ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ ភាពជាអ្នកដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងជំរុញគោលនយោបាយសេដ្ឋកិច្ចកម្ពុជា ជោគជ័យ
រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងដឹកនាំដោយបញ្ញវន្តវ័យក្មេង គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានការសិក្សាបានខ្ពង់ខ្ពស់ និងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់អំពីបុគ្គលិកលក្ខណៈមេដឹកនាំថ្មីថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺមានភាពជាអ្នកដឹកនាំរឹងមាំ នឹងធឹង ម៉ឺងម៉ាត់ នឹងអាចជំរុញឱ្យកម្ពុជា អនុវត្តគោលនយោបាយសេដ្ឋកិច្ចបានជោគជ័យនាថ្ងៃខាងមុខ។
លោកបណ្ឌិត បានបន្តថា ភាពម៉ឺងម៉ាត់នេះ គឺជាលក្ខខណ្ឌចាំបាច់បំផុត។ លោកថា ប្រសិនបើការអនុវត្តគោលនយោបាយមិនមានភាពម៉ឺងម៉ាត់ម៉ត់ចត់ ប្រាកដជាណាស់ថា នឹងបង្កភាពយឺតយ៉ាវ មិនទទួលបានលទ្ធផលបានល្អនោះទេ ។ លោកមានជំនឿជាក់ លើការដឹកនាំរាជរដ្ឋាភិបាលថ្មី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ថ្លែងនៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងទៀតថា ស្ថិតនៅអមជាមួយមេដឹកនាំថ្មី ដែលមានជំនាញផ្នែកសេដ្ឋកិច្ច នៅមានឧត្តមមន្រ្តីមួយរូបទៀត គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ដែលបានដឹកនាំក្រសួងនេះ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានស្ថិរភាពល្អ បើទោះជាកន្លងមក កើតមានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក តែកម្ពុជានៅអាចរក្សាបានកំណើនសេដ្ឋកិច្ចល្អ។ លើសពីនេះទៀតការប្រមូលពន្ធរបស់រាជរដ្ឋាភិបាល លើសផែនការ ក៏បានឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចមានដំណើរការល្អ និងរីកចម្រើនផងដែរ។
លើសពីនេះទៅទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការផ្លាស់ប្តូរមេដឹកនាំ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយ ពី Grow ដែលមានកម្រិត Smooth ឱ្យកាន់តែស្ទុះងើបឡើងមួយកម្រិតថែមទៀត។ ដោយលោកឱ្យតម្លៃទៅលើយុវជន គឺជាកម្លាំងផលិត និងបង្កើតផលិតភាពយ៉ាងសំខាន់សម្រាប់ប្រទេស។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាល ចាប់ផ្តើមជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតសមត្ថភាពកម្លាំងពលកម្មបន្ថែម។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលជាវិស័យមួយជួយបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាចនឹងរៀបចំគោលនយោបាយសម្រាប់ជួយវិស័យសហគ្រាសធុនតូច និង មធ្យម SME ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះ ៦០ភាគរយ នៃអាជីវកម្មនៅក្នុងប្រទេស គឺជា SME។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា សម្ដេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះទេ ដោយតំណែងនេះ នឹងត្រូវជំនួសដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បើតាមការប្រកាសរបស់សម្ដេចតេជោ រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងចូលមកជំនួសនៅថ្ងៃទី២១ ខែសីហា ខណៈរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ