឱ្យក្រសួង សម្របសម្រួលផ្នែកច្បាប់ ដើម្បីងាកមកដឹកជញ្ជូនកសិផល តាមរយៈប្រទេសឡាវ ទៅកាន់ចិនវិញ ដោយសារការដឹកជញ្ជូនតាមរយៈប្រទេសថៃ និងវៀតណាម មានភាពស្មុគស្មាញ និងថ្លៃចំណាយខ្ពស់។
ក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា លោក គង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា កំពុងសម្របសម្រួលឱ្យមានការដឹកជញ្ជូនកសិផលដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិនតាមមធ្យោបាយផ្លូវគោក។ បើតាមលោក គង់ វិមាន ការធ្វើបែបនេះ ដើម្បីបន្ធូរបន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងភាពស្មុគស្មាញ ដែលកម្ពុជាធ្លាប់តែពឹងលើថៃ និងវៀតណាម។ សព្វថ្ងៃនេះ កសិផល ដែលនាំចេញទៅចិនតាមច្រកទាំងពីរនេះភាគច្រើនមានដូចជា ស្វាយ, ទុរេន, ស្វាយចន្ទី, ម្នាស់ និងស្រូវអង្ក ជាដើម។
អ្នកនាំពាក្យក្រសួងសាធារណការ រំពឹងថា ប្រសិនបើដំណើរការផ្លូវពាណិជ្ជកម្មនេះជោគជ័យ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយ។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានលើកឡើងថា ការសម្របសម្រួលឱ្យមានការដឹកជញ្ជូនតាមប្រទេសឡាវទៅកាន់ទីផ្សារចិន គឺជារឿងប្រសើរបំផុត ជាពិសេសសម្រាប់ក្រុមហ៊ុនកញ្ញាដែលមានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ឡាវស្រាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/IMG_20230726_111516_951-1-859x1024.jpg)
ដូចគ្នានេះដែរ លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន បានលើកឡើងថា កន្លងមកការនាំចេញទៅចិនត្រូវឆ្លងកាត់ប្រទេសថៃ និងវៀតណាម មានភាពស្មុគស្មាញច្រើន ពិបាកក្នុងដឹកជញ្ជូន។ លោកថា ប្រសិនបើមានការសម្របសម្រួលឱ្យមានការនាំចេញតាមច្រកប្រទេសឡាវ ដោយពុំមានរបាំងសាំញ៉ាំច្រើន ជាឱកាសសម្រាប់នាំចេញទំនិញកសិផលរបស់កម្ពុជា កាន់តែធំបន្ថែមទៀត ទៅទីផ្សារចិន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក