ព័ត៌មានជាតិ
តើសម្ដេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ដែលទើបសឹក មានប្រវត្តិសិក្សានៅប្រទេសណាខ្លះ?
ការលាចាកសិក្ខាបទពីភិក្ខុសង្ឃរបស់សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា អាចជាលេីកទី១ហើយ ដែលមានព្រះសង្ឃស្ថិតក្នុងឋានៈជាសម្តេចបានលាចាកសិក្ខាបទបែបនេះ។ សម្ដេចសង្ឃ ឃី សុវណ្ណរតនា គឺជាបញ្ញាវ័ន្តសង្ឃកម្ពុជា ដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ ពិសេសនោះ ព្រះអង្គចេះភាសាបរទេសប្រមាណ១០ភាសាឯណោះ។
ដើម្បីកាន់តែជ្រាបច្បាស់នោះ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកបង្ហាញនូវប្រវត្តិខ្លះៗរបស់សម្ដេចសង្ឃ ឃី សុវណ្ណរតនា តើព្រះអង្គមានប្រវត្តិយ៉ាងណា ទាំងការសាងព្រះផ្នួស ការសិក្សា ហើយភាសាអ្វីខ្លះដែលព្រះអង្គអាចប្រើប្រាស់បាន?
កើតនៅស្រុកស្ទោង ខេត្តកំពង់ធំ យុវជន ឃី សុវណ្ណរតនា ជាសិស្សរៀននៅសាលាមធ្យមសិក្សាកម្រិត១ (បច្ចុប្បន្នជាវិទ្យាល័យ រស្មីសោភ័ណ) និងបានបន្តមករៀនកម្រិតវិទ្យាល័យនៅទីរួមខេត្ត គឺនៅវិទ្យាល័យកំពង់ធំ។ ប៉ុន្តែដោយសារជីវភាពគ្រួសារមានការលំបាក មិនអាចផ្គត់ផ្គងដល់ការរៀនសូត្របាន យុវជនរូបនេះ ក៏បានបង្ខំចិត្តឈប់រៀន។
ក្រោយពេលឈប់រៀន យុវជន ឃី សុវណ្ណរតនា ក៏ឱកាសបានចូលបម្រើជាកងទ័ព ក្នុងឆ្នាំ១៩៨៧ ដោយទទួលបានការបណ្ដុះបណ្ដាលនៅសាលានាយទាហានស្វាយរលំ ដែលរៀនទាំងភាសាវៀតណាម និងយុទ្ធសាស្រ្តកងទ័ព។ បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំមក លោកក៏បានត្រលប់មកភូមិស្រុកកំណើតវិញ តែជាអកុសលស្ថានភាពមិនល្អ យុវជន ឃី សុវណ្ណរតនា ក៏មិនបានចូលបម្រើកងទ័ពវិញឡើយ។
ដោយហេតុមិនបានចូលបម្រើកងទ័ពវិញនោះ យុវជន ឃី សុវណ្ណរតនា ត្រូវបានក្រុមគ្រួសារជំរុញឱ្យសាងព្រះផ្នួសជាសាមណេរក្នុងសំណាក់ព្រះពុទ្ធសាសនា នៅចុងឆ្នាំ១៩៩០ ក្នុងវ័យ១៨ឆ្នាំ។ បួសបាន១វស្សា សាមណេរ ឃី សុវណ្ណរតនា បានផ្លាស់មកគង់នៅវត្តមហាមន្ត្រី រាជធានីភ្នំពេញ និងបានបំពេញឧប្បសម្បទាឡើងជាភិក្ខុ។ ក្នុងភេទជាបព្វជិត ភិក្ខុ ឃី សុវណ្ណរតនា បានខិតខំប្រឹងប្រែងរៀនសូត្រទាំងចំណេះដឹងទូទៅ និងបាលី ដែលក្នុងនោះ នៅឆ្នាំ១៩៩៤ បានប្រលងជាប់កម្រិតពុទ្ធិកបឋមសិក្សា ហើយបន្តចូលរៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត។
កំឡុងពេលរៀននៅពុទ្ធិកវិទ្យាល័យ ភិក្ខុ ឃី សុវណ្ណរតនា ក៏បានផ្លាស់មកគង់នៅវត្តឧណ្ណាលោម ខណៈនៅពេលនោះ ព្រះអង្គ ក៏បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសស្រីលង្កា។ នៅប្រទេសស្រីលង្កា ភិក្ខុ ឃី សុវណ្ណរតនា បានចូលរៀនកម្រិតធម្យមសិក្សារយៈពេល៣ឆ្នាំ ទើបបន្តចូលកម្រិតឧត្តមសិក្សា។ ក្រោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រទស្សនវិជ្ជាព្រះពុទ្ធសាសនា និងភាសាបាលី ក្នុងឆ្នាំ២០០១ ព្រះអង្គ ឃី សុវណ្ណរតនា ក៏បានបន្តការសិក្សាសញ្ញាបត្រ អនុបណ្ឌិតថែមទៀត។
នៅពេលចប់ថ្នាក់អនុបណ្ឌិតនេះ ភិក្ខុ ឃី សុវណ្ណរតនា ក៏បានត្រឡប់មកមាតុប្រទេសកំណើតវិញ ខណៈមកដល់កម្ពុជា ក្រសួងធម្មការ និងសាសនា ក៏បានតែងតាំងព្រះអង្គឱ្យបង្រៀននៅពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ។ ក្នុងក្របខណ្ឌពុទ្ធិកសិក្សានេះ ភិក្ខុ ឃី សុវណ្ណរតនា ទទួលបានតួនាទីជាបន្តបន្ទាប់ ចាប់តាំងពីអនុប្រធាន-ប្រធានការិយាល័យ រហូត ក្លាយជាសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងផ្ទាល់ នៅក្នុងឆ្នាំ២០១១។
បន្ថែមពីការសិក្សានៅប្រទេសស្រីលង្កា ភិក្ខុ ឃី សុវណ្ណរតនា ក៏បានឆ្លៀតពេលសិក្សាបន្ថែមទៀតនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជា។ ជាក់ស្ដែង ព្រះអង្គបានរៀនគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ ដោយទទួលបានសញ្ញាបត្រជាគ្រូ ឯកទេសភាសាអង់គ្លេស និងវិទ្យាសាស្ត្រអប់រំ។
ជាមួយគ្នានេះ ព្រះអង្គក៏បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតមួយទៀតផ្នែកនីតិសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (សាលាច្បាប់) ក្នុងឆ្នាំ២០១១ ហើយបានចូលរៀនវគ្គវិក្រិតការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល។ នៅចុងឆ្នាំ២០១១ ភិក្ខុ ឃី សុវណ្ណរតនា ក៏បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេស ឥណ្ឌា រយៈពេលប្រមាណ៤ឆ្នាំ ដោយទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា នៃសាកលវិទ្យាល័យ ញូដេលី នៅក្នុងឆ្នាំ២០១៦។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រៅភាសាខ្មែរ ភិក្ខុសង្ឃរូបនេះ ចេះ និងអាចប្រើប្រាស់ភាសាបរទេសរហូតដល់ ១០ភាសា មានជាអាទិ៍ អង់គ្លេស បារាំង ឥណ្ឌា ស្រីលង្កា ភូមា ថៃ ឡាវ វៀតណាម ចិន រួមទាំងភាសាបាលី និងសំស្ក្រឹត។
ក្រៅពីការបង្រៀនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអង្គ ឃី សុវណ្ណរតនា ក៏ធ្លាប់ធ្វើជាសមាជិកក្រុមលេខារបស់សម្ដេចព្រះសង្ឃរាជ ទេព វង្ស ហើយឡើងជាលេខាខុទ្ទកាល័យសម្ដេចព្រះសង្ឃរាជ ខណៈក្រោយការបង្កើតគណៈសង្ឃនាយក នៅឆ្នាំ២០០៦ ព្រះអង្គ ត្រូវបានតែងតាំងជាអនុប្រធានទី១ លេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តមង្គលវ័ន។
ដោយឡែកព្រះអង្គ ឃី សុវណ្ណរតនា បានទទួលគោរមងារ ឬសាមណស័ក្តិ តាមលំដាប់ឋានានុក្រមជាបន្តបន្ទាប់ រួមមាន ថ្នាក់ព្រះគ្រូ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជាគណៈថ្នាក់ចត្វា រហូតឡើងដល់ព្រះរាជាគណៈថ្នាក់ទោ មានគោរមងារជាសម្ដេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា រហូតដល់ថ្ងៃលាចាកសិក្ខាបទនេះ។
សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា បានសាងព្រះផ្នួសបួសជាបព្វជិត អស់រយៈពេលប្រមាណ៣៣វស្សា និងបានរួមចំណែកកសាង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក និងវិស័យពុទ្ធិកសិក្សា ព្រមទាំងចូលរួមជួយកិច្ចការសង្គម តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន អស់រយៈពេល២១ឆ្នាំមកហើយ។
មុនលាចាកសិក្ខាបទ សម្ដេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា មានតួនាទីជាអគ្គលេខាធិការរងថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ រាជធានីភ្នំពេញ។
លើសពីនេះ សម្ដេចព្រះមហាអរិយវង្ស ក៏មានតួនាទីនៅអង្គការអន្តរជាតិក្រៅប្រទេសមួយចំនួនដែរ ជាអាទិ៍ ជាសមាជិកគណៈកម្មការនាយកសមាគមសាកលវិទ្យាល័យព្រះពុទ្ធសាសនាថេរវាទ នៅប្រទេសភូមា សមាគមសាកលវិទ្យាល័យព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសថៃ សហព័ន្ធព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសឥណ្ឌា និងជាអគ្គលេខាធិការ រងអង្គការសន្និសីទពុទ្ធសាសនាអាស៊ីប៉ាស៊ីហ្វិក នៅប្រទសម៉ុងហ្គូលី ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ