ព័ត៌មានជាតិ
១៩០ ប្រទេសលើពិភពលោក មានស្រ្តីតែ ១៧ រូប កាន់តួនាទីជាអគ្គទេសាភិបាលធនាគារកណ្តាល
ការតែងតាំងលោកស្រីបណ្ឌិត ជាសិរី ជាអគ្គទេសាភិបាលថ្មីរបស់ធនាគារជាតិនៃកម្ពុជា ទាមទារការជ្រើសរើសយ៉ាងហ្មត់ចត់ ដោយសារភារកិច្ចនេះត្រូវការឥស្សរជនឆ្នើមដែលមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងមានបទពិសោធន៍ និងស្នាដៃការងារលេចធ្លោ។
ការតែងតាំងនេះកំពុងបង្ហាញពីការរីកចម្រើនកាន់តែប្រសើរផ្នែកធនធានមនុស្សរបស់កម្ពុជាទៅកាន់ពិភពលោក ដែលមានស្រ្តីឆ្នើមនិងមានសមត្ថភាពខ្ពស់កាន់តំណែងជាអ្នកដឹកនាំធនាគារកណ្តាលរបស់ប្រទេស ដែលភាគច្រើននៃអ្នកកាន់តំណែងនេះគឺជាបុរស។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ក្នុងចំណោមប្រទេសជាសមាជិករបស់ IMF សរុប ១៩០ ប្រទេស មានអ្នកដឹកនាំជាស្រ្តីត្រឹមតែ ២៦ រូបប៉ុណ្ណោះដែលកាន់តួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុនិងមានតែ ១៧ រូបប៉ុណ្ណោះដែលកាន់តួនាទីជាអគ្គទេសាភិបាលធនាគារកណ្តាល។ តួលេខនេះមានន័យថាមានអ្នកដឹកនាំជាស្រ្តីតែ ១១,៣% ប៉ុណ្ណោះដែលកាន់តួនាទីជាអ្នកដឹកនាំនៅស្ថាប័នគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ទាំងពីរគឺជាអគ្គទេសាភិបាលធនាគារកណ្តាល និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។
សម្រាប់មុខតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរីមានចំណេះដឹងជ្រៅជ្រះ និងចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយក្នុងការអនុវត្តការងារ ព្រមទាំងបានដឹកនាំប្រព័ន្ធធនាគារកម្ពុជាឱ្យសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនលើឆាកអន្តរជាតិ។
ទាក់ទងនឹងការសិក្សា បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសនូវែលសេឡង់ និងចក្រភពអង់គ្លេស លោកជំទាវធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនិស្សិតជាន់ខ្ពស់ជំនាន់ទី ១ នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ។ ក្រោយមកទៀតលោកជំទាវទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្រ្តាលី។
ក្រៅពីការសិក្សា លោកស្រីមានបទពិសោធន៍ការងារជាង ២០ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ដោយបានចាប់ផ្តើមការងារនៅឆ្នាំ ១៩៩៩ ជាមន្រ្តីវ័យក្មេងក្នុងខុទ្ទកាល័យទេសាភិបាល មុននឹងចូលរួមបំពេញការងារនៅនាយកដ្ឋានត្រួតពិនិត្យ។
ដោយសារលោកស្រីជាបញ្ញវ័ន្តដែលពោរពេញដោយចំណេះដឹង សមត្ថភាព និងការយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ លោកជំទាវត្រូវបានប្រគល់ភារកិច្ចជាបន្តបន្ទាប់រហូតត្រូវទទួលបានតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជា អគ្គនាយកបច្ចេកទេស ដែលមាននាយកដ្ឋានចំនួន ៥ នៅក្រោមឱវាទរួមមានជាអាទិ៍៖
១/-នាយកដ្ឋានស្រាវជា្រវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ
២/-នាយកដ្ឋានគ្រប់គ្រងការប្ដូរប្រាក់
៣/-នាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់
៤/-នាយកដ្ឋានសិ្ថតិ
៥/-នាយកដ្ឋានប្រតិបត្តិការ ចាប់តាំងពីឆ្នាំ២០១៣ មក។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់លោកស្រី ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាពិសេសការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ដ៏ទំនើបថ្មី “បាគង” ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន បានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតបានងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។
ក្នុងនាមជាអ្នកផ្តួចផ្តើមបង្កើតប្រព័ន្ធបាគង លោកស្រីជា សិរី ត្រូវបានស្ថាប័ន CoinDesk ដែលជាស្ថាប័នព័ត៌មានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីលើពិភពលោកចាត់ថ្នាក់ លោកជំទាវជាឥស្សរជនឆ្នើមបំផុតប្រចាំឆ្នាំ ក្នុងចំណោមឥស្សរជនឆ្នើមមានឥទ្ធិពលបំផុតទាំង ៥០ លើពិភពលោកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់បាគងក៏បានឈ្នះពានរង្វាន់ពីស្ថាប័នព័ត៌មានសេដ្ឋកិច្ចដ៏ល្បីរបស់ជប៉ុន Nikkei Asia ស្តីពីពានរង្វាន់សេវាកម្មនិងផលិតផលឆ្នើមប្រចាំឆ្នាំ២០២១។
លោកស្រីបណ្ឌិតក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ដែលជាប្រព័ន្ធចែករំលែកឥណទានឯកជនដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា។ លោកស្រីបានដើរតួនាទីឈានមុខគេក្នុងការបង្កើត CBC នេះឡើង ដែលបានរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី ៧ ក្នុងពិភពលោក ចំពោះភាពងាយស្រួលក្នុងការទទួលបានឥណទាន យោងតាមរបាយការណ៍ធ្វើអាជីវកម្មឆ្នាំ២០១៧ របស់ធនាគារពិភពលោក។
ទន្ទឹមនេះ លោកស្រីបណ្ឌិតក៏ជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ដែលជាបណ្តាញប្រមូលផ្តុំអ្នកសេដ្ឋកិច្ច និងអ្នកជំនាញឈានមុខគេក្នុងប្រទេសសម្រាប់ការពិភាក្សាអំពីគោលនយោបាយតុមូល និងលើកកម្ពស់ការបង្កើតគោលនយោបាយដោយផ្អែកលើភ័ស្តុតាង។ លោកស្រីតែងដឹកនាំយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈការពិភាក្សាដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ការស្រាវជ្រាវនិងអនុវត្តគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល។
លើសពីនេះ លោកស្រីគឺជាឥស្សរជនខ្មែរដ៏លេចធ្លោមួយរូបលើឆាកអន្តរជាតិ ក្នុងវិស័យហិរញ្ញវត្ថុនិងនវានុវត្តន៍។ ជាក់ស្តែង លោកស្រីបានចូលរួមក្នុងក្រុមវិនិច្ឆ័យនៅក្នុង G20 TechSprint Initiative ដែលរៀបចំដោយ Saudi G20 Presidency និង BIS Innovation Hub ហើយថ្មីៗនេះលោកស្រីក៏ត្រូវបានអញ្ជើញដោយ The Asian Venture Philanthropy Network (AVPN) ឱ្យចូលជាសមាជិកបណ្តាញនៃអ្នកដឹកនាំឈានមុខគេក្នុងការជំរុញការផ្លាស់ប្តូរសំខាន់ៗនៅក្នុងតំបន់។
ជាញឹកញាប់លោកស្រីបណ្ឌិត ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថានៅក្នុងសន្និសីទជាតិ និងអន្តរជាតិជាច្រើនលើប្រធានបទផ្សេងៗទាក់ទងនឹងធនាគារកណ្តាល ការត្រួតពិនិត្យធនាគារអាស៊ាន ហិរញ្ញវត្ថុ FinTech និងរូបិយប័ណ្ណឌីជីថល ហើយលោកជំទាវ ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិល្បីៗជាច្រើន ដូចជា CNN CNBC និង CGTN ជាដើម។
លោកស្រីបណ្ឌិត ជា សិរី គឺជាសមាជិកក្រុមប្រឹក្សាអន្តរជាតិនៃវិទ្យាស្ថាន Global Fintech និងជាទីប្រឹក្សានៃក្រុមប្រឹក្សាភិបាលបណ្តាញនវានុវត្តន៍ហិរញ្ញវត្ថុអាស៊ាន (AFIN) ផងដែរ។ ទន្ទឹមនេះ លោកស្រីធ្លាប់ជាសមាជិកនៃអ្នកដឹកនាំសកលវ័យក្មេងប្រចាំឆ្នាំ២០១៩ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលជាវេទិកានៃអ្នកដឹកនាំសកលវ័យក្មេង។
មិនតែប៉ុណ្ណោះ លោកស្រីបណ្ឌិតជាសមាជិកនៃសម្ព័ន្ធអភិបាលកិច្ចរូបិយប័ណ្ណឌីជីថលរបស់ WEF និងជាគណៈកម្មាធិការប្រឹក្សានៃការទូទាត់ឌីជីថលសម្រាប់គម្រោងពាណិជ្ជកម្ម។ លោកស្រីគឺជាស្ត្រីដ៏រឹងមាំម្នាក់ដែលតស៊ូក្នុងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តី និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ហើយលោកជំទាវក៏ជាសមាជិកនៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុជាន់ខ្ពស់របស់ស្រ្តី និងយេនឌ័រ (GWFIC) នៃសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) ក្នុងអាណត្តិឆ្នាំ២០១៦-២០១៨។
ដោយទទួលស្គាល់នូវគុណវុឌ្ឍិដ៏ឆ្នើម និងសមត្ថភាពនៃការដឹកនាំប្រកបដោយទស្សនអនាគត សហព័ន្ធ AFI ក៏បានស្នើសុំនិងទទួលបានការយល់ព្រមក្នុងការតែងតាំងលោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥ផងដែរ។
ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការតែងតាំងលោកស្រីបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានាពេលនេះ ហើយបានលើកឡើងថាការតែងតាំងនេះ បានឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់លោកជំទាវនាពេលកន្លងមកក្នុងការលើកស្ទួយមុខមាត់វិស័យហិរញ្ញវត្ថុកម្ពុជាទៅក្នុងតំបន់និងលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញភាពជាគំរូដល់ស្រ្តីផ្សេងទៀតពីការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ច។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាបានចាត់ទុកលោកស្រីជា សិរី ជាមាតានៃធនាគារឌីជីថល និងជាអ្នកបង្កើតក្រមសីលធម៌សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈតួនាទីឈានមុខរបស់លោកជំទាវក្នុងការបង្កើតការិយាល័យឥណទានកម្ពុជា (CBC) និងប្រព័ន្ធទូទាត់បាគងដ៏ល្បីល្បាញ។
លោកបណ្ឌិតថ្លែងថា លោកជំទាវមានបទពិសោធន៍ពេញលេញ ចំណេះដឹងជ្រៅជ្រះនិងជំនាញដឹកនាំដ៏ប៉ិនប្រសប់ ដូច្នេះហើយការតែងតាំងលោកជំទាវជាអគ្គទេសាភិបាលនាពេលនេះ គឺជាការសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត និងមានសារៈសំខាន់។ លោកជំទាវមានភាពឆ្លាតវៃ និងមានសមត្ថភាពលំដាប់អន្តរជាតិ ដែលកន្លងមកបានលើកកម្ពស់កិត្យានុភាពធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនៅកម្ពុជាលើឆាកអន្តរជាតិយ៉ាងច្រើន។ លោកជឿជាក់ថាលោកជំទាវនឹងបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។
សម្រាប់ការងារជួយសង្គម ក្រៅពីភាពជោគជ័យក្នុងអាជីពការងារ លោកស្រីបណ្ឌិត ជា សិរី គឺជាសហស្ថាបនិក និងជាប្រធានមូលនិធិរក្សាកុមារ ដែលផ្តោតលើសុខុមាលភាពរបស់កុមារក្រីក្រនៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីពិការភាពកាយសម្បទានិងសតិបញ្ញា។
មូលនិធិរក្សាកុមារបានផ្ដួចផ្ដើមបង្កើត “ទិវាស្តាប់ឮ” ជាលើកដំបូងនៅកម្ពុជា និងបានផ្តោតសំខាន់លើការលើកកម្ពស់ ការយល់ដឹងអំពីសុខភាពផ្លូវចិត្តក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផងដែរ។ ក្នុងឆ្នាំ២០១៨ លោកស្រីបណ្ឌិត ត្រូវបានចាត់ចូលក្នុងបញ្ជីសប្បុរសជនដែលមានឥទ្ធិពល ២ ៥រូប នៅក្នុងអាស៊ានដោយ Asia Philanthropy Circle។
ឆ្លៀតពេលទំនេរក្រៅម៉ោងធ្វើការ លោកស្រីក៏បានចំណាយពេលក្នុងការគូរគំនូរផងដែរ ដែលកន្លងមករូបគំនូររបស់លោកស្រីទទួលបាននូវការគាំទ្ររហូតដល់មានការបង្កើតពិព័រណ៍គំនូរផ្ទាល់ខ្លួនចំនួន ២ លើករួចមកហើយ ដើម្បីប្រមូលថវិកាសម្រាប់មូលនិធិរក្សាកុមារ ក៏ដូចជាអង្គការក្នុងស្រុកមួយចំនួនទៀត។ បន្ថែមលើនេះ លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាលអង្គការ Smile Cambodia ដែលមានបេសកកម្មផ្តល់ឱ្យកុមារដែលមានបបូរមាត់ឆែប និងក្រអូមមាត់ឆែបនូវស្នាមញញឹមជាថ្មី តាមរយៈការផ្តល់ការវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់មូលនិធិចក្ខុខ្មែរ តាមរយៈការដឹកនាំយុវជនស្ម័គ្រចិត្តចូលរួមគាំទ្រកម្មវិធីរបស់មូលនិធិនេះ ក្នុងការពិនិត្យនិងវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូនអ្នកជំងឺដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រីបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា