ព័ត៌មានជាតិ
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត ៥៣គីឡូម៉ែត្រ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពីរង្វង់មូលមហាវិធីឈ្នះ-ឈ្នះ ផ្លូវជាតិលេខ១ និងផ្លូវខ្នែង។
ចំណុចចាប់ផ្តើមគឺពីរង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តកោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន»។
បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែងប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំង សម្រាប់រថយន្ត បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។
ប្រើប្រាស់រយៈពេលសាងសង់ចំនួន៥២ខែ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរកាលពី អំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានីភ្នំពេញ និងខេត្តកណ្តាល បើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា ៖ មួយផ្នែកតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយចំនួនផ្សេងទៀត។
បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរ។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននឹងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុកទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និងការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញ ឱ្យមានភាព សុខដុមរមនា ជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។
ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល