ព័ត៌មានជាតិ
តើតំណែងណាខ្លះត្រូវបានចាត់ទុកជាសមាជិករាជរដ្ឋាភិបាល?
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងកើតឡើងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ តែយ៉ាងណា មិញ សម្រាប់សមាសភាពផ្សេងទៀត ដែលជាសមាជិករាជរដ្ឋាភិបាលថ្មី គឺមិនទាន់មានការបង្ហាញឱ្យដឹងនៅឡើយ។ តើមុខតំណែងណាខ្លះ ត្រូវបានចាត់ទុកជាសមាជិករាជរដ្ឋាភិបាលកម្ពុជា?

បើតាមមាត្រា៨ នៃច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺដឹកនាំដោយនាយករដ្ឋមន្រ្តីមួយរូប អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។ នាយករដ្ឋមន្ត្រី ដែលជាប្រមុខនៃរាជរដ្ឋាភិបាល គឺត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភា។
សម្រាប់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋាភិបាល អាចជ្រើសរើសក្នុងចំណោមសមាជិករដ្ឋសភា ឬក្រៅសមាជិករដ្ឋសភា តែត្រូវជាសមាជិកគណបក្សនៅក្នុងរដ្ឋសភា។ សមាជិករាជរដ្ឋាភិបាលទាំងអស់ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ក្រោយរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។
ដោយឡែក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និអនុរដ្ឋលេខាធិការ មិនត្រូវបានចាត់ទុកជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍នោះដែរ។ នេះបើតាមមាត្រា៥៣ នៃច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវបានតែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ នៅពេលដែលរាជរដ្ឋាភិបាលចប់អាណត្តិ ឬលាលែង ឬត្រូវបានទម្លាក់ដោយរដ្ឋសភា រដ្ឋមន្តី្រប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក៏ត្រូវអស់តំណែងដូចគ្នា។
បើតាមរយៈសារសំឡេង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងផ្លាស់ប្ដូរតែក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ខណៈមន្ត្រីដែលកំពុងស្ថិតក្នុងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតែរក្សាទុកដដែល។

ដោយឡែក តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវបានសម្ដេចតេជោ បញ្ជាក់ថា កន្លងទៅនេះ ការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនទៀត ជាអ្នកធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលថ្មី អ្នកទាំងនេះ ត្រូវមានជម្រើសយកតែមួយ តើកាន់ជារដ្ឋលេខាធិការ ឬកាន់ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ