ព័ត៌មានជាតិ
មុនចង់ចូលបម្រើការងារមន្ត្រីរាជការ ត្រូវដឹងពីគុណសម្បត្តិ និងឥរិយាបថបែបណាខ្លះ?
នាពេលបច្ចុប្បន្ននេះ មានយុវជននិងយុវនារីជាច្រើនមានបំណងប្រាថ្នាចូលបម្រើការងារជាមន្ត្រីរាជការទៅតាមក្រសួង ស្ថាប័នជាតិនានា។ មុនចូលការងារនេះ ក្នុងនាមជាមន្ត្រីរាជការ ត្រូវគិតគួរយកចិត្តទុកដាក់ទៅលើកាតព្វកិច្ចនិងតួនាទី ដែលត្រូវបំពេញបែបណាខ្លះ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ ប្រជាពលរដ្ឋ និងសង្គមទាំងមូល។
ដូច្នេះ យុវជន ឬយុវនារី មុនពេលសម្រេចចិត្តចង់ចូលបម្រើការងារ ក្នុងជួរមន្ត្រីរាជការ នៅតាមក្រសួង តើគួរតែស្វែងយល់ឱ្យច្បាស់ពីគុណសម្បត្តិ ព្រមទាំងឥរិយាបថ ដែលមន្ត្រីរាជការ ប្រតិបត្តិរបស់មន្ត្រីរាជការបែបណាខ្លះ?
មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយការប្រឡងប្រជែងឱ្យចូលក្នុងក្របខ័ណ្ឌដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយដូចមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ មន្ត្រីរាជការបែងចែកជា ៣ប្រភេទដូចជា មន្ត្រីប្រភេទ ( ក ) តាំងស៊ប់តែងតាំងដោយព្រះរាជក្រឹត្យ មន្ត្រីប្រភេទ ( ខ ) តាំងស៊ប់តែងតាំងដោយអនុក្រឹត្យ និងមន្ត្រីប្រភេទ ( គ ) តាំងស៊ប់តែងតាំងដោយប្រកាសពីប្រធានស្ថាប័ន។
ដើម្បីជាតម្រុយដល់យុវជន និងយុវនារី ពាក់ព័ន្ធទៅនឹងការងារជាមន្ត្រីរាជការសារព័ត៌មាន «កម្ពុជាថ្មី» នឹងលើកយកមកបង្ហាញត្រួសៗអំពីគុណសម្បត្តិ និងឥរិយាបថ របស់មន្ត្រីរាជការ ចំនួន ៤ចំណុចធំៗ ដែលចងក្រងឡើងដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។
១.ឆន្ទៈម្ចាស់ការ
ឆន្ទៈម្ចាស់ការ គឺជាដំណើរការមួយដែលជំរុញ តម្រង់ទិស និងថែរក្សានូវឥរិយាបថមនុស្ស ទៅក្នុងទិសនៃការសម្រេចគោលបំណងណាមួយ។ កត្តាមួយដែលនាំឱ្យបុគ្គល ឬក្រុម ឬអង្គភាពទទួលជោគជ័យគឺកត្តាឆន្ទៈ បម្រើការងាររបស់បុគ្គលនោះ ឬសមាជិកនៅក្នុងក្រុមអង្គភាព។ការមានឆន្ទៈក្នុងការបម្រើការងារផ្ដើមចេញពីមនសិការរបស់បុគ្គល ឬក្រុម មិនមែនជាកត្តាកំណត់ ឬជាការចាប់បង្ខំនោះទេ ហើយតម្លៃរបស់មនុស្ស គឺផ្សារភ្ជាប់ទៅនឹងការងារ និងរបៀបនៃការប្រតិបត្តិ។ មួយវិញទៀត ក៏ទាមទារឱ្យមាននូវទឹកចិត្តស្រលាញ់ការងារ មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម មានស្មារតីឈ្មុសឈ្មុលនឹងការងារ ព្រមទាំងទឹកចិត្តនៃការជម្នះឧបសគ្គ នានាជាដើម។
២.ភក្ដីភាព
នេះអាចជាចំណុចមួយដែលសំខាន់មួយ ព្រោះភក្ដីភាព ជាសេចក្ដីត្រូវការត្រូវប្រកាន់ខ្ជាប់ ដើម្បីលើកតម្កើងកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ទាំងក្នុងនាមបុគ្គល និងក្នុងស្ថាប័នដែលកំពុងបម្រើការងារជាដើម។ ជាក់ស្ដែង ភក្ដីភាពនឹងបង្ហាញឱ្យឃើញ តាមរយៈការគិត ការប្រតិបត្តិរបស់បុគ្គលនីមួយៗ ដែលសកម្មភាពទាំងនេះស្ដែងចេញនូវសេចក្ដីថ្លៃថ្នូរ ការទទួលខុសត្រូវ ផលប្រយោជន៍របស់អង្គភាព និងសាធារណៈ។
មន្ត្រីរាជការដែលប្រកបដោយមនសិការ ក៏ត្រូវប្រកាន់ខ្ជាប់នូវភក្ដីភាពតាមរយៈសកម្មភាពមួយចំនួនដូចជា ការយល់ដឹងអំពីសភាពការណ៍ ភក្ដីភាពចំពោះស្ថាប័ន ភក្ដីភាពចំពោះវិជ្ជាជីវៈ ចំពោះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា ហើយក្នុងនាមជាមន្ត្រីម្នាក់ត្រូវមាន អនុវត្ត និងយកចិត្តទុកដាក់។ ជាពិសេស តាមរយៈការផ្ដល់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ តម្លាភាព និងការធ្វើទំនាក់ទំនងប្រកបដោយភាតរភាពផងដែរ។
៣.មនសិការវិជ្ជាជីវៈ
មន្ត្រីរាជការទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងនៃច្បាប់ និងបទបញ្ញត្តិផ្សេងៗរៀងៗខ្លួន បើទោះបីជាបម្រើការងារក្នុងវិស័យណាក៏ដោយ ប៉ុន្តែនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន មន្ត្រីរាជការក៏ត្រូវមានកាតព្វកិច្ចគោរពច្បាប់ដទៃទៀតរបស់រដ្ឋផងដែរ។ នាមជាមន្ត្រីរាជការក៏ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចនានាដែលបានកំណត់នៅក្នុងច្បាប់ និងបទបញ្ញត្តិផ្សេងៗ។
បន្ថែមពីនេះទៀត គឺការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការទទួលខុសត្រូវកិច្ចការរបស់ខ្លួន ជាកាតព្វកិច្ចសំខាន់មួយដែលមន្ត្រីរាជការ ត្រូវបំពេញឱ្យមានប្រសិទ្ធភាពក្នុងការងារ ព្រមទាំងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបំពេញការងារជាមួយនឹងមធ្យោបាយ សំដៅឱ្យមានការរីកចម្រើន និងប្រសិទ្ធភាព ហើយត្រូវយកចិត្តទុកដាក់ឱ្យបានច្បាស់លាស់ក្នុងការបំពេញការងារ ស្របតាមផែនការសកម្មភាពការងារដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។ មិនតែប៉ុណ្ណោះ ក៏ត្រូវអភិវឌ្ឍខ្លួនឯង និងប្រើប្រាស់សមត្ថភាព ចំណេះដឹង ជំនាញ ភាពប៉ិនប្រសប់ និងចរិតលក្ខណៈរបស់ខ្លួន ឱ្យបានអតិបរមា និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ត្រូវមានភាពស្វិតស្វាញក្នុងការងារ ព្រមទាំងធ្វើការជាមួយមន្ត្រីរាជការដទៃទៀត និងត្រូវសម្រេចកិច្ចការនោះរួមគ្នាឱ្យបានត្រឹមត្រូវ និងបង្កើនសមត្ថភាព ជំនាញ ឯកទេស ចំណេះដឹង បទពិសោធន៍ខ្លួនដើម្បីអភិវឌ្ឍវិជ្ជាជីវៈឱ្យទាន់សភាពការណ៍។
អ្វីដែលសំខាន់ជាងនេះទៀត ក្នុងនាមជាមន្ត្រីរាជការមួយរូប មិនអាចយកពេលវេលាបំពេញការងារទៅប្រកបវិជ្ជាជីវៈឯកជនបន្ថែមដើម្បីយកកម្រៃបានទេ ទោះស្ថិតក្នុងប្រភេទណាក៏ដោយ ឬទទួលយកកម្រៃដោយផ្ទាល់ ឬដោយប្រយោលតាមរយៈតំណាងរបស់ខ្លួន ដើម្បីទទួលបានប្រយោជន៍ ដែលធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់មន្ត្រីរាជការ ហើយត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ តាមគោលការណ៍ និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន។
ជារួម មន្ត្រីរាជការ គឺត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ច មិននិយាយ ឬសរសេរពីអ្វីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់អង្គភាព ឬសមត្ថកិច្ចរបស់ថ្នាក់ដឹងនាំរបស់ខ្លួន ទោះបីជាស្ថិតក្នុងតួនាទី ឬឋានានុក្រមណាក៏ដោយត្រូវតែទទួលខុសត្រូវលើប្រតិបត្តិរបស់ខ្លួន និងរ៉ាប់រងសេវារបស់ខ្លួន ទៅតាមទីតាំងរបស់ថ្នាក់លើ និងត្រូវគោរពវិន័យ ម៉ោង ពេលធ្វើការ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឱ្យបានម៉ឺងម៉ាត់ មិនត្រូវធ្វើការឱ្យរួចតែដៃ ខ្វះការទទួលខុសត្រូវ មិនគិតពីប្រសិទ្ធភាពនោះទេ។
៤.វប្បធម៌សេវាសាធារណៈ
សេវាសាធារណៈ ជាសកម្មភាពដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋដែលបំពេញការងារតាមដែនកំណត់របស់ខ្លួន ក្នុងគោលដៅបម្រើដល់ផលប្រយោជន៍សាធារណៈ។ ជាក់ស្ដែងការផ្ដល់សេវាសាធារណៈបានល្អ មានប្រសិទ្ធភាព និងមានគុណភាព គឺសកម្មភាពនៅក្នុងការរួមចំណែកជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយជីវភាពក្រីក្រ។
គួរជម្រាបថា ខាងលើនេះអាចគ្រាន់តែជាតម្រុយមួយដល់អ្នកដែលចង់បម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ពិសេសយុវជន និងយុវនារីជាដើម ហើយប៉ុន្មានចំណុចដូចបានរៀបរាប់ ជាចំណុចដែលគួរយល់ដឹងខ្លះៗ ពីគុណសម្បត្តិ និងឥរិយាបថ ដែលគួរមានផងដែរ៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា