ព័ត៌មានជាតិ
អ្នកនាំពាក្យថា ការចោទពីវត្តមានយោធាចិនក្នុងទឹកដីកម្ពុជា គឺជាចេតនាចង់ធ្វើរដ្ឋប្រហារនៅកម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការចោទថា មានយោធាចិននៅលើទឹកដីកម្ពុជា គឺជាចេតនាចង់ធ្វើរដ្ឋប្រហារនៅកម្ពុជា។ ពីព្រោះគំនិតធ្វើរដ្ឋប្រហារនេះ មានតាំងពីឆ្នាំ២០១៣ម្ល៉េះ តាមរយៈបដិវត្តន៍ពណ៌។

ការលើកឡើងរបស់ លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្រុម ដែលគេដឹងថា មានការរៀបចំពីក្រោយ និងបញ្ជាដោយក្រុមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិន នៅលើទឹកដីកម្ពុជា ខណៈដែលមិនមានរបាយការណ៍ណាមួយបញ្ជាក់ថា មានវត្តមានយោធាចិននៅកម្ពុជាឡើយ ហើយសកម្មភាពនេះ ត្រូវបានអះអាងថា យកតាមក្បួនឆ្នាំ១៩៧០ ចង់ផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ បែរជាចោទថា មានយៀកកុងនៅក្នុងទឹកដីខ្មែរ។
អ្នកនាំពាក្យរូបនោះ បញ្ជាក់ថា ការចោទថា “មានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជា គឺជាចេតនាចង់ធ្វើរដ្ឋប្រហារនៅកម្ពុជា? ដែលគំនិតធ្វើរដ្ឋប្រហារនេះ មានតាំងពីឆ្នាំ២០១៣ម្ល៉េះ តាមរយៈបដិវត្តន៍ពណ៌?”។ លោកបញ្ជាក់ទៀតថា “ចិនមានមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងរួចហើយ កម្ពុជា មិនមែនជាមូលដ្ឋានយុទ្ធសាស្ត្រយោធាចិនទេ”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា មានមនុស្សមួយក្រុមប្រមាណជាង១០នាក់ ក្រោមបញ្ជាពី លោក ហូរ វ៉ាន់ នៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្ម នៅមុខស្ថានទូតចិន បែបអនាធិបតេយ្យខុសច្បាប់ ដោយពួកគេបានស្រែកតវ៉ាប្រឆាំងនឹងវត្តមានទាហានចិននៅក្នុងប្រទេសកម្ពុជា ហើយភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីពីរនាក់ និងបុរសម្នាក់ ហើយត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យមានសភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន។ មនុស្សទាំង៣នាក់នោះ មានឈ្មោះ តុង និមល ភេទប្រុស រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល , ឈ្មោះ លឹម សាន ភេទស្រី នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ឈ្មោះ យ៉យ ស្រីមុំ ភេទស្រី នៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានលោក ហូរ វ៉ាន់ ដែលជាអតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នកំពុងតែនិរទេសខ្លួនជាមួយ លោក សម រង្ស៊ី នៅឯក្រៅប្រទេស ហើយបានបញ្ជាឲ្យបាតុករនៅភ្នំពេញធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា។ សម្តេចថា បើឈប់បានឈប់ទៅ ចំណាស់ប៉ុណ្ណឹងហើយ បើទោះបីជាដណ្តើមអំណាចបាន ក៏គេមិនឲ្យធ្វើកុងសីដែរ។
បើតាម សម្ដេចនាយករដ្ឋមន្ត្រី កម្ពុជា មិនដែលឲ្យសិទ្ធិចិនបោះកងទ័ពនៅលើទឹកដីកម្ពុជាទេ។សម្តេចថា “ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួនជាមួយខ្មែរយើងរុញសភាពការណ៍នេះ។ យើងធុញទ្រាន់ណាស់ហើយ” …តើមានភស្តុតាងពីណាដែលបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ ឲ្យចិនប្រើប្រាស់ផ្ដាច់មុខនៅកំពង់ផែរៀមរយៈពេល៣០ឆ្នាំ។
សម្ដេចតេជោ ធ្លាប់បានបញ្ជាក់នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីថា “កុំភ្លេចឆ្នាំ១៩៧០ ដែលមានការទម្លាក់ព្រះករុណា ព្រះបិតាជាតិ ដោយរដ្ឋប្រហារ ក្រោមហេតុផលប្រឆាំងយៀកកុង នៅលើទឹកដីកម្ពុជា ប៉ុន្តែឥឡូវមានការប៉ុនប៉ងធ្វើអ្វីទៀត បានបាតុកម្មប្រឆាំងវត្តមានចិនម្តងហើយម្តងទៀត ហើយក្រុមក្បត់ជាតិនេះ គឺជាអ្នកបំផុសមនុស្សឲ្យធ្វើសកម្មភាពប្រឆាំងទូតចិននៅភ្នំពេញ។
បើតាម សម្ដេចតេជោ ហ៊ុន សែន “ឥឡូវនេះ ប្រជាពលរដ្ឋ គេនាំគ្នាសុខសប្បាយ ដូច្នេះការយកមូលហេតុ នៃកងទ័ពចិននៅកម្ពុជានេះ ទិសដៅរបស់គេ គឺឈានទៅដល់ការផ្តួលរំលំ ប្រសិនបើពួកគេប្រមូលផ្តុំមនុស្សបាន”៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា